ជាតិ
បោះឆ្នោត
សម្តេច ហ៊ុន សែន៖ កម្ពុជាជាប់លេខ២ ដែលមានអត្រាអ្នកបោះឆ្នោតខ្ពស់ជាងគេ លើពិភពលោក ប្រជាពលរដ្ឋទៅបោះឆ្នោត កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨
× កម្ពុជា មានភាគរយនៃអ្នកទៅបោះឆ្នោតខ្ពស់ជាងគេ លើពិភពលោក បន្ទាប់ពីប្រទេសប៊ែលហ្ស៊ិក។ នេះជាការអះអាងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨។
សម្តេច ហ៊ុន សែន លើកឡើងថា ប្រទេសប៊ែលហ្ស៊ិក មានប្រជាពលរដ្ឋជាង៨៣ភាគរយ ចេញទៅបោះឆ្នោត ខណៈកម្ពុជា មានប្រជាពលរដ្ឋជាង ៨២ភាគរយ ចេញទៅបោះឆ្នោត។ មេដឹកនាំកម្ពុជា លើកឡើងបែបនេះ ដោយប្រៀបធៀបជាមួយនឹងតួលេខនៃអ្នកទៅបោះឆ្នោត នៅតាមបណ្តាប្រទេសនានា ដែលចេញផ្សាយដោយអង្គការមួយឈ្មោះ Pew Research Center នៅសហរដ្ឋអាមេរិក។
យ៉ាងណាក៏ដោយ តួលេខនៃអ្នកទៅបោះឆ្នោតនៅកម្ពុជា ពុំបានស្ថិតក្នុងរបាយការណ៍របស់អង្គការ Pew Research Center នោះទេ ពីព្រោះថា ប្រទេសកម្ពុជា ទើបនឹងរៀបចំការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ឯរបាយការណ៍របស់អង្គការ Pew Research Center បានធ្វើឡើង និងផ្សព្វផ្សាយតាំងពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ មកម្ល៉េះ។ មានប្រទេស៣៥ ដែលអង្គការនេះ យកទៅប្រៀបធៀប អំពីតួលេខនៃអ្នកចេញទៅបោះឆ្នោត។
របាយការណ៍របស់អង្គការ Pew Research Center បង្ហាញថា ប្រទេសប៊ែលហ្ស៊ិក មានអ្នកចេញទៅបោះឆ្នោត ៨៧,២១ ភាគរយ កាលពីឆ្នាំ២០១៤ (ចំណាត់ថ្នាក់លេខ១), ប្រទេសស៊ុយអ៊ែត មាន ៨២,៦១ ភាគរយ កាលពីឆ្នាំ២០១៤ (ចំណាត់ថ្នាក់លេខា២), ប្រទេសដាណឺម៉ាក មាន ៨០,៣៤ ភាគរយ កាលពីឆ្នាំ២០១៥ (ចំណាត់ថ្នាក់លេខ៣), ប្រទេសអូស្ត្រាលី មាន ៧៨,៩៦ ភាគរយ កាលពីឆ្នាំ២០១៦ (ចំណាត់ថ្នាក់លេខ៤) ។ល។ បើប្រៀបធៀបនឹងរបាយការណ៍នេះ កម្ពុជា ដែលមានប្រជាពលរដ្ឋចេញទៅបោះឆ្នោត ៨២,៨៩ ភាគរយ កាលពីពេលថ្មីៗនេះ ត្រូវស្ថិតក្នុងចំណាត់ថ្នាក់លេខ២។
ដោយមានមោទនភាពចំពោះចំនួនអ្នកចេញទៅបោះឆ្នោតដ៏ច្រើនបែបនេះ សម្តេច ហ៊ុន សែន បាននិយាយទៅកាន់កម្មករ-កម្មការិនី យ៉ាងដូច្នេះថា៖«នេះបង្ហាញថា ប្រជាពលរដ្ឋរបស់យើង បានចូលរួមដំណើរការប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោតជាទៀងទាត់ នៅក្នុងប្រទេសរបស់យើង»។
លទ្ធផលបឋម ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រជាង ៤,៨ លាននាក់ ដែលស្មើជាង ៧៦ភាគរយ។ តាមតួលេខបឋមនេះ ប្រហែលជាមានតែគណបក្សកាន់អំណាចនេះទេ ដែលអាចទទួលបានអាសនៈក្នុងរដ្ឋសភា។
សម្តេច ហ៊ុន សែន ប្រកាសជាថ្មីថា រដ្ឋសភានីតិកាលទី៦ នឹងបើកកិច្ចប្រជុំជាលើកដំបូងនៅថ្ងៃទី៥ ខែកញ្ញា ហើយរដ្ឋាភិបាលអាណត្តិទី៦ នឹងត្រូវបង្កើតឡើងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨៕
Tag:
បោះឆ្នោត
កម្ពុជា
ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com