ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ស្នើ​ប្ដូរ​ថ្ងៃ​ប្រជុំ​សភា និង​គណៈរដ្ឋមន្ត្រី មក​ដើមខែ​កញ្ញា​វិញ ដើម្បី​មានឱកាស​ទៅ​ប្រជុំ​UN
08, Aug 2018 , 9:36 am        
រូបភាព
 ភ្នំពេញ​៖ ដូច​ការគ្រោងទុក ប្រមុខ​រដ្ឋាភិបាល បានសម្រេច​ប្ដូរ​ថ្ងៃ​ប្រជុំ​សភា និង​បង្កើត​គណៈរដ្ឋមន្ត្រី​ថ្មី មក​ថ្ងៃទី​៥-៦ កញ្ញា​វិញ តាមរយៈ​ការស្នើសុំ​ទៅ​ព្រះមហាក្សត្រ​។ នេះ​ជា​កាល​បរិច្ឆេទច្បាស់លាស់ ដែល​ប្រមុខ​គណបក្ស​ប្រជាជន បានកំណត់​។​




​ដើម្បី​ឆ្លើយតប​នឹង​បំណង​ទៅ​ចូលរួម​កិច្ចប្រជុំ​លើក​ទី​៧៣ នៅ​អង្គការសហប្រជាជាតិ​នោះ សម្ដេច ហ៊ុន សែន បាន​ស្នើសុំ​ព្រះបាទ​នរោត្តម សីហមុនី ព្រះមហាក្សត្រ កោះប្រជុំ​សមាជិក​គណបក្ស​ឈ្នះឆ្នោត​ក្នុង​រដ្ឋសភា នៅ​ថ្ងៃទី​៥ កញ្ញា​វិញ ។ សមាជិក​ទាំងនោះ នឹងត្រូវ​ស្បថ​ចូលកាន់​តំណែង​សភា នៅ​ល្ងាច​ថ្ងៃ​ដដែល​។ 
 
​បន្ទាប់​មួយថ្ងៃ​នៃ​ប្រជុំ​រដ្ឋសភា​នេះ គណៈរដ្ឋមន្ត្រី​ថ្មី នឹង​បង្កើតឡើង​នៅ​ថ្ងៃទី​៦ កញ្ញា ហើយ​សមាជិក​គណៈរដ្ឋមន្ត្រី នឹង​ស្បថ​ចូល​តំណែង នៅពេល​ល្ងាច​នោះ​។ គណៈរដ្ឋមន្ត្រី​ថ្មី នឹង​បើក​កិច្ចប្រជុំ​ដំបូង នៅ​ថ្ងៃទី​៧ កញ្ញា ។ នេះ​បើតាម​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​
 
​ថ្លែង​ចំពោះមុខ​កម្មករ​រោងចក្រ​ជិត​២​ម៉ឺន​នាក់ ក្នុង​ខេត្តកំពង់ស្ពឺ សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា ការកែប្រែ​ថ្ងៃ​ប្រជុំ​សភា និង​គណៈរដ្ឋមន្ត្រី​នេះ គឺធ្វើឡើ់ង​ស្របច្បាប់​កម្ពុជា​។ ប្រមុខ​រដ្ឋាភិបាល បាន​លើក​ទឡ្ហីករណ៍​ទី​១​ថា ការកែប្រែ​នេះ គឺ​ស្របតាម​មាត្រា​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​កំណត់ពេល​យ៉ាងយូរ​៦០​ថ្ងៃ សម្រាប់​ការបើក​កិច្ចប្រជុំសភា និង​ការរៀបចំ​គណៈរដ្ឋមន្ត្រី​។ ហេតុផល​ទី​២ ការរៀបចំ​នៅ​ដើមខែ​នេះ ក៏​វា​ស្ថិតនៅ​ក្រោយ​ការប្រកាស​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) រួមទាំង​ការទទួលបាន​ព្រះ​រាជានុញ្ញាត​ពី​ព្រះមហាក្សត្រ​ផងដែរ​។​
 
​ការកែប្រែ​កាលបរិច្ឆេទ​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រមុខ​គណបក្ស​ប្រជាជន ដែល​ត្រៀមខ្លួន​ដឹកនាំ​រដ្ឋាភិបាល​ថ្មី មានបំណង​ទៅ​បកស្រាយ​ពី​បញ្ហានយោបាយ​កម្ពុជា នៅ​ចំពោះមុខ​បណ្ដា​ប្រទេស​នានា នៅក្នុង​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​២៥ កញ្ញា​ខាងមុខ​។​

Tag:
 ហ៊ុន សែន​
  UN
  សភា​
 ​គណៈរដ្ឋមន្ត្រី​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com