ត្រី​ប្រ​ម៉ា ហាក់​ពុំ​សូវ​មាន​ទម្លាប់​ធ្វើចរាចរ​ផ្លាស់​ទី​ច្បាស់លាស់ ដូច​ត្រី​ដទៃទៀត​ទេ​

ពីនេះ ពីនោះ / មិនយល់...!
ត្រី​ប្រ​ម៉ា ហាក់​ពុំ​សូវ​មាន​ទម្លាប់​ធ្វើចរាចរ​ផ្លាស់​ទី​ច្បាស់លាស់ ដូច​ត្រី​ដទៃទៀត​ទេ​
09, Aug 2018 , 7:19 pm         6096
រូបភាព
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​មាន​ស្រកា​មួយ​ប្រភេទ ជា​ប្រភេទ​ត្រី​ទឹកសាប ដែល​រស់នៅក្នុង​ទន្លេធំៗ ដែលមាន​ទឹក​ហូរ បឹង​ទន្លេសាប និង​នៅតាម​អន្លង់​ជ្រៅៗ ក្នុង​ទន្លេមេគង្គ ជាពិសេស​នៅ​ខេត្តក្រចេះ និង​ស្ទឹងត្រែង ទាំង​ខួបប្រាំងខួបវស្សា​។ វា​ស៊ី​ចៃ​ទឹក សត្វល្អិត​ដែល​រស់ក្នុង​ទឹក និង​ត្រី​ល្អិតៗ​ជា​អាហារ​។


​ត្រី​ប្រ​ម៉ា មានឈ្មោះ​វិទ្យាសាស្ត្រ (Boesemania microlepis) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Boeseman croaker មាន​ប្រវែង​ដងខ្លួន​អតិបរមា ១០០ ស​.​ម និង​មាន​ទម្ងន់​អតិបរមា ១៨ គ​.​ក​។​

​ត្រី​ប្រភេទ​នេះ ហាក់ដូចជា​មិនសូវមាន​ទម្លាប់​ធ្វើចរាចរ​ផ្លាស់​ទី​ច្បាស់លាស់​ទេ​។ ការកកើតឡើង​យ៉ាងគំហុក​នូវ​ចំនួន​ត្រី​ប្រ​ម៉ា​នៅក្នុង​តំបន់​ទឹក​ជ្រៅ នៃ​ទន្លេមេគង្គ ដូច្នេះ​ត្រូវបាន​គេ​សន្និដ្ឋានថា វា​អាចជា​កន្លែង​ពង​-​កូន​របស់​វា​តែម្តង​។

​ត្រី​ប្រ​ម៉ា ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជីរ​ក្រហម IUCN Red List (Near Threatened) ក្នុង​ឆ្នាំ ២០១១ ជា​ប្រភេទ​ត្រី​ដែល​កំពុង​ជិត នៃ​ការគំរាមកំហែង​ឈានទៅ​រងគ្រោះ​ជិត​ផុត​ពូជ​។

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការប្រែប្រួល​អាកាសធាតុ ការនេសាទ​ហួស​កម្រិត ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ដោយ​ប្រើ​ចរន្តអគ្គិសនី​ឆក់ ដែល​គេ​និយម​ហៅថា ឆក់​ក្តៅ ឆក់​ត្រជាក់ ដែលជា​ឧបករណ៍​នេសាទ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​មច្ឆជាតិ និង​ការសាងសង់​ទំនប់​វារិ​អគ្គីសនី សុទ្ធតែជា​បញ្ហា​ប្រឈម​ដល់​កំណើត​ពួកវា​។ ទៅ​ថ្ងៃ​អនាគត ប្រភេទ​ត្រី​ចំនួន​នៅក្នុង​ប្រទេស​កម្ពុជា អាច​នឹង​ឈានទៅ​ផុត​ពូជ បើ​ពុំមាន​ការចូលរួម​ពី​មជ្ឈដ្ឋាន​ទូទៅ ដើម្បី​ថែរក្សា​ការពារ​ធនធាន​មច្ឆជាតិ​ស្រុក​យើងទាំងអស់គ្នា​ទេនោះ​។



Tag:
 ​ត្រី​ប្រ​ម៉ា​។ រូបភាព​៖ Supplied
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...910next