កីឡាអន្តរជាតិ
អន្តរជាតិ
Pogba ប្រាប់មិត្តរួមក្រុមថាចង់ទៅលេងនៅ Barca តែ Mourinho មិនអនុញ្ញាត
× Paul Pogba បានប្រាប់មិត្តរួមក្រុម Manchester United ថារូបគេចង់ចាកចេញពីទឹកដី Old Trafford ដើម្បីទៅចូលរួមជាមួយក្រុម FC Barcelona។ តែយ៉ាងណាលោក Jose Mourinho បានប្រាប់មិនឲ្យខ្សែបម្រើជម្រើសជាតិបារាំងរូបនេះចាកចេញទៅណាឡើយ។
បើតាមការផ្សាយរបស់ DailyMail ខ្សែបម្រើដែលបានជួយក្រុមជម្រើសជាតិបារាំងលើកពាន World Cup លើទឹកដីរុស្ស៊ីកន្លងទៅនេះបានបង្ហើបប្រាប់កីឡាករនិងបុគ្គលិកទាំងអស់នៅរយៈពេល៤៨ម៉ោងចុងក្រោយនេះ ពីបំណងចង់ចាកចេញបន្ទាប់រួមរស់ជាមួយក្រុមរហស្សនាមបិសាចក្រហម២រដូវកាលក្រោយផ្ទេរពី Juventus ក្នុងតម្លៃ ១១៥លានដុល្លារអាមេរិក។
ប្រភពដដែលឲ្យដឹងទៀតថា ខ្សែបម្រើវ័យ២៥ឆ្នាំរូបនេះ ក៏ត្រូវបានគេយល់ថាបានផ្ញើសារ ជូនដំណឹងទៅអនុប្រធានប្រតិបត្តិក្លិប Man Utd ដើម្បីប្រាប់ទៅលោក Ed Woodward អំពីបំណងចង់ទៅចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ បើទោះជាប្រធានក្លិបរូបនេះបានបដិសេធរួចទៅហើយក្តី។
ជុំវិញការចង់ចាកចេញរបស់អតីតខ្សែបម្រើឆ្មើមក្រុមសេះបង្កង់ Juvenuts និងការចង់បានពីសំណាក់ក្រុម Barca នោះ សារព័ត៌មាន Metro បានចុះផ្សាយដែរថា លោក Jose Mourinho បានប្រាប់ Pogba រួចទៅហើយ ថាលោកនឹងមិនអនុញ្ញាតឲ្យរូបគេចាកចេញពីទឹកដី Old Trafford នោះទេ។
អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់រូបនេះក៏បានផ្តល់យោបល់ថា Pogba លេងបានល្អជាងមុនក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកនៅរុស្ស៊ី ដោយសារមិនមានការរំខានពីអ្នកគាំទ្រក្រុមជម្រើសជាតិ។ Mourinho សង្ឃឹមថា រូបគេនឹងយល់ហើយបន្តបង្ហាញភាពខ្លាំងបន្ថែមទៀតសម្រាប់ Man United នៅរដូវកាលថ្មី។
ជាមួយគ្នានេះក្លិបម្ចាស់ជើងឯកលីគកំពូលអង់គ្លេស២០សម័យ កំពុងពិភាក្សាដោយគ្រោងផ្ដល់ប្រាក់ឈ្នួលបន្ថែមលើថ្លៃពលកម្មបច្ចុប្បន្នប្រមាណ ៥០០០០០ដុល្លារអាមេរិកក្នុង១សប្តាហ៍ដើម្បីជាការលើកទឹកចិត្តដល់ Pogba នៅរដូវកាលថ្មីនេះ៕
Tag:
បាល់ទាត់
Manchester United
Paul Pogba
Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com