ជាតិ
បោះឆ្នោត
ហ្វីលីពីន សាទរ​ការបោះឆ្នោត​នៅ​កម្ពុជា ហើយ​សរសើរ​ថា ដំណើរការ​ដោយ​សន្តិភាព
09, Aug 2018 , 10:24 am        
រូបភាព
ដោយ: ថ្មីៗ
​លោក អា​ឡាន ភី​ធ័​រ ខា​យ៉េ​តា​ណូ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ហ្វីលីពីន បានចេញ​សេចក្តីថ្លែងការណ៍​មួយ កាលពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៨ ដើម្បី​អបអរសាទរ​ការបោះឆ្នោត​នៅ​កម្ពុជា​។ តាមរយៈ​សេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ហ្វីលីពីន បាន​វាយតម្លៃ​ជា​វិជ្ជមាន​ថា ការបោះឆ្នោត​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៨ កន្លងទៅ បាន​ប្រព្រឹត្ត​ទៅដោយ​សន្តិភាព និង​មាន​សណ្តាប់ធ្នាប់​។



​បន្ទាប់ពី​អបអរសាទរ​លើ​ការបោះឆ្នោត រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន ក្នុងនាម​លោក​ប្រធានាធិបតី រូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ ក៏​ឆ្លៀត​និយាយ​ពី​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា​។ ប្រមុខ​ទូត​ហ្វីលីពីន បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​បែបនេះ​ថា​៖«​ហ្វីលីពីន នៅតែ​ប្តេជ្ញា​ធ្វើការ​ជាមួយ​កម្ពុជា ដើម្បី​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ស៊ីជម្រៅ​រវាង​ភាគី​ទាំងពីរ ទាំង​នៅក្នុង​ថ្នាក់​តំបន់ និង​ពិភពលោក​»​។

​ក្រៅពី​ហ្វីលីពីន បណ្តា​ប្រទេស​មួយចំនួនទៀត ដូចជា ចិន វៀតណាម និង​ឡាវ ជាដើម ក៏បាន​អបអរសាទរ​លើ​ការបោះឆ្នោត​នៅ​កម្ពុជា​ផងដែរ​។ ប៉ុន្តែ ស្របពេល​ទទួល​បានកា​រ​អបអរសាទរ រដ្ឋាភិបាល​កម្ពុជា ក៏​រង​ការរិះគន់​មិនតិច​ដែរ ពី​សហគមន៍​អន្តរជាតិ​ផ្សេងៗ ជាពិសេស សហរដ្ឋអាមេរិក និង​សភាព​អឺរ៉ុប​។ សូម្បីតែ ជប៉ុន ដែល​មិនសូវ​មាត់ក​ពី​រឿង​កម្ពុជា ក៏​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ការបោះឆ្នោត​លើក​នេះដែរ​។

​យ៉ាងណាក៏ដោយ គណបក្សកាន់អំណាច ដែល​ទើបនឹង​ឈ្នះ​ការបោះឆ្នោត​ម្តងទៀត នៅតែ​ប្រកាសថា នឹង​បង្កើត​រដ្ឋាភិបាល​ថ្មី តាម​ការគ្រោងទុក​នៅ​ថ្ងៃទី​៦ ខែកញ្ញា​នេះ ដោយ​មិន​ខ្វល់​ពី​ការទទួលស្គាល់ ឬ​មិន​ទទួលស្គាល់​របស់​បរទេស​ណា​ឡើយ​។

​លទ្ធផល​បឋម​ស្តីពី​ការបោះឆ្នោត បង្ហាញថា គណបក្សកាន់អំណាចរ​បស់​សម្តេច ហ៊ុន សែន ទទួលបាន​សំឡេងគាំទ្រ ដល់​ទៅ​៤,៨​លាន​ឯណោះ​។  តាម​តួលេខ​បឋម​នេះ ទំនងជា​មានតែ​គណបក្ស​អំណាច​ទេ ដែល​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា សម្រាប់​នីតិកាល​ទី​៦៕
 

Tag:
 បោះឆ្នោត​
  ហ្វីលីពីន​
  កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com