គ​.​ជ​.​ប សម្រេច​ឲ្យ​សកម្មជន​អតីត​CNRP ២​នាក់​រួចខ្លួន តែ​បន្ត​ផាកពិន័យ​សកម្មជន​៣​នាក់​ទៀត​
ជាតិ
បោះឆ្នោត
គ​.​ជ​.​ប សម្រេច​ឲ្យ​សកម្មជន​អតីត​CNRP ២​នាក់​រួចខ្លួន តែ​បន្ត​ផាកពិន័យ​សកម្មជន​៣​នាក់​ទៀត​
08, Aug 2018 , 6:33 pm        
រូបភាព
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) សម្រេច​ឲ្យ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ២​នាក់​រួចខ្លួន តែ​បន្ត​ផាកពិន័យ​សកម្មជន​៣​នាក់​ទៀត ពាក់ព័ន្ធ​ករណី​ម្រាមដៃ​ស្អាត​មុន​ការបោះឆ្នោត​កន្លងមក​។ មេធាវី​ការពារ​ក្តី​សកម្មជន​ទាំងនេះ នឹង​រៀបចំ​បណ្ដឹង​ឡើងទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បី​បន្ត​ដោះស្រាយ​បញ្ហា​នេះ​។​



​ក្រោយពី​ចំណាយពេល​ពេញ​មួយថ្ងៃ ដើម្បី​ជំនុំជម្រះ​លើ​ករណី​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ៥​នាក់​នេះ គ​.​ជ​.​ប បានសម្រេច​កែប្រែ​សេចក្តីសម្រេច​មួយចំនួន និង​រក្សា​នៅ​ចំណុច​មួយចំនួន​។ ចំណុច​ដែល​គ​.​ជ​.​ប បាន​កែប្រែ​នោះ គឺ​លើកលែង​ឲ្យ​សកម្មជន​ឈ្មោះ ម៉ាង ឈុន និង ពៅ តាំង រួច​ផុតពី​ការផាកពិន័យ​។ ចំណែក​ឈ្មោះ ថោង សារឿន និង គ្រុយ គឹម​សាំង ត្រូវបាន​បន្ធូរបន្ថយ​ការផាកពិន័យ​ពី​១០​លាន​រៀល មក​នៅត្រឹម​៥​លាន​រៀល ខណៈ​លោក ជា ជីវ ដែលជា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រក្សា​ការផាកពិន័យ​១០​លាន​រៀល​ដដែល តាម​ការសម្រេច​របស់​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ខេត្តបាត់ដំបង​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​គ​.​ជ​.​ប​។​

​ទាក់ទង​បញ្ហា​នេះ​លោក សោម សូ​រី​ដា អគ្គលេខាធិការរង​គ​.​ជ​.​ប បាន​ពន្យល់ថា មូលហេតុ​ដែល​គ​.​ជ​.​ប សម្រេច​រក្សា​ការផាកពិន័យ​លោក ជា ជីវ ទឹកប្រាក់​១០​លាន​រៀល​នេះ ព្រោះតែ​គ​.​ជ​.​ប រក​ពិនិត្យឃើញ​បុគ្គល​នេះ ជា​មេខ្លោង​នៅក្នុង​យុទ្ធនាការ​ម្រាមដៃ​ស្អាត ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដំណើការ​បោះឆ្នោត​កន្លងមក​។ ចំណែក​ឈ្មោះ ថោង សារឿន និង គ្រុយ គឹម​សាំង ដែល​ត្រូវបាន​បន្ធូរបន្ថយ​ការផាកពិន័យ​នេះ គឺជា​អ្នក​រង​អំពើ​(​ចូលរួម​ធ្វើតាម​គេ​)​ពី​លោក ជា ជីវ ខណៈដែល​បុគ្គល​ពីរ​ទៀត រួច​ផុតពី​ការផាកពិន័យ ដោយសារតែ​ពួកគេ​ទាំងពីរ​គ្មាន​សកម្មភាព​ធំដុំ ដូច​អ្នក​ទាំងបី​នោះ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អគ្គលេខាធិការរង​គ​.​ជ​.​ប បាន​បកស្រាយ​ដូច្នេះ​ថា​៖« លោក ជា ជីវ បានរៀបចំ​ហូប​នំ​បញ្ចុក​នៅផ្ទះ​គាត់ ហើយ​នាំគ្នា​ថតរូប​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​បង្ហាញ​ពី​ម្រាមដៃ​ស្អាត ដែល​យើង​ពិនិត្យឃើញថា វា​បានធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង​ទំនុកចិត្ត​លើគ​.​ជ​.​ប ទើប​យើង​ចាត់ទុកថា បុគ្គល​ជា ជីវ​នេះ ជា​មេខ្លោង​នៃ​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​នេះ ។ រីឯ​២​នាក់​ទៀត គ​.​ជ​.​ប​យើង សម្រេច​បន្ថយ​ការ​ពិ​និ​យ ដោយសារ​ពិនិត្យឃើញថា ពួកគេ​ធ្វើតាម​លោក ជា ជីវ ដោយមាន​ការថត​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​។ ហើយ​២​នាក់​ទៀត ដែល​រួចខ្លួន​នោះ គឺ​ដោយសារតែ​ពួកគេ​ចូលរួម​ដែរ តែ​មិនបាន​ថត​បង្ហោះ​ដូច​អ្នក​ទាំងបី​នេះ ទើបបាន​ជាគ​.​ជ​.​ប មិន​ចាត់ទុកជា​ការចូលរួម​យុទ្ធនាការ​ម្រាមដៃ​ស្អាត​ទេ​»​។​

​មិនតែប៉ុណ្ណោះ​លោក សោម សូ​រី​ដា បាន​អះអាងថា សកម្មភាព​ម្រាមដៃ​ស្អាត​របស់លោក ជា ជីវ នេះហើយ ដែល​ធ្វើ​ឲ្យ​តួលេខ​សន្លឹកឆ្នោត​មិនបានការ កើនឡើង​៦០​ម៉ឺន​សន្លឹក ដែល​ស្មើនឹង​៩​ភាគរយ បើ​ធៀប​នឹង​ការបោះឆ្នោត​កន្លងមក ដែលមាន​សន្លឹកឆ្នោត​មិនបានការ​តែ​៣​ភាគរយ​ប៉ុណ្ណោះ​។ ដោយ​មិន​អស់ចិត្ត​លោក សោម សូ​រី​ដា បាន​បន្ត​បកស្រាយ​ដោយ​លើកយក​ការខកចិត្ត​របស់​ជប៉ុន និង​អន្តរជាតិ​នានា ជុំវិញ​ការបោះឆ្នោត​នេះ មក​ទម្លាក់​ឲ្យ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​របស់លោក ជា ជីវ នេះ​។

«​កម្ពុជា​គ្មាន​ប្រវត្តិ​បោះឆ្នោត មាន​សន្លឹកឆ្នោត​មិនបានការ​៩​ភាគរយ​ទេ តែ​នេះ​មកពី​យុទ្ធនាការ​ម្រាមដៃ​ស្អាត​នេះដែរ ដែល​វា​បាន​ធ្វ​ឲ្យ​ខាង​អង្គទូត និង​ជប៉ុន​ខកចិត្ត ដោយសារ​ការជះឥទ្ធិពល​អាក្រក់​នៃ​យុទ្ធនាការ ទើប​ធ្វើ​ឲ្យ​ពលរដ្ឋ​អស់​ទំនុកចិត្ត​ដល់​ការបោះឆ្នោត ហើយ​ខ្លះ​មិន​ទៅ​បោះឆ្នោត និង​ខ្លះទៀត​ទៅ​បោះឆ្នោត ហើយ​បែរជា​គូស​បំផ្លាញ​សន្លឹកឆ្នោត​ទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សោម សូ​រី​ដា​។​

​នៅពេល​សួរថា តើគ​.​ជ​.​ប នឹងមាន​បន្ត​នីតិវិធី​អ្វី​ទៀត លើ​លោក ជា ជីវ ដែល​ជាប់​ក្នុង​បញ្ជី​ឈ្មោះ​អ្នកនយោបាយ​១១៨​នាក់ ដែល​តុលា​ការហាម​សកម្ម​នយោបាយ​៥​ឆ្នាំ​ដែរ​ទេ​? អគ្គលេខាធិការរង​គ​.​ជ​.​ប ដែល​ចាត់ទុក​សកម្មភាព​លោក ជា ជីវ ជា​រឿង​ទុ​ច្ច​រិ​ក​នេះ បាន​និយាយថា គ​.​ជ​.​ប មិនទាន់បាន​គិតគូរ ពី​រឿង​យន្តការ​បន្ត​អ្វី​ឡើយ ព្រោះ​គ​.​ជ​.​ប ដោះស្រាយ​តែ​បណ្ដឹង​ពាក់ព័ន្ធ​លើ​ការបោះឆ្នោត​ប៉ុណ្ណោះ​។​

​សម្រាប់​មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥​នាក់​ខាងលើ​វិញ មិន​ពេញចិត្ត​ចំពោះ​ការសម្រេច​របស់​គ​.​ជ​.​ប​ឡើយ​។ លោក សំ សុ​គង់ បាន​បកស្រាយ​ថា សកម្មភាព​កូនក្តី ជួបជុំគ្នា​ហូប​នំ​បញ្ចុក​ធម្មតា ហើយ​ថតរូប​បង្ហោះ​ពី​ម្រាមដៃ​ស្អាត គឺ​មិនមែនជា​សកម្មភាព​រារាំង​ពលរដ្ឋ មិន​ឲ្យ​ទៅ​បោះឆ្នោត ប៉ុន្តែ​វា​ជាការ​បញ្ចេញ​ទស្សន ក្នុងនាម​ពួកគេ​ជា​ពលរដ្ឋ​ធម្មតា​។ មេធាវី​ការ​ក្តី​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​យល់ថា ការសម្រេច​ឲ្យ​កូនក្តី​២​នាក់​រួចផុត ពី​ការផាកពិន័យ​គឺជា​រឿង​យុត្តិធម៌ ប៉ុន្តែ​ការសម្រេច​លើ​៣​នាក់​ទៀត គឺ​វា​មិន​យុត្តិធម៌ និង​មិនអាច​ទទួលយក​បានទេ ព្រោះ​មិនមែនជា​ទង្វើ​ក្នុងន័យ​រារាំង​ការបោះឆ្នោត​»​។​

​លោក សំ សុ​គង់ នឹង​រៀបចំ​បណ្ដឹង ឡើងទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បី​ដោះស្រាយ​លើ​ករណី​កូនក្តី​ខ្លួន ជុំវិញ​ការសម្រេច​របស់​គ​.​ជ​.​ប​។​

​គួរ​បញ្ជាក់ថា បុគ្គល​ទាំង​៥​នាក់ ដែល​រង​បណ្តឹង​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបាត់ដំបង​នេះ បាននាំគ្នា​ជួបជុំ​នៅផ្ទះ​លោក ជា ជីវ នៅ​ភូមិ​ជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ កាលពី​ថ្ងៃទី​១៩​កក្កដា ដើម្បី​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​។ ការធ្វើ​យុទ្ធនាការ​នេះ ត្រូវបាន​គណបក្ស​ប្រជាជន ចាត់ទុកជា​ការរារាំង​ដល់​ដំណើរការ​បោះឆ្នោត ទើប​សម្រេច​ប្ដឹង​មក​គ​.​ជ​.​ប​៕


Tag:
 សំ សុខ​គង់​
  គ​.​ជ​.​ប​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 67720 [1] => 9,78 [2] => គ​.​ជ​.​ប សម្រេច​ឲ្យ​សកម្មជន​អតីត​CNRP ២​នាក់​រួចខ្លួន តែ​បន្ត​ផាកពិន័យ​សកម្មជន​៣​នាក់​ទៀត​ [3] => content [4] => [5] => សំ សុខ​គង់​, គ​.​ជ​.​ប​, បោះឆ្នោត [6] => 53 [7] => 0 [8] => )