ជាតិ
បោះឆ្នោត
គ.ជ.ប សម្រេចឲ្យសកម្មជនអតីតCNRP ២នាក់រួចខ្លួន តែបន្តផាកពិន័យសកម្មជន៣នាក់ទៀត
× ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចឲ្យសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ២នាក់រួចខ្លួន តែបន្តផាកពិន័យសកម្មជន៣នាក់ទៀត ពាក់ព័ន្ធករណីម្រាមដៃស្អាតមុនការបោះឆ្នោតកន្លងមក។ មេធាវីការពារក្តីសកម្មជនទាំងនេះ នឹងរៀបចំបណ្ដឹងឡើងទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីបន្តដោះស្រាយបញ្ហានេះ។
ក្រោយពីចំណាយពេលពេញមួយថ្ងៃ ដើម្បីជំនុំជម្រះលើករណីសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ៥នាក់នេះ គ.ជ.ប បានសម្រេចកែប្រែសេចក្តីសម្រេចមួយចំនួន និងរក្សានៅចំណុចមួយចំនួន។ ចំណុចដែលគ.ជ.ប បានកែប្រែនោះ គឺលើកលែងឲ្យសកម្មជនឈ្មោះ ម៉ាង ឈុន និង ពៅ តាំង រួចផុតពីការផាកពិន័យ។ ចំណែកឈ្មោះ ថោង សារឿន និង គ្រុយ គឹមសាំង ត្រូវបានបន្ធូរបន្ថយការផាកពិន័យពី១០លានរៀល មកនៅត្រឹម៥លានរៀល ខណៈលោក ជា ជីវ ដែលជាអតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវរក្សាការផាកពិន័យ១០លានរៀលដដែល តាមការសម្រេចរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង។ នេះបើតាមសេចក្តីប្រកាសរបស់គ.ជ.ប។
ទាក់ទងបញ្ហានេះលោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប បានពន្យល់ថា មូលហេតុដែលគ.ជ.ប សម្រេចរក្សាការផាកពិន័យលោក ជា ជីវ ទឹកប្រាក់១០លានរៀលនេះ ព្រោះតែគ.ជ.ប រកពិនិត្យឃើញបុគ្គលនេះ ជាមេខ្លោងនៅក្នុងយុទ្ធនាការម្រាមដៃស្អាត ដែលនាំឲ្យប៉ះពាល់ដល់ដំណើការបោះឆ្នោតកន្លងមក។ ចំណែកឈ្មោះ ថោង សារឿន និង គ្រុយ គឹមសាំង ដែលត្រូវបានបន្ធូរបន្ថយការផាកពិន័យនេះ គឺជាអ្នករងអំពើ(ចូលរួមធ្វើតាមគេ)ពីលោក ជា ជីវ ខណៈដែលបុគ្គលពីរទៀត រួចផុតពីការផាកពិន័យ ដោយសារតែពួកគេទាំងពីរគ្មានសកម្មភាពធំដុំ ដូចអ្នកទាំងបីនោះ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អគ្គលេខាធិការរងគ.ជ.ប បានបកស្រាយដូច្នេះថា៖« លោក ជា ជីវ បានរៀបចំហូបនំបញ្ចុកនៅផ្ទះគាត់ ហើយនាំគ្នាថតរូបបង្ហោះលើហ្វេសប៊ុកបង្ហាញពីម្រាមដៃស្អាត ដែលយើងពិនិត្យឃើញថា វាបានធ្វើឲ្យពលរដ្ឋបាត់បងទំនុកចិត្តលើគ.ជ.ប ទើបយើងចាត់ទុកថា បុគ្គលជា ជីវនេះ ជាមេខ្លោងនៃធ្វើយុទ្ធនាការម្រាមដៃស្អាតនេះ ។ រីឯ២នាក់ទៀត គ.ជ.បយើង សម្រេចបន្ថយការពិនិយ ដោយសារពិនិត្យឃើញថា ពួកគេធ្វើតាមលោក ជា ជីវ ដោយមានការថតបង្ហោះលើហ្វេសប៊ុក។ ហើយ២នាក់ទៀត ដែលរួចខ្លួននោះ គឺដោយសារតែពួកគេចូលរួមដែរ តែមិនបានថតបង្ហោះដូចអ្នកទាំងបីនេះ ទើបបានជាគ.ជ.ប មិនចាត់ទុកជាការចូលរួមយុទ្ធនាការម្រាមដៃស្អាតទេ»។
មិនតែប៉ុណ្ណោះលោក សោម សូរីដា បានអះអាងថា សកម្មភាពម្រាមដៃស្អាតរបស់លោក ជា ជីវ នេះហើយ ដែលធ្វើឲ្យតួលេខសន្លឹកឆ្នោតមិនបានការ កើនឡើង៦០ម៉ឺនសន្លឹក ដែលស្មើនឹង៩ភាគរយ បើធៀបនឹងការបោះឆ្នោតកន្លងមក ដែលមានសន្លឹកឆ្នោតមិនបានការតែ៣ភាគរយប៉ុណ្ណោះ។ ដោយមិនអស់ចិត្តលោក សោម សូរីដា បានបន្តបកស្រាយដោយលើកយកការខកចិត្តរបស់ជប៉ុន និងអន្តរជាតិនានា ជុំវិញការបោះឆ្នោតនេះ មកទម្លាក់ឲ្យយុទ្ធនាការម្រាមដៃស្អាតរបស់លោក ជា ជីវ នេះ។
«កម្ពុជាគ្មានប្រវត្តិបោះឆ្នោត មានសន្លឹកឆ្នោតមិនបានការ៩ភាគរយទេ តែនេះមកពីយុទ្ធនាការម្រាមដៃស្អាតនេះដែរ ដែលវាបានធ្វឲ្យខាងអង្គទូត និងជប៉ុនខកចិត្ត ដោយសារការជះឥទ្ធិពលអាក្រក់នៃយុទ្ធនាការ ទើបធ្វើឲ្យពលរដ្ឋអស់ទំនុកចិត្តដល់ការបោះឆ្នោត ហើយខ្លះមិនទៅបោះឆ្នោត និងខ្លះទៀតទៅបោះឆ្នោត ហើយបែរជាគូសបំផ្លាញសន្លឹកឆ្នោតទៀត»។ នេះជាការបញ្ជាក់របស់លោក សោម សូរីដា។
នៅពេលសួរថា តើគ.ជ.ប នឹងមានបន្តនីតិវិធីអ្វីទៀត លើលោក ជា ជីវ ដែលជាប់ក្នុងបញ្ជីឈ្មោះអ្នកនយោបាយ១១៨នាក់ ដែលតុលាការហាមសកម្មនយោបាយ៥ឆ្នាំដែរទេ? អគ្គលេខាធិការរងគ.ជ.ប ដែលចាត់ទុកសកម្មភាពលោក ជា ជីវ ជារឿងទុច្ចរិកនេះ បាននិយាយថា គ.ជ.ប មិនទាន់បានគិតគូរ ពីរឿងយន្តការបន្តអ្វីឡើយ ព្រោះគ.ជ.ប ដោះស្រាយតែបណ្ដឹងពាក់ព័ន្ធលើការបោះឆ្នោតប៉ុណ្ណោះ។
សម្រាប់មេធាវីការពារក្តីឲ្យសកម្មជនអតីតគណបក្សសង្គ្រោះជាតិទាំង៥នាក់ខាងលើវិញ មិនពេញចិត្តចំពោះការសម្រេចរបស់គ.ជ.បឡើយ។ លោក សំ សុគង់ បានបកស្រាយថា សកម្មភាពកូនក្តី ជួបជុំគ្នាហូបនំបញ្ចុកធម្មតា ហើយថតរូបបង្ហោះពីម្រាមដៃស្អាត គឺមិនមែនជាសកម្មភាពរារាំងពលរដ្ឋ មិនឲ្យទៅបោះឆ្នោត ប៉ុន្តែវាជាការបញ្ចេញទស្សន ក្នុងនាមពួកគេជាពលរដ្ឋធម្មតា។ មេធាវីការក្តីរូបនេះ បាននិយាយដូច្នេះថា៖«ខ្ញុំយល់ថា ការសម្រេចឲ្យកូនក្តី២នាក់រួចផុត ពីការផាកពិន័យគឺជារឿងយុត្តិធម៌ ប៉ុន្តែការសម្រេចលើ៣នាក់ទៀត គឺវាមិនយុត្តិធម៌ និងមិនអាចទទួលយកបានទេ ព្រោះមិនមែនជាទង្វើក្នុងន័យរារាំងការបោះឆ្នោត»។
លោក សំ សុគង់ នឹងរៀបចំបណ្ដឹង ឡើងទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីដោះស្រាយលើករណីកូនក្តីខ្លួន ជុំវិញការសម្រេចរបស់គ.ជ.ប។
គួរបញ្ជាក់ថា បុគ្គលទាំង៥នាក់ ដែលរងបណ្តឹងពីគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបងនេះ បាននាំគ្នាជួបជុំនៅផ្ទះលោក ជា ជីវ នៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ កាលពីថ្ងៃទី១៩កក្កដា ដើម្បីធ្វើយុទ្ធនាការម្រាមដៃស្អាត។ ការធ្វើយុទ្ធនាការនេះ ត្រូវបានគណបក្សប្រជាជន ចាត់ទុកជាការរារាំងដល់ដំណើរការបោះឆ្នោត ទើបសម្រេចប្ដឹងមកគ.ជ.ប៕
Tag:
សំ សុខគង់
គ.ជ.ប
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com