កីឡាជាតិ
ជាតិ
Hun Sen Cup ៖ ស្វាយរៀង, ណាហ្គា, ភ្នំពេញក្រោន,ប៉ូលិស មានប្រៀបក្នុងជំនួបថ្ងៃនេះ ជំនួបក្រុមព្រះខ័នរាជស្វាយរៀងយកឈ្នះក្រសួងការពារជាតិ ២-១ ក្នុងជើងទី១នៅកីឡដ្ឋានស្តាតចាស់
× ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៨ បានឈានដល់ការប្រកួតបញ្ចប់ជើងទី២វគ្គ៨ក្រុមចុងក្រោយ(១/៤) នៅថ្ងៃពុធ ទី៨ ខែសីហា ឆ្នាំ២០១៨នេះ ដោយមានការប្រកួតចំនួន៤គូ ដែលរៀបចំនៅកីឡដ្ឋានផ្សេងៗគ្នា។ ក្រុមភ្នំពេញក្រោន ណាហ្គាវើល ព្រះខ័នរាជស្វាយរៀង និងអគ្គស្នងការនគរបាលជាតិ(ប៉ូលិស)មានភាគរយខ្ពស់ក្នុងការឈានទៅវគ្គបន្ត បន្ទាប់ពីពួកគេមានទុនក្នុងដៃ ក្រោយពីឈ្នះក្នុងជើងទី១រៀងៗខ្លួន។
ភ្នំពេញក្រោន ជួបអង្គរថាយហ្គឺរម៉ោង៦:៣០នាទីល្ងាចនៅកីឡដ្ឋាន RSN
សម្រាប់ជំនួបល្ងាចនេះ វាមិនសូវមានសម្ពាធប៉ុន្មាននោះទេសម្រាប់ម្ចាស់ផ្ទះភ្នំពេញក្រោន គឺដោយសារពួកគេត្រូវការត្រឹមតែស្មើប៉ុណ្ណោះក្នុងការឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេច ហ៊ុន សែន ខណៈឱកាសឡើងទៅវគ្គបន្តសម្រាប់ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបអង្គរថាយហ្គឺរ ស្តួចស្តើងបំផុត។ អង្គរថាយហ្គឺរត្រូវការឈ្នះភ្នំពេញក្រោនលើសពី៣គ្រាប់ ក្រោយពួកគេចាញ់ភ្នំពេញក្រោន ៣-០ ក្នុងជើងទី១។ ប៉ុន្តែវាមិនមែនជារឿងងាយស្រួលក្នុងការយកឈ្នះសម្រាប់អង្គរថាយហ្គឺរនោះទេ ដោយសារការប្រកួតលើកនេះធ្វើឡើងនៅលើទឹកដីភ្នំពេញក្រោន។ ម្យ៉ាងភ្នំពេញក្រោនជាក្រុមខ្លាំង សម្បូរដោយយុវជនមានទេពកោសល្យខ្ពស់។
បឹងកេត ប៉ះណាហ្គាវើលម៉ោង៦:៣០នាទីល្ងាចនៅពហុកីឡដ្ឋានជាតិ
វាជាជំនួបដ៏តានតានតឹង និងជក់ចិត្តបំផុតសម្រាប់ទស្សនិកជន ព្រោះបឹងកេតត្រូវការឈ្នះណាហ្គាវើលលើសពី២គ្រាប់ដាច់ខាត នាជំនួបជើងទី២នេះ បន្ទាប់ពីពួកគេបរាជ័យក្រោយថ្វីជើងណាហ្គាវើល ២-០ ក្នុងជំនួបជើងទី១។ ចំណែកណាហ្គាវើលត្រូវការត្រឹមទប់មិនឲ្យមានការស៊ុតបញ្ចូលទី ពីបឹងកេតតែប៉ុណ្ណោះ សម្រាប់គោលដៅឈានទៅវគ្គបន្ត។ ទោះបីណាហ្គាវើលមានទុនក្នុងដៃ ដែលបានមកពីជើងទី១ក៏ដោយ តែមិនអាចមើលស្រាល និងធ្វេសប្រហែលបានឡើយនៅថ្ងៃនេះ ព្រោះបឹងកេតមានខ្សែប្រយុទ្ធដ៏មុតស្រួច គឺកីឡាករ ចាន់ វឌ្ឍនាកា ។ វឌ្ឍនាកា អវត្តមានក្នុងជំនួបក្រុមទាំងពីរ កាលពីជើងទី១ ។ ណាហ្គាវើលជាក្រុមជើងឯករងពានរង្វាន់សម្ដេច ហ៊ុន សែន ឆ្នាំ២០១៧ និងជាម្ចាស់ជើងឯកឆ្នាំ២០១៣។ ចំណែកបឹងកេតជាក្រុមបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៤នៅឆ្នាំ២០១៧។ ហើយក្រុមនេះមិនធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រនោះឡើយតាំងពីបង្កើតពានរង្វាន់នេះនៅឆ្នាំ២០០៧។
ព្រះខ័នរាជស្វាយរៀង ជួបក្រសួងការពារជាតិម៉ោង៦:៣០នាទីល្ងាចនៅកីឡដ្ឋានខេត្តស្វាយរៀង
ក្រោយយកឈ្នះ ២-១ ក្នុងជើងទី១ ព្រះខ័នរាជស្វាយរៀងត្រូវការត្រឹមស្មើប៉ុណ្ណោះ ដើម្បីឡើងទៅវគ្គបន្ត ខណៈក្រសួងការពារជាតិត្រូវការឈ្នះលើសពី១គ្រាប់។ ព្រះខ័នរាជស្វាយរៀង ធ្លាប់គ្រងជើងឯកពានរង្វាន់នេះចំនួន៣លើក គឺនៅឆ្នាំ២០១១, ២០១២ និង២០១៧។ ចំណែកក្រសួងការពារជាតិធ្លាប់ឈ្នះជើងឯកពីរលើក គឺនៅឆ្នាំ២០១០ និង ២០១៦។ នាជំនួបវគ្គផ្តាច់ព្រ័ត្រនៅឆ្នាំ២០១៦ ក្រសួងការពារជាតិបានយកឈ្នះព្រះខ័នរាជស្វាយរៀងក្នុងលទ្ធផល ៦-៥ ដោយបាល់កាត់សេចក្តី បន្ទាប់ពីពួកគេបញ្ចប់ក្នុងលទ្ធផលស្មើ ១-១។
យុវជនសាលាបាល់ទាត់ជាតិបាទីប៉ះអគ្គស្នងការនគរបាលជាតិម៉ោង៣:៣០នាទីរសៀល នៅកីឡដ្ឋានសាលាបាល់ទាត់ជាតិបាទី
ដើម្បីអាចបន្តឱកាសនៅវគ្គបន្តក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ ត្រូវយកឈ្នះក្រុមអគ្គស្នងការនគរបាលជាតិ លើសពី៣គ្រាប់នៅជើងទី២នេះ។ នោះក៏ព្រោះតែក្រុមអគ្គស្នងការនគរបាលជាតិ បានយកឈ្នះក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ៣-០ ក្នុងជើងទី១។ ទោះបីអគ្គស្នងការនគរបាលជាតិត្រូវការត្រឹមស្មើ ដើម្បីឈានទៅវគ្គបន្តក្តី តែមិនអាចមើលស្រាល និងធ្វេសប្រហែសឡើយ ព្រោះជំនួបជើងទី២នេះ ធ្វើនៅលើទឹកដីរបស់យុវជនបាទី។ ក្រុមអគ្គស្នងការនគរបាលជាតិធ្លាប់ឈ្នះជើងឯកម្តងនៅឆ្នាំ២០១៤៕
Tag:
បាល់ទាត់
Hun Sen Cup 2018
© រក្សាសិទ្ធិដោយ thmeythmey.com