សិង្ហបុរី៖ រដ្ឋមន្ត្រីសិង្ហបុរីបានអះអាងថា សិង្ហបុរីគ្មានធនធានដែលមានសក្តានុពលដើម្បទាក់ទាញវិនិយោគ និងអភិវឌ្ឍឡើយ ប៉ុន្តែកត្តាដែលជំរុញឲ្យសិង្ហបុរីលូតលាស់លឿនមានដូច ស្ថិរភាពនយោបាយដោយមានបក្សដដែលដឹកនាំរដ្ឋាភិបាលច្រើនទសវត្សរ៍ ការបង្កើតបរិស្ថានជំនួញល្អ និងមានប្រជាជនដែលប្រឹងធ្វើការខ្លាំង។
ក្នុងជំនួបជាមួយអ្នកសារព័ត៌មាន១៣រូបថ្ងៃ ៧ ខែសីហា រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរីលោក Chan Chun Sing លើកឡើងថា សិង្ហបុរីតូចជាងគេ ហើយក៏គ្មានធនធានធម្មជាតិជាដុំកំភួនដូចប្រទេសដទៃក្នុងតំបន់អាស៊ានដែរ។ ដូច្នេះ វាជារឿងលំបាកខ្លាំងសម្រាប់បុរីរដ្ឋមួយនេះក្នុងការទាញវិនិយោគបរទេសនិងអភិវឌ្ឍសេដ្ឋកិច្ច បើប្រៀបធៀបនឹងរដ្ឋដទៃនោះ។
ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋមន្ត្រីវ័យ ៤៨ ឆ្នាំរូបនេះបានពន្យល់ថា សិង្ហបុរីបានព្យាយាមបង្កើត ឧត្តមភាពប្រៀបធៀបសិប្បនិម្មិត( man-made comparative advantage) ដើម្បីធានាការអភិវឌ្ឍនិងវិនិយោគ។ មិនត្រឹមតែប៉ុណ្ណោះ សិង្ហបុរីត្រូវធានា បរិយាកាសល្អប្រសើរសម្រាប់ជំនួញ ហើយលោកកត់សម្គាល់ថា រដ្ឋាភិបាលដឹកនាំដោយបក្សតែមួយរាប់ចាប់ពីជំនាន់លោក លី ក្វាន់យូ គ្រប់គ្រងរដ្ឋរាប់ទសវត្សរ៍មកនេះក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការធានាបរិយាកាសវិនិយោគដែលមានស្ថិរភាពដូចគ្នា។
លោក Chan ថ្លែងដូច្នេះថា៖«សម្រាប់សិង្ហបុរី វាជារឿងលំបាកជាងគេក្នុងការទាក់ទាញវិនិយោគបរទេស បើយើងធៀបនឹងរដ្ឋអាស៊ានផ្សេងទៀត។ ដូច្នេះ យើងត្រូវបង្កើតឧត្តមភាពប្រៀបធៀបដែលក្នុងនោះមានទាំងបរិយាកាសនយោបាយដែលស្ថិតស្ថិរ, បរិយាកាសសង្គមដែលគាំទ្រដល់វិស័យធុរកិច្ច និងការគ្រប់គ្រងទំនាក់ទំនងកម្លាំងពលកម្មប្រកបដោយភាពវិជ្ជមាន។ នេះជារឿងដែលយើងបង្កើតឡើងទាំងអស់»។
«ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនដែលធ្វើឲ្យសិង្ហបុរីអភិវឌ្ឍសេដ្ឋកិច្ចបានស្រួលគឺ យើងមានទំនាក់ទំនងឧស្សាហកម្មវិជ្ជមានដែលវាផ្តោតសំខាន់លើការសហការជិតស្និទ្ធគ្នារវាងរដ្ឋាភិបាល, កម្លាំងពលកម្ម និងក្រុមហ៊ុនផងដើម្បីប្រយោជន៍ជាតិ។ វាធ្វើឲ្យយើងអាចអនុវត្តផែនការសេដ្ឋកិច្ចរបស់យើងបានដោយគ្មានរអាក់រអួល។ រឿងមិនអាចប្រកែកបាននោះគឺ យើងមានរដ្ឋាភិបាលដឹកនាំដោយបក្សតែមួយអស់ជាង ៥០ ឆ្នាំមកហើយ ហើយវាបានបង្កើតបរិយាកាសវិជ្ជមានសម្រាប់សកម្មភាពជំនួញ» ។ លោក Chan អះអាងបន្តបែបនេះ។
សិង្ហបុរីបានប្រកាសឯករាជ្យពីម៉ាឡេស៊ីក្នុងឆ្នាំ ១៩៦៥ ប៉ុន្តែប្រទេសនេះស្ថិតក្រោមការដឹកនាំរបស់បក្សសកម្មភាពប្រជាជន (PAP) របស់លោក លី ក្វាន់យូ តាំងពីឆ្នាំ ១៩៥៩ ពេលកោះមួយនេះទទួលបានស្វ័យភាពពីម្ចាស់អាណានិគមអង់គ្លេសនោះ។ ចាប់ពីពេលនោះមក គណបក្សសកម្មភាពប្រជាជននេះបានបន្តឈ្នះឆ្នោត និងដឹកនាំរដ្ឋាភិបាលសិង្ហបុរីរហូតដល់មកដល់បច្ចុប្បន្ន។
យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីជំនាន់ទីបួនរបស់សិង្ហបុរីនិងជាសមាជិកបក្សសកម្មភាពប្រជាជនរូបនេះបានទទួលស្គាល់ថា រឿងរដ្ឋាភិបាលដដែលគ្រប់គ្រងប្រទេសអំណោយផលដល់សេដ្ឋកិច្ចនេះជាករណីជោគជ័យមួយសម្រាប់សិង្ហបុរី ហើយវាក៏មិនមានន័យថា ការប្តូររដ្ឋាភិបាលបង្កើតបញ្ហាដែរ។ លោកបន្ថែមដូច្នេះ៖« ប្រទេសខ្លះមានការផ្លាស់ប្តូររដ្ឋាភិបាល ប៉ុន្តែច្បាប់ឬបទបញ្ញត្តិដែលបង្កើតឡើងនៅតែស្វាគមន៍ និងគាំទ្រវិនិយោគិន។ ដូច្នេះ វាមិនប្រាកដថា អ្វីដែលសិង្ហបុរីសម្រេចបាន អាចយកទៅដាក់អនុវត្តជោគជ័យនៅកន្លែងផ្សេងទៀតឡើយ»។
បន្ថែមពីលើបរិយាកាសល្អប្រសើរសម្រាប់ជំនួញ, ស្ថិរភាពនយោបាយ និងមានគោលនយោបាយគាំទ្រការវិនិយោគ និងពាណិជ្ជកម្ម សិង្ហបុរីមានចំណុចពិសេសផ្សេងទៀតដែរ។ បើតាមការពន្យល់បន្ថែមរបស់រដ្ឋមន្ត្រីសិង្ហបុរីខាងលើ ភាពស្អាតស្អំ តម្លាភាព គ្មានអំពើពុករលួយ គោរពច្បាប់ មានប្រព័ន្ធច្បាប់ល្អប្រសើរ និងយុត្តិធម៌ រួមជាមួយប្រជាជនដែលឧស្សាហ៍ព្យាយាមធ្វើការងារមិនខ្លាចនឿយហត់ ធ្វើឲ្យសិង្ហបុរីអាចសម្រេចជោគជ័យដូចសព្វថ្ងៃ។
គួរបញ្ជាក់ថា មានផ្ទៃដីជាង៧០០ គីឡូម៉ែត្រការ៉េ សិង្ហបុរីបានផ្លាស់ប្តូរខ្លួនពីកោះដែលគ្មានធនធានទៅជារដ្ឋមួយក្នុងចំណោមរដ្ឋដែលមានចំណូលក្នុងស្រុកសរុបខ្ពស់ជាងគេលើពិភពលោកផង។ បើតាមធនាគារពិភពលោក ផលិតផលក្នុងស្រុកសរុបរបស់បុរីរដ្ឋនេះមានទំហំ ២៩៧ ពាន់លានដុល្លារឯណោះនៅត្រឹមឆ្នាំ ២០១៦៕