ប្រា​យុទ្ធ សាទរ​សម្តេច ហ៊ុន សែន ដែល​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី
ជាតិ
បោះឆ្នោត
ប្រា​យុទ្ធ សាទរ​សម្តេច ហ៊ុន សែន ដែល​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី
09, Aug 2018 , 11:33 am        
រូបភាព
រូបនៃកិច្ចប្រជុំចង្អៀតគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃ លើកទី៣ កាលពីថ្ងៃទី៧ កញ្ញា ឆ្នាំ២០១៧
រូបនៃកិច្ចប្រជុំចង្អៀតគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃ លើកទី៣ កាលពីថ្ងៃទី៧ កញ្ញា ឆ្នាំ២០១៧
ដោយ: ថ្មីៗ
​លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ បាន​ផ្ញើលិខិត​ជូន​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បី​ចូលរួម​អបអរសាទរ​ការទទួល​បាន​ជ័យជម្នះ​យ៉ាង​គគ្រឹកគគ្រេង ក្នុងការ​បោះឆ្នោត​អាណត្តិ​ថ្មី​។



​លោក ប្រា​យុទ្ធ បាន​សរសេរ​ក្នុង​លិខិត​សាទរ​នោះ យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ ជឿថា ស្ថិតនៅក្រោម​ការដឹកនាំ​របស់​សម្តេច កម្ពុជា នឹង​បន្ត​រីកចម្រើន​ទៅមុខទៀត​»​។ លោក ប្រា​យុទ្ធ ក៏បាន​ប្រាប់​សម្តេច​ដែរ​ថា ថៃ នឹង​បន្ត​ពង្រឹង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​ជាមួយ​កម្ពុជា ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។

​មកដល់ពេលនេះ មាន​ប្រទេស​យ៉ាងតិច​ចំនួន​៥​ហើយ រួមមាន ចិន វៀតណាម ឡាវ ហ្វីលីពីន និង​ថៃ ដែល​បាន​សាទរ​ការបោះឆ្នោត​នៅ​កម្ពុជា​។ ទទ្ទឹម​នេះ ក៏មាន​ប្រទេស​ខ្លះ សម្តែង​ការមិន​ពេញចិត្ត​ដែរ ដូចជា សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ជប៉ុន ជាដើម​។

​ការបោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដែល​គ្មាន​វត្តមាន​គណបក្សប្រឆាំង បានផ្តល់​ឱកាស​ឲ្យ​គណបក្សកាន់អំណាច​រប​ស់ស​ម្តេច ហ៊ុន សែន ទទួលបាន​ជ័យជម្នះ​ដ៏​ច្រើន​លើសលប់​។ លទ្ធផល​បឋម​ស្តីពី​ការបោះឆ្នោត បាន​បង្ហាញថា គណបក្សកាន់អំណាច ទទួលបាន​សំឡេង​ជាង​៤,៨​លាន ដែល​ស្មើ​ជាង ៧៦​ភាគរយ​។

​ទោះជា​លទ្ធផល​ផ្លូវការ​មិនទាន់​ត្រូវបាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ប្រកាស​ក្តី តែ គេ សន្និដ្ឋាន​ជាមុន​ថា ទំនងជា​មានតែ​គណបក្សកាន់អំណាច​ប៉ុណ្ណោះ ដែលមាន​លទ្ធភាព​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា សម្រាប់​នីតិកាល​ទី​៦​នេះ​។ បើ​គ្មានអ្វី​ប្រែប្រួល លទ្ធផល​ផ្លូវការ​ស្តីពី​ការបែងចែក​អាសនៈ នឹងត្រូវ​ប្រកាស នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​។
 
​ក្រោយ​ប្រកាស​លទ្ធផល​ផ្លូវការ រដ្ឋសភា​នីតិកាល​ទី​៦ នឹងត្រូវ​ប្រជុំ​ជាដំបូង​នៅ​ថ្ងៃទី​៥ ខែកញ្ញា ហើយ​រដ្ឋាភិបាល​អាណត្តិ​ទី​៦ នឹងត្រូវ​បង្កើត​នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨៕  


Tag:
 បោះឆ្នោត​
  ប្រា​យុទ្ធ​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 67726 [1] => 9,78 [2] => ប្រា​យុទ្ធ សាទរ​សម្តេច ហ៊ុន សែន ដែល​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី [3] => content [4] => [5] => បោះឆ្នោត​, ប្រា​យុទ្ធ​, ហ៊ុន សែន [6] => 0 [7] => 0 [8] => )