ជាតិ
បោះឆ្នោត
ប្រាយុទ្ធ សាទរសម្តេច ហ៊ុន សែន ដែលឈ្នះឆ្នោតភ្លូកទឹកភ្លូកដី រូបនៃកិច្ចប្រជុំចង្អៀតគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃ លើកទី៣ កាលពីថ្ងៃទី៧ កញ្ញា ឆ្នាំ២០១៧
× លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រីថៃ បានផ្ញើលិខិតជូនសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីចូលរួមអបអរសាទរការទទួលបានជ័យជម្នះយ៉ាងគគ្រឹកគគ្រេង ក្នុងការបោះឆ្នោតអាណត្តិថ្មី។
លោក ប្រាយុទ្ធ បានសរសេរក្នុងលិខិតសាទរនោះ យ៉ាងដូច្នេះថា៖«ខ្ញុំ ជឿថា ស្ថិតនៅក្រោមការដឹកនាំរបស់សម្តេច កម្ពុជា នឹងបន្តរីកចម្រើនទៅមុខទៀត»។ លោក ប្រាយុទ្ធ ក៏បានប្រាប់សម្តេចដែរថា ថៃ នឹងបន្តពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយកម្ពុជា ដើម្បីផលប្រយោជន៍ទៅវិញទៅមក រវាងប្រជាជននៃប្រទេសទាំងពីរ។
មកដល់ពេលនេះ មានប្រទេសយ៉ាងតិចចំនួន៥ហើយ រួមមាន ចិន វៀតណាម ឡាវ ហ្វីលីពីន និងថៃ ដែលបានសាទរការបោះឆ្នោតនៅកម្ពុជា។ ទទ្ទឹមនេះ ក៏មានប្រទេសខ្លះ សម្តែងការមិនពេញចិត្តដែរ ដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងជប៉ុន ជាដើម។
ការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលគ្មានវត្តមានគណបក្សប្រឆាំង បានផ្តល់ឱកាសឲ្យគណបក្សកាន់អំណាចរបស់សម្តេច ហ៊ុន សែន ទទួលបានជ័យជម្នះដ៏ច្រើនលើសលប់។ លទ្ធផលបឋមស្តីពីការបោះឆ្នោត បានបង្ហាញថា គណបក្សកាន់អំណាច ទទួលបានសំឡេងជាង៤,៨លាន ដែលស្មើជាង ៧៦ភាគរយ។
ទោះជាលទ្ធផលផ្លូវការមិនទាន់ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសក្តី តែ គេ សន្និដ្ឋានជាមុនថា ទំនងជាមានតែគណបក្សកាន់អំណាចប៉ុណ្ណោះ ដែលមានលទ្ធភាពទទួលបានអាសនៈក្នុងរដ្ឋសភា សម្រាប់នីតិកាលទី៦នេះ។ បើគ្មានអ្វីប្រែប្រួល លទ្ធផលផ្លូវការស្តីពីការបែងចែកអាសនៈ នឹងត្រូវប្រកាស នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។
ក្រោយប្រកាសលទ្ធផលផ្លូវការ រដ្ឋសភានីតិកាលទី៦ នឹងត្រូវប្រជុំជាដំបូងនៅថ្ងៃទី៥ ខែកញ្ញា ហើយរដ្ឋាភិបាលអាណត្តិទី៦ នឹងត្រូវបង្កើតនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨៕
Tag:
បោះឆ្នោត
ប្រាយុទ្ធ
ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com