ជាតិ
សេដ្ឋកិច្ច
ផែ​ទេសចរណ៍​នៅ​កំពត​ចាប់ផ្ដើម​សាងសង់ ដែល​គ្រោង​ទទួល​ទេសចរ​១​លាន​នាក់​ក្នុង​មួយឆ្នាំ
08, Aug 2018 , 6:45 pm        
រូបភាព
រូបពីក្រសួងទេសចរណ៍ Front
រូបពីក្រសួងទេសចរណ៍ Front
ដោយ:
​ភ្នំពេញ​៖ គម្រោង​ផែ​ទេសចរណ៍​អន្តរជាតិ​នៅក្នុង​ខេត្តកំពត ដែល​បាន​ពន្យារពេល​ស្ថាបនា​នោះ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃទី​៨​ខែ សីហា​នេះ ដើម្បី​ត្រៀម​ស្រូបយក​ភ្ញៀវទេសចរ​ប្រមាណ ១​លាន​នាក់​ក្នុង​មួយឆ្នាំៗ ។



​ផែ​ទេសចរណ៍​នេះ ត្រូវ​ចំណាយ​ថវិកា​សាងសង់ ៨,៤​លាន​ដុល្លារ ដែលជា​ប្រាក់កម្ចី​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​។ ផែ​ដែល​ត្រូវ​ស្ថាបនា​នៅពេលនេះ គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៩ ស្រប​ពេលដែល​ខេត្តកំពត​រៀបចំ​ពិធីបុណ្យ​សមុទ្រ​នៅ​ឆ្នាំ​នោះ​។ នេះ​បើតាម​លោក សុខ សុ​គុណ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួងទេសចរណ៍ ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​។



​គម្រោង​នេះ​មាន​ទំហំ​ផ្ទៃដី ៤​ហិកតា ដែល​ស្ថិតនៅ​ស្រុក​ទឹកឈូ ខេត្តកំពត​។ ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ក្នុង​គម្រោង​នេះ មានដូចជា អគារ​អ្នកដំណើរ​កម្ពស់​ពីរ​ជាន់​, ផែ​ចត​កាណូត​, កំពង់​សា​ឡង់​, ផែ​កម្សាន្ត (​ម៉ា​រី​ណា​), អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​, បញ្ជរ​ព័ត៌មាន​ទេសចរណ៍ ផ្លូវ​ជុំវិញ​កំពង់ផែ អគារ​ស្នាក់នៅ និង​ចំណត​យានយន្ត​ជាដើម​។

​ផែ​នេះ​នឹង​ក្លាយជា​ច្រកទ្វារ​ទេសចរណ៍​ថ្មី​មួយ ក្នុង​ការតភ្ជាប់​ការធ្វើដំណើរ​ទេសចរណ៍ ពី​បណ្ដា​កោះ​ក្នុងស្រុក និង​ក្នុង​តំបន់​។ លោក សុខ សុ​គុណ ថ្លែង​ដូច្នេះ​ថា​៖«​ជា​ច្រក​មួយ​ថ្មី​សម្រាប់​ត​ភ្ជាប់​ទៅ​បណ្ដា​កោះ​ផ្សេងៗ​ទៀត​នៅ​កម្ពុជា និង​បើក​ច្រក​សមុទ្រ​ទៅ​ពិភពលោក ពិសេស​ក្នុង​តំបន់ ដែល​ត​ភ្ជាប់​ទៅ​វៀតណាម​ខាងត្បូង និង​ប្រទេស​ថៃ ជាដើម​»​។

​បើតាម​លោក សុខ សុ​គុណ កោះត្រល់ ឬ​ភូ​កុក ក៏​នឹង​ស្ថិតក្នុង​គោលដៅ​ត​ភ្ជាប់​ផងដែរ​។ មន្ត្រី​បច្ចេកទេស​ជាន់ខ្ពស់​ក្រសួងទេសចរណ៍​រូបនេះ ឲ្យ​ដឹងថា ក្រសួង​រំពឹង​ទាក់ទាញ​ទេសចរ​ចំនួន ១​លាន​នាក់​ក្នុង​មួយឆ្នាំ​ចូលមក​ផែ​ថ្មី​នេះ​។​

​ផែ​ថ្មី​នេះ ជា​ផែ​ទេសចរណ៍​ទឹក​រាក់ ដោយ​អាច​ចូល​ចតកប៉ាល់​ចំណុះ​ប្រមាណ ៣០០​នាក់​ប៉ុណ្ណោះ​។ លោក សុ​គុណ បញ្ជាក់ថា ចំពោះ​កប៉ាល់​ធំៗ​ដែល​ផ្ទុក​មនុស្ស​រាប់ពាន់នាក់ ត្រូវ​ឈប់​នៅ​ផ្ទៃសមុទ្រ ហើយ​នឹងមាន​ការដឹក​ជញ្ជូន​ភ្ញៀវទេសចរ មួយ​ដំណាក់កាល​ទៀត ចូលមក​ផែ​។



​គម្រោង​នេះ នឹង​ចូលទៅ​បន្ថែម​សក្ដានុពល​នៅ​តំបន់ឆ្នេរ​របស់​កម្ពុជា​។ «​នៅពេល​ផែ​នេះ​ដំណើរការ ការជំរុញ​ទេសចរណ៍​ក្នុង​តំបន់​សមុទ្រ​នឹងមាន​សន្ទុះ​ខ្លាំងក្លា ហើយ​វា​ជា​ការតភ្ជាប់​នៃ​ច្រក​ល្បៀ​ង​ទេសចរណ៍​ភាគខាងត្បូង ដែល​ចេញពី​ថៃ មក​កម្ពុជា​តាម​សមុទ្រ​ខេត្តកោះកុង ព្រះសីហនុ កំពត និង​ទៅ​វៀតណាម​ភាគខាងត្បូង​»​។ នេះ​បើតាម​លោក សុខ សុ​គុណ ។

​កម្ពុជា បានកំណត់​ទិសដៅ ស្រូបយក​ទេសចរ​ប្រមាណ ១៤​លាន​នាក់ ត្រឹម​ឆ្នាំ​២០៣០ សម្រាប់​តំបន់ឆ្នេរ​របស់ខ្លួន ដោយ​ក្នុងនោះ​ទេសចរ​អន្តរជាតិ​មាន​ប្រមាណ ៦​លាន​នាក់​៕




Tag:
 ផែ​ទេសចរណ៍​
 ​សុខ សុ​គុណ​
© រក្សាសិទ្ធិដោយ thmeythmey.com