អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
​រដ្ឋមន្ត្រី​សិង្ហ​បុរី​៖រដ្ឋាភិបាលដឹកនាំដោយបក្សតែមួយ​គ្រប់គ្រង​ប្រទេស​ជាង ៥០​ឆ្នាំ ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​សិង្ហ​បុរី​អភិវឌ្ឍ​លឿន​
08, Aug 2018 , 4:28 pm        
រូបភាព
រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរីពេលជួបជាមួយអ្នកសារព័ត៌មានអាស៊ានថ្ងៃអង្គារទី ៧ ខែសីហា
រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរីពេលជួបជាមួយអ្នកសារព័ត៌មានអាស៊ានថ្ងៃអង្គារទី ៧ ខែសីហា
​សិង្ហ​បុរី​៖ រដ្ឋមន្ត្រីសិង្ហ​បុរីបានអះអាងថា សិង្ហបុរីគ្មានធនធានដែលមានសក្តានុពលដើម្បទាក់ទាញវិនិយោគ និងអភិវឌ្ឍឡើយ ប៉ុន្តែកត្តាដែលជំរុញឲ្យសិង្ហបុរីលូតលាស់លឿនមាន​ដូច ស្ថិរភាព​នយោបាយ​ដោយមានបក្សដដែលដឹកនាំរដ្ឋាភិបាលច្រើន​ទសវត្សរ៍ ការបង្កើត​បរិស្ថាន​ជំនួញ​ល្អ និង​មាន​ប្រជាជន​ដែល​ប្រឹង​ធ្វើការ​ខ្លាំង​។​ 


ក្នុងជំនួបជាមួយអ្នកសារព័ត៌មាន១៣រូបថ្ងៃ ៧ ខែសីហា ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហ​បុរី​លោក Chan Chun Sing លើកឡើងថា  សិង្ហ​បុរី​តូច​ជាងគេ ហើយក៏​គ្មាន​ធនធានធម្មជាតិ​ជា​ដុំកំភួន​ដូច​ប្រទេស​ដទៃ​ក្នុង​តំបន់​អាស៊ាន​ដែរ​។ ដូច្នេះ វា​ជា​រឿង​លំបាក​ខ្លាំង​សម្រាប់​បុរី​រដ្ឋ​មួយ​នេះ​ក្នុងការ​ទាញ​វិនិយោគ​បរទេស​និង​អភិវឌ្ឍ​សេដ្ឋកិច្ច បើ​ប្រៀបធៀប​នឹង​រដ្ឋ​ដទៃ​នោះ​។ 

​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋមន្ត្រី​វ័យ ៤៨ ឆ្នាំ​រូបនេះ​បាន​ពន្យល់ថា សិង្ហ​បុរី​បាន​ព្យាយាម​បង្កើត ឧត្តមភាព​ប្រៀបធៀប​សិប្បនិម្មិត​( man-made comparative advantage) ដើម្បី​ធានា​ការអភិវឌ្ឍ​និង​វិនិយោគ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សិង្ហ​បុរី​ត្រូវ​ធានា បរិយាកាស​ល្អប្រសើរ​សម្រាប់​ជំនួញ ហើយ​លោក​កត់សម្គាល់ថា រដ្ឋាភិបាលដឹកនាំ​ដោយបក្ស​តែមួយ​រាប់​ចាប់ពី​ជំនាន់​លោក លី ក្វាន់​យូ គ្រប់គ្រង​រដ្ឋ​រាប់​ទសវត្សរ៍​មកនេះ​ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការធានា​បរិយាកាស​វិនិយោគ​ដែលមាន​ស្ថិរភាព​ដូចគ្នា​។​

​លោក Chan ថ្លែង​ដូច្នេះ​ថា​៖«​សម្រាប់​សិង្ហ​បុរី វា​ជា​រឿង​លំបាក​ជាងគេ​ក្នុងការ​ទាក់ទាញ​វិនិយោគ​បរទេស បើ​យើង​ធៀប​នឹង​រដ្ឋ​អាស៊ាន​ផ្សេងទៀត​។ ដូច្នេះ យើង​ត្រូវបង្កើត​ឧត្តមភាព​ប្រៀបធៀប​ដែល​ក្នុងនោះ​មាន​ទាំង​បរិយាកាស​នយោបាយ​ដែល​ស្ថិត​ស្ថិរ​, បរិយាកាស​សង្គម​ដែល​គាំទ្រ​ដល់​វិស័យ​ធុរកិច្ច  និង​ការគ្រប់គ្រង​ទំនាក់ទំនង​កម្លាំង​ពលកម្ម​ប្រកបដោយ​ភាព​វិជ្ជមាន​។ នេះ​ជា​រឿង​ដែល​យើង​បង្កើតឡើង​ទាំងអស់​»​។ 
 
«​ហេតុផល​មួយ​ក្នុងចំណោម​ហេតុផល​ជាច្រើន​ដែល​ធ្វើ​ឲ្យ​សិង្ហ​បុរី​អភិវឌ្ឍ​សេដ្ឋកិច្ច​បាន​ស្រួល​គឺ យើង​មាន​ទំនាក់ទំនង​ឧស្សាហកម្ម​វិជ្ជមាន​ដែល​វា​ផ្តោត​សំខាន់​លើ​ការសហការ​ជិតស្និទ្ធ​គ្នា​រវាង​រដ្ឋាភិបាល​, កម្លាំង​ពលកម្ម និង​ក្រុមហ៊ុន​ផង​ដើម្បី​ប្រយោជន៍​ជាតិ​។ វា​ធ្វើ​ឲ្យ​យើង​អាចអនុវត្ត​ផែនការ​សេដ្ឋកិច្ច​របស់​យើង​បាន​ដោយ​គ្មាន​រអាក់រអួល​។ រឿង​មិនអាច​ប្រកែក​បាន​នោះ​គឺ យើង​មាន​រដ្ឋាភិបាល​ដឹកនាំដោយបក្សតែមួយអស់​ជាង ៥០ ឆ្នាំ​មកហើយ ហើយ​វា​បាន​បង្កើត​បរិយាកាស​វិជ្ជមាន​សម្រាប់​សកម្មភាព​ជំនួញ​» ។ លោក Chan អះអាង​បន្ត​បែបនេះ​។ 

សិង្ហបុរីបានប្រកាសឯករាជ្យ​ពីម៉ាឡេស៊ីក្នុងឆ្នាំ ១៩៦៥ ប៉ុន្តែប្រទេសនេះស្ថិតក្រោមការដឹកនាំរបស់បក្សសកម្មភាពប្រជាជន (PAP) របស់លោក លី ក្វាន់យូ តាំងពីឆ្នាំ ១៩៥៩ ពេល​កោះមួយនេះ​ទទួលបានស្វ័យ​ភាពពីម្ចាស់អាណា​និគមអង់គ្លេសនោះ។ ចាប់ពីពេលនោះមក គណបក្សសកម្មភាពប្រជាជននេះបានបន្តឈ្នះឆ្នោត និងដឹកនាំរដ្ឋាភិបាលសិង្ហបុរីរហូតដល់មកដល់បច្ចុប្បន្ន។ 
 
​យ៉ាងណាក៏ដោយ រដ្ឋមន្ត្រី​ជំនា​ន់ទី​បួន​របស់​សិង្ហ​បុរី​និងជាសមាជិកបក្សសកម្មភាពប្រជាជនរូបនេះ​បាន​ទទួលស្គាល់ថា រឿង​រដ្ឋាភិបាល​ដដែល​គ្រប់គ្រង​ប្រទេស​អំណោយផល​ដល់​សេដ្ឋកិច្ច​នេះ​ជា​ករណី​ជោគជ័យ​មួយ​សម្រាប់​សិង្ហ​បុរី ហើយ​វា​ក៏​មិន​មានន័យថា ការប្តូរ​រដ្ឋាភិបាល​ប​ង្កើ​ត​បញ្ហា​ដែរ​។ លោក​បន្ថែមដូច្នេះ​៖« ប្រទេស​ខ្លះ​មានការ​ផ្លាស់ប្តូររដ្ឋាភិបាល ប៉ុន្តែ​ច្បាប់​ឬ​បទបញ្ញត្តិ​ដែលបង្កើតឡើងនៅតែ​ស្វាគមន៍ និង​គាំទ្រ​វិនិយោគិន​។ ដូច្នេះ វា​មិន​ប្រាកដថា អ្វីដែល​សិង្ហ​បុរី​សម្រេចបាន អាច​យកទៅដាក់​អនុវត្ត​ជោគជ័យ​នៅ​កន្លែង​ផ្សេង​ទៀតឡើយ​»​។ 
 
​បន្ថែម​ពីលើ​បរិយាកាស​ល្អប្រសើរ​សម្រាប់​ជំនួញ​, ស្ថិរភាព​នយោបាយ និង​មាន​គោលនយោបាយ​គាំទ្រ​ការវិនិយោគ និង​ពាណិជ្ជកម្ម សិង្ហ​បុរី​មាន​ចំណុច​ពិសេស​ផ្សេងទៀត​ដែរ​។ បើតាម​ការពន្យល់​បន្ថែ​ម​របស់​រដ្ឋមន្ត្រី​សិង្ហ​បុរី​ខាងលើ ភាព​ស្អាតស្អំ តម្លាភាព គ្មាន​អំពើពុករលួយ គោរព​ច្បាប់ មាន​ប្រព័ន្ធ​ច្បាប់​ល្អប្រសើរ និង​យុត្តិធម៌ រួមជាមួយ​ប្រជាជន​ដែល​ឧស្សាហ៍​ព្យាយាម​ធ្វើការ​ងារ​មិន​ខ្លាច​នឿយហត់ ធ្វើ​ឲ្យ​សិង្ហ​បុរី​អាច​សម្រេច​ជោគជ័យ​ដូច​សព្វថ្ងៃ​។​
 
​គួរ​បញ្ជាក់ថា មានផ្ទៃដីជាង​៧០០ គីឡូម៉ែត្រការ៉េ សិង្ហបុរីបាន​ផ្លាស់ប្តូរ​ខ្លួន​ពី​កោះ​ដែល​គ្មាន​ធនធាន​ទៅជា​រដ្ឋ​មួយ​ក្នុងចំណោម​រដ្ឋ​ដែលមាន​ចំណូល​ក្នុងស្រុក​សរុប​ខ្ពស់​ជាងគេ​លើ​ពិភពលោកផង​។ បើតាម​ធនាគារពិភពលោក ផលិតផល​ក្នុងស្រុក​សរុប​រប​ស់បុ​រី​រដ្ឋ​នេះ​មាន​ទំហំ ២៩៧ ពាន់​លាន​ដុល្លារឯណោះ​នៅត្រឹម​ឆ្នាំ ២០១៦៕
 

© រក្សាសិទ្ធិដោយ thmeythmey.com