អន្តរជាតិ
អ៊ីរ៉ង់​ក្រើនរំឭក​កូរ៉េខាងជើង​៖ អាមេរិក​មិនអាច​ជឿ​បានទេ​
09, Aug 2018 , 9:59 pm        
រូបភាព
ប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រូហានី (ស្ដាំ) ជជែកជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង រី យ៉ុងហូ (ឆ្វេង) ។ រូបភាព AFP
ប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រូហានី (ស្ដាំ) ជជែកជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង រី យ៉ុងហូ (ឆ្វេង) ។ រូបភាព AFP
​ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន់ រូ​ហា​នី នៅ​ថ្ងៃទី​៨ ខែសីហា បាន​ប្រាប់​ប្រមុខ​ការទូត​កូរ៉េខាងជើង រី យ៉ុង​ហូ ថា អាមេរិក​មិនអាច​ជឿជាក់​បានទេ​។ លោក រូ​ហា​នី និយាយ​បែបនេះ ស្រប​ពេលដែល​អាមេរិក​កំពុង​ស្វះស្វែង​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។ សម្រាប់​មេដឹកនាំ​អ៊ីរ៉ង់ អាមេរិក​មិនអាច​ទុកចិត្តបាន ព្រោះ​ហ៊ាន​ដើរ​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ហើយ​បែរ​ទៅ​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ទៅទៀត​។



​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង រី យ៉ុង​ហូ បាន​ទៅដល់​ទឹកដី​អ៊ីរ៉ង់ ស្រប​ពេលដែល​អាមេរិក​ចាប់ផ្ដើម​អនុវត្ត​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ឡើងវិញ​។ ទណ្ឌកម្ម​នេះ​បាន​ផ្អាក បន្ទាប់ពី​អាមេរិក និង​មហាអំណាច​ផ្សេងទៀត បាន​ចុះ​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ​ជាមួយ​អ៊ីរ៉ង់ សំដៅ​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ជា​ថ្នូរ​នឹង​ការលើកឡើង​ទណ្ឌកម្មសេដ្ឋកិច្ច​។ ប៉ុន្តែ​អាមេរិក​ក្រោម​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានសម្រេច​ចិត្ត​ដកខ្លួន​ជា​ឯកតោភាគី​។​

​នា​ជំនួប​ថ្ងៃទី​៨ ខែសីហា ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន់ រូ​ហា​នី បាន​ប្រា​ប់លោក រី ថា សកម្មភាព​របស់​អាមេរិក​នៅ​ឆ្នាំ​ថ្មីៗ​នេះ ធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយជា​រដ្ឋ​មិនអាច​ទុកចិត្ត​បានទេ​សម្រាប់​ពិភពលោក ព្រោះ​មិនអាច​បំពេញ​កា​ត្វ​កិច្ច​របស់ខ្លួន​បាន​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់ IRNA ដែល​ស្រង់​សម្ដី​លោក រូ​ហា​នី ទៀតថា ក្នុងស្ថានភាព​បច្ចុប្បន្ន ប្រទេស​នានា​គួរ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​លើ​ឆាក​អន្តរជាតិ​។​

​សម្ដី​របស់​ប្រធានាធិបតី​អ៊ីរ៉ង់ ជា​សារ​ក្រើនរំឭក​មួយ​សម្រាប់​កូរ៉េខាងជើង ដែល​កំពុង​ចរចា​ជាមួយ​អាមេរិក​លើ​បញ្ហា​នុយក្លេអ៊ែរ​នេះដែរ​។ លោក រូ​ហា​នី ចង់​បានន័យថា ទោះ​មាន​កិច្ចព្រមព្រៀង ក៏​អាមេរិក​អាច​ប្ដូរ​ពាក្យ​វិញ​ដែរ​។ លោក ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ឯកភាពគ្នា​នា​ជំនួប​នៅ​សិង្ហ​បុរី​ក្នុង​ការរំសាយ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ទាំងស្រុង​។ ប៉ុន្តែ​ក្នុងពេល​ជិត​ពីរ​ខែ​មកនេះ ដំណើរការ​លុបបំបាត់​នុយក្លេអ៊ែរ ធ្វើឡើង​យឺតៗ និង​មិនសូវមាន​លទ្ធផល​ផ្លែផ្កា​តាម​ការ​ឯកភាពគ្នា​ប៉ុន្មាន​ឡើយ​។​

​ជុំវិញ​បញ្ហា​នេះ ប្រមុខ​ការទូត​កូរ៉េខាងជើង​បាន​ប្រា​ប់លោក រូ​ហា​នី ថា ការដកខ្លួន​របស់​ក្រុង​វ៉ាស៊ីនតោន​ចេញពី​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ និង​ការដាក់ទណ្ឌកម្ម​ឡើងវិញ គឺជា​សកម្មភាព​ប្រឆាំង​ច្បាប់ និង​បទបញ្ញត្តិ​អន្តរជាតិ​។ ដោយ​ចង់​សំដៅ​អាមេរិក លោក រី ក៏​ប្រកាស​ពី​យុទ្ធសាស្ត្រ​របស់​កូរ៉េខាងជើង​ដែរ គឺ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់ និង​ប្រឆាំង​នយោបាយ​ឯកតោភាគី​និយម​។

​ខុសពី​កិច្ចព្រមព្រៀង​សិង្ហ​បុរី​ដែល​លោក​បង្កើត​ដោយផ្ទាល់ លោក ត្រាំ មិនដែល​ពេញចិត្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​រវាង​មហាអំណាច​ជាមួយ​អ៊ីរ៉ង់​ឡើយ​។ លោក​ចាត់ទុក​វា​ជា​កិច្ចព្រមព្រៀង​អាក្រក់​បំផុត ព្រោះ​មិនបាន​បញ្ចូល​កម្មវិធី​មី​ស៊ី​ល​បាលី​ស្ទិ​ករ​បស់​អ៊ីរ៉ង់​ឡើយ ដែល​មី​ស៊ី​ល​នេះ​ជាការ​គំរាមកំហែង​ដ៏​ធំ​របស់​អាមេរិក​។ កន្លងមក លោក ត្រាំ ក៏​ធ្លាប់​បើកផ្លូវ​ចរចា​ឡើងវិញ​ដែរ ប៉ុន្តែ​ក្រុង​តេ​ហេ​រ៉ង់​លែង​ជឿ​អាមេរិក​ទៅហើយ​៕


Tag:
 អ៊ីរ៉ង់​
  កូរ៉េខាងជើង​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com