ជាតិ
សម្ដេច ហ៊ុន សែន ៖ សមត្ថកិច្ចអាចរកឃើញទីតាំងអ្នកជេរលើហ្វេសប៊ុក ត្រឹមតែ៨នាទីប៉ុណ្ណោះ
× ភ្នំពេញ៖ អ្នកប្រើប្រាស់ពាក្យអសុរោះ និងជេរប្រមាថសម្ដេច លើបណ្ដាញសង្គមហ្វេសប៊ុក គេចមិនផុតពីការតាមដានឡើយ បើសិនជាសម្ដេច ចង់ចាប់ទោសពៃរ៍។ សមត្ថកិច្ចអាចរកទីតាំងអ្នកប្រើប្រាស់ហ្វេសប៊ុកនេះ ត្រឹមតែ៨នាទីប៉ុណ្ណោះ។
ជាការក្រើនរំឭកជាថ្មី ដល់អ្នកប្រើប្រាស់ពាក្យសម្តីមិនសមរម្យលើរដ្ឋាភិបាល តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនេះ សម្ដេច ហ៊ុន សែន បានបង្ហើបថា រដ្ឋាភិបាលអាចក្តាប់បាន រាល់ទិន្នន័យអ្នកប្រើប្រាស់បណ្ដាញសង្គមគ្រប់ទីកន្លែង ទោះស្ថិតនៅក្នុងកាលៈទេសៈបែបណាក៏ដោយ។ វាគ្មានអ្វីពិបាកសម្រាប់រដ្ឋាភិបាល ក្នុងការកំណត់មុខសញ្ញា ឬទីតាំងរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមនេះទេ ។
ប្រមុខរដ្ឋាភិបាល បានបង្ហើបពីការងារគ្រប់គ្រងសន្តិសុខសង្គម នៅចំពោះមុខកម្មករោងចក្រជិត២ម៉ឺននាក់ ក្នុងខេត្តកំពង់ស្ពឺ ដូច្នេះថា៖«គេកំពុងច្រៀងសប្បាយ មានអ្នកចូល Comment (អត្ថាធិប្បាយ) ពីរឿងសប្បាយរបស់គេទៅ ប៉ុន្តែវាមានអ្នកចូល Comment មួយ មកជេរគេទៅ។ ហើយអាហ្នឹង បើគេតាមរករឿងងាយទេ ត្រូវដឹងបច្ចេកវិទ្យាបច្ចុប្បន្ន មិនឲ្យលើសពី៨នាទីទេ រកឃើញទីតាំងឈរជើងរបស់អ្នក Comment ចូលហើយ ទោះបីអ្នកឯងដាក់ឈ្មោះ(គណនីហ្វេសប៊ុក)អ្វីក៏ដោយចុះ ដាក់ឈ្មោះអាចក់ អាចែមក៏ដោយចុះ ប៉ុន្តែយូរបំផុត៨នាទី រកឃើញទីតាំងឈរជើងហើយ ត្រូវចាំបច្ចេកវិទ្យាបច្ចុប្បន្ន ។សូម្បីតែអ្នកលេងតាម WhatsApp, Telegram, Line ក៏គេចាប់យកបានទាំងអស់ដែរ មិនមែនត្រឹមតែ SMS នោះទេ»។
ក្រៅពីកំណត់ទីតាំងនៅកម្ពុជាបានហើយ បច្ចេកវិទ្យារបស់រដ្ឋាភិបាល ក៏អាចកំណត់ទីតាំងអ្នកប្រើប្រាស់បណ្ដាញសង្គម ដោយប្រើប្រាស់ពាក្យអសុរោះ នៅក្រៅប្រទេសបានដែរ។ នេះជាការបន្ថែមរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានអះអាងថា ប្រព័ន្ធគ្រប់គ្រងរដ្ឋាភិបាលសព្វថ្ងៃ មានបច្ចេកវិទ្យាទំនើប និងរឹងមាំក្នុងទប់ស្កាត់ស្ថានការណ៍អសន្តិសុខនានា។
គួរបញ្ជាក់ថា កន្លងមកសមត្ថកិច្ចធ្លាប់ឃាត់ខ្លួនអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន ដែលប្រើប្រាស់ពាក្យជេរប្រមាថ និងសកម្មភាពមិនសមរម្យ លើរដ្ឋាភិបាល ហើយបង្ហោះជាសាធារណៈ លើបណ្ដាញសង្គមដ៏ពេញនិយមមួយនេះផងដែរ៕
Tag:
ហ៊ុន សែន
បណ្ដាញសង្គម
© រក្សាសិទ្ធិដោយ thmeythmey.com