ជាតិ
បោះឆ្នោត
ហ្វីលីពីន សាទរការបោះឆ្នោតនៅកម្ពុជា ហើយសរសើរថា ដំណើរការដោយសន្តិភាព
× លោក អាឡាន ភីធ័រ ខាយ៉េតាណូ រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ដើម្បីអបអរសាទរការបោះឆ្នោតនៅកម្ពុជា។ តាមរយៈសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន បានវាយតម្លៃជាវិជ្ជមានថា ការបោះឆ្នោតនៅកម្ពុជា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ បានប្រព្រឹត្តទៅដោយសន្តិភាព និងមានសណ្តាប់ធ្នាប់។
បន្ទាប់ពីអបអរសាទរលើការបោះឆ្នោត រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ក្នុងនាមលោកប្រធានាធិបតី រូឌ្រីហ្គោ ឌូតឺតេ ក៏ឆ្លៀតនិយាយពីទំនាក់ទំនងជាមួយកម្ពុជា។ ប្រមុខទូតហ្វីលីពីន បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍បែបនេះថា៖«ហ្វីលីពីន នៅតែប្តេជ្ញាធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ស៊ីជម្រៅរវាងភាគីទាំងពីរ ទាំងនៅក្នុងថ្នាក់តំបន់ និងពិភពលោក»។
ក្រៅពីហ្វីលីពីន បណ្តាប្រទេសមួយចំនួនទៀត ដូចជា ចិន វៀតណាម និងឡាវ ជាដើម ក៏បានអបអរសាទរលើការបោះឆ្នោតនៅកម្ពុជាផងដែរ។ ប៉ុន្តែ ស្របពេលទទួលបានការអបអរសាទរ រដ្ឋាភិបាលកម្ពុជា ក៏រងការរិះគន់មិនតិចដែរ ពីសហគមន៍អន្តរជាតិផ្សេងៗ ជាពិសេស សហរដ្ឋអាមេរិក និងសភាពអឺរ៉ុប។ សូម្បីតែ ជប៉ុន ដែលមិនសូវមាត់កពីរឿងកម្ពុជា ក៏សម្តែងការមិនពេញចិត្តចំពោះការបោះឆ្នោតលើកនេះដែរ។
យ៉ាងណាក៏ដោយ គណបក្សកាន់អំណាច ដែលទើបនឹងឈ្នះការបោះឆ្នោតម្តងទៀត នៅតែប្រកាសថា នឹងបង្កើតរដ្ឋាភិបាលថ្មី តាមការគ្រោងទុកនៅថ្ងៃទី៦ ខែកញ្ញានេះ ដោយមិនខ្វល់ពីការទទួលស្គាល់ ឬមិនទទួលស្គាល់របស់បរទេសណាឡើយ។
លទ្ធផលបឋមស្តីពីការបោះឆ្នោត បង្ហាញថា គណបក្សកាន់អំណាចរបស់សម្តេច ហ៊ុន សែន ទទួលបានសំឡេងគាំទ្រ ដល់ទៅ៤,៨លានឯណោះ។ តាមតួលេខបឋមនេះ ទំនងជាមានតែគណបក្សអំណាចទេ ដែលទទួលបានអាសនៈក្នុងរដ្ឋសភា សម្រាប់នីតិកាលទី៦៕
Tag:
បោះឆ្នោត
ហ្វីលីពីន
កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com