ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ទីផ្សារ​ជ្រូក​រស់នៅ​កម្ពុជា​កំពុង​ល្អ តែ​កសិក​ដ្ឋា​ន​ធំៗ និង​ថៃ ជា​អ្នក​ចាប់​ឱកាស​នេះ​
09, Aug 2018 , 9:39 pm        
រូបភាព
រូបពីហ្វេសប៊ុក
រូបពីហ្វេសប៊ុក
ដោយ:
​ភ្នំពេញ​៖ ទីផ្សារ​ជ្រូក​រស់នៅ​កម្ពុជា ក្នុង​រយៈពេល​បួន​ប្រាំ​ខែ​ចុងក្រោយ​នេះ មា​នស​ភាពល្អ​ឡើងវិញ ដោយសារ​ពុំមាន​ការនាំ​ចូល​ជ្រូក​មកពី​ប្រទេស​វៀតណាម​។ នេះ​បើតាម​លោក ជេ​ត ភិរម្យ អនុប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​។ ជ្រូក​រស់​លក់បាន​តម្លៃ​ពី​ចន្លោះ​ជាង ៨០០០​រៀល ដល់​ទៅ​ជាង ៩០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ ក្រុមហ៊ុន​កសិដ្ឋាន​ធំៗ​ក្នុងស្រុក និង​ការនាំ​ចូល​ពី​ថៃ កំពុង​ចាប់យក​ឱកាស​នេះ ខណៈ​ការចិញ្ចឹម​ជ្រូក​ខ្នាតតូច មាន​ចំណែក​ទីផ្សារ​ប្រមាណ ១០​ភាគរយ​ប៉ុណ្ណោះ​។



​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ជេ​ត ភិរម្យ អនុប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា ខាងក្រោម​នេះ​៖






លោក ជេត ភិរម្យ អនុប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា

​លោក ជេ​ត ភិរម្យ បាន​វាយតម្លៃ​ស្ថានភាព​ទីផ្សារ​ជ្រូក​រស់នៅ​កម្ពុជា​ថា មាន​សភាព​ល្អ ដែល​អ្នក​ច​ញ្ចឹ​ម​អាច​ទទួលផល​ចំណេញ ហើយ​ពលរដ្ឋ​អ្នក​បរិភោគ​ក៏​មិន​រង​ផលប៉ះពាល់​។ លោក​បន្ថែមថា ស្ថានភាព​ទីផ្សារ​ល្អ ដែល​អ្នក​ច​ញ្ចឹ​ម​ជ្រូក កំពុង​ទទួលបាន​នេះ ទំនងជា​បន្ត​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ខាងមុខ​។ លោក​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​យក​គំរូ​នៃ​ស្ថានភាព​ទីផ្សារ​ជ្រូក​រស់​សព្វថ្ងៃនេះ​សម្រាប់​ទៅ​ថ្ងៃមុខ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ការនាំ​ចូល​ជ្រូក សមស្រប​នឹង​កង្វះខាត​ជាក់ស្ដែង​។​

​ទីផ្សារ​ជ្រូក​រស់​សព្វថ្ងៃនេះ គឺ​អំណោយផល​ដល់​អ្នក​ចិញ្ចឹម ដែល​ផ្ទុយ​ពី​ស្ថានភាព​កាលពី​ឆ្នាំ​២០១៧ កន្លងទៅ​។ ស្ថាន​ភាពល្អ ប៉ុន្តែ​ការចិញ្ចឹម​លក្ខណៈ​គ្រួសារ និង​កសិដ្ឋាន​តូចៗ​ជាច្រើន ត្រូវបាន​បោះបង់ ក្នុងពេល​កន្លងមក​។

​ក្រុមហ៊ុន​កសិក​ដ្ឋា​ន​ក្នុងស្រុក​ធំៗ និង​ការផ្គត់ផ្គង់​ពី​ប្រទេស​ថៃ កំពុង​ទទួលបាន​ផលចំណេញ​ពី​ឱកាស​ទីផ្សារ​បច្ចុប្បន្ននេះ​។ លើសពីនេះ លោក ជេ​ត ភិរម្យ មានប្រសាសន៍ថា ក្នុង​រយៈពេល​១០​ឆ្នាំ​ខាងមុខ គឺ​មានតែ​កសិក​ដ្ឋា​ន​ធំៗ​ប៉ុណ្ណោះ​ដែលមាន​វត្តមាន​ជា​អ្នកផ្គត់ផ្គង់​ជ្រូក​រស់នៅ​កម្ពុជា ពោលគឺ​មិនមាន​កសិដ្ឋាន​តូចៗ​ទៀតឡើយ​៕


Tag:
 ជ្រូក​
© រក្សាសិទ្ធិដោយ thmeythmey.com