ជាតិ
បទយកការណ៍ / បទសម្ភាសន៍
មេធាវី អ៊ីវ ប៉ូលី៖ បើឆ្កែបង្កគ្រោះថ្នាក់ចរាចរណ៍ ឬរបួសដល់អ្នកដទៃ ម្ចាស់ឆ្កែទទួលខុសត្រូវ
× ភ្នំពេញ៖ នៅពេលដែលសត្វចិញ្ចឹមរបស់ខ្លួនដូចជាសត្វឆ្កែ បានបង្ករបួសស្នាមដល់អ្នកដទៃ មិនថាដោយការខាំ ឬគ្រោះថ្នាក់ចរាចរណ៍នោះទេ ម្ចាស់សត្វចិញ្ចឹម គឺជាអ្នកទទួលខុសត្រូវដល់ភាគីរងគ្រោះ ទាំងនៅពេលបច្ចុប្បន្ន និងនៅពេលអនាគត។ នេះបើតាមលោក អ៊ីវ ប៉ូលី មេធាវីនៃក្រុមមេធាវី JC Law និងជាគ្រូបង្រៀនច្បាប់នៅសាលាមេធាវី។
លោកមេធាវីបន្ថែមថា ម្ចាស់សត្វឆ្កែត្រូវទទួលខុសត្រូវតាមស្ថានភាពជាក់ស្ដែងនៃជនរងគ្រោះ រាប់ពីករណីរបួសស្នាមបន្តិចបន្តួច ឬដល់បាត់បង់ជីវិត។ នៅក្នុងករណីបង្ករបួសស្នាមនេះ ម្ចាស់សត្វឆ្កែ គឺជាអ្នកចេញថ្លៃព្យាបាលរហូតទាល់តែជាសះស្បើយ។ តែបើព្យាបាលមិនបាន ហើយត្រូវបាត់បង់ជីវិត ម្ចាស់សត្វឆ្កែ ក៏ត្រូវចេញថ្លៃសំណងផ្លូវចិត្តដល់ក្រុមគ្រួសារនៃជនរងគ្រោះផងដែរ។
ខាងក្រោមនេះ គឺជាកិច្ចសម្ភាសរវាងកញ្ញា ថាន រស្មី អ្នកព័ត៌មាននៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ ជាមួយលោក អ៊ីវ ប៉ូលី មេធាវីនៃក្រុមមេធាវី JC និយាយអំពីការទទួលខុសត្រូវរបស់ម្ចាស់សត្វឆ្កែ ដែលបានបង្កគ្រោះថ្នាក់ទៅអ្នកដទៃ៖
ម្យ៉ាងវិញទៀត ករណីដែលសត្វឆ្កែខាំ ទោះរយៈពេលយូរឆ្នាំក្ដី ប្រសិនមានករណីជំងឺរើឡើងវិញនោះ ម្ចាស់សត្វឆ្កែ ក៏នៅតែមានកាតព្វកិច្ចសងទៅកាន់ជនរងគ្រោះដដែល។ នេះជាការពន្យល់របស់លោក អ៊ីវ ប៉ូលី។
មេធាវីរូបនេះ បានបន្ថែមថា ក្នុងករណីអាចបន្ធូរបន្ថយការទទួលខុសត្រូវពីម្ចាស់សត្វចិញ្ចឹមបាន គឺជាគ្រោះថ្នាក់ដែលបង្កឡើងដោយមានការចូលរួមពីជនរងគ្រោះ ដូចជាជនរងគ្រោះយកឈើ ឬយកទឹក ទៅចាក់លើសត្វឆ្កែជាដើម។ ករណីដូចរៀបរាប់នេះ ជនរងគ្រោះ និងម្ចាស់ឆ្កែមានការទទួលខុសត្រូវស្មើៗគ្នា។ ប៉ុន្តែប្រសិនជាជនរងគ្រោះផ្លោះរបងផ្ទះរបស់គេ ហើយត្រូវសត្វឆ្កែខាំនោះ មិនមែនជាទំនួលខុសត្រូវរបស់ម្ចាស់សត្វឡើយ។
យ៉ាងណាមិញលោកមេធាវី ដែលបានប្រឡូកក្នុងវិស័យច្បាប់១០ឆ្នាំមកនេះ បានឲ្យដឹងថា ករណីដែលសត្វចិញ្ចឹមរបស់ខ្លួនបង្ករបួសស្នាមដល់អ្នកដំណើរ ឬអ្នកដែលមិនបានធ្វើអំពើទៅលើសត្វឆ្កែនោះ ម្ចាស់សត្វឆ្កែត្រូវទទួលខុសត្រូវ បើទោះជាក្រៅរបងផ្ទះបានសរសេរស្លាកសញ្ញាថា មានសត្វឆ្កែកាចក្តី៕
Tag:
ច្បាប់
ការចិញ្ចឹមសត្វ
សត្វឆ្កែ
© រក្សាសិទ្ធិដោយ thmeythmey.com