កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea លក់ Courtois ឲ្យ Real តែទិញអ្នកចាំទីពី Bilbao ក្នុងតម្លៃថ្លៃបំផុតលើលោក
× Chelsea បានបើកខ្ទង់ចំណាយដ៏ច្រើនសន្ធឹក នៅថ្ងៃទីផ្សារទិញដូរកីឡាករចុងក្រោយ ដើម្បីចុះហត្ថលេខាទិញយកអ្នកចាំទី Kepa Arrizabalaga ពី Athletic Bilbao ក្នុងតម្លៃ ៧១លានផោន (៩១លានដុល្លារអាមេរិក) ដែលជាតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ និង ដើម្បីជំនួសតំណែងអ្នកចាំទី Thibaut Courtois ដែលចាកចេញទៅ Real Madrid។
ការផ្លាស់ពី La Liga ទៅកាន់ក្លិបនៃក្របខណ្ឌ Premier League របស់អ្នកចាំទីសញ្ជាតិអេស្ប៉ាញ បានបំបែកកំណត់ត្រាអ្នកចាំទីថ្លៃជាងគេលើលោករបស់ Alisson ដែល Liverpool ទិញពី AS Roma ក្នុងតម្លៃ ៦៦,៨លានផោន (៨៦លានដុល្លារ) កាលពីខែកក្កដា។
Kepa វ័យ ២៣ ឆ្នាំបានយល់ព្រមចុះកិច្ចព្រមព្រៀងលើកិច្ចសន្យារយៈពេល៧ឆ្នាំនៅទឹកដី Stamford Bridge ដើម្បីជំនួសតំណែងអ្នកចាំទីដៃស្អិត Thibaut Courtois ដែលសម្រេចចិត្តទៅចូលរួមជាមួយ Real Madrid។
Kepa ក៏ជាប់ក្នុងសមាសភាពកីឡាករ២៣រូបរបស់ក្រុមជម្រើសជាតិអេស្ប៉ាញក្នុងយុទ្ធនាការ World Cup នៅរុស្ស៊ីផងដែរ ប៉ុន្តែស្ថិតក្នុងជម្រើសទី២ បន្ទាប់ពី David de Gea របស់ Manchester United។
ដោយឡែក ការចាកចេញរបស់ម្ចាស់ស្រោមដៃមាស (Golden Gloves) ពីព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកឆ្នាំ២០១៨ Thibaut Courtois ទៅកាន់ក្លិបយក្សអេស្ប៉ាញត្រូវបានកាសែតល្បីៗចុះផ្សាយថាមានតម្លៃផ្ទេរ ៣៥លានផោន (៤៥លានដុល្លារ) និងចុះកិច្ចសន្យារយៈពេល ៦ឆ្នាំ។
ប៉ុន្តែលក្ខខណ្ឌផ្ទេររបស់អ្នកចាំទីសញ្ជាតិបែលហ្សិក វ័យ២៦ឆ្នាំរូបនេះ ក៏មានជាប់ពាក់ព័ន្ធទៅនឹងការចាកចេញរបស់ខ្សែបម្រើ Mateo Kovacic ពីទឹកដី Bernabéu ទៅចូលរួមជាមួយ Chelsea វិញដែរ។ ក្រុមរហស្សនាមស្តេចសបានយល់ព្រមឲ្យសមាជិកក្រុមជម្រើសជាតិក្រូអាស៊ី វ័យ២៤ឆ្នាំរូបនេះទៅឲ្យក្លិបតោខៀវខ្ចីជើងក្នុងរយៈពេលវែង បើទោះមានក្លិបធំៗជាច្រើនកំពុងចាប់អារម្មណ៍រូបគេ ដោយហ៊ានឲ្យតម្លៃខ្លួនថ្លៃទៀតផង៕
Tag:
បាល់ទាត់
Chelsea
Kepa Arrizabalaga
Thibaut Courtois
Real Madrid
Mateo Kovacic
© រក្សាសិទ្ធិដោយ thmeythmey.com