ADB នឹង​ផ្តល់​កម្ចី​ជាង​៣​លាន​ដុល្លារ ដល់​រោង​ម៉ាស៊ីនកិន​ស្រូវ​ចំនួន​១០នៅ​កម្ពុជា​

ជាតិ
សេដ្ឋកិច្ច
ADB នឹង​ផ្តល់​កម្ចី​ជាង​៣​លាន​ដុល្លារ ដល់​រោង​ម៉ាស៊ីនកិន​ស្រូវ​ចំនួន​១០នៅ​កម្ពុជា​
10, Aug 2018 , 8:39 am         2304
រូបភាព
ជំនួបនៅថ្ងៃទីទី៩ ខែសីហា ឆ្នាំ២0១៨ រវាងលោក មូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា (ខាងឆ្វេងដៃ) និងលោក Ung Malar តំណាងមកពីស្ថាប័នស្រាវជ្រាវ និងអភិវឌ្ឍន៍ SBK ។ រូបពីហ្វេសប៊ុករបស់សហព័ន្ធស្រូវ-អង្ករកម្ពុជា
ជំនួបនៅថ្ងៃទីទី៩ ខែសីហា ឆ្នាំ២0១៨ រវាងលោក មូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា (ខាងឆ្វេងដៃ) និងលោក Ung Malar តំណាងមកពីស្ថាប័នស្រាវជ្រាវ និងអភិវឌ្ឍន៍ SBK ។ រូបពីហ្វេសប៊ុករបស់សហព័ន្ធស្រូវ-អង្ករកម្ពុជា
​ភ្នំពេញ​៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោង​ផ្តល់​កម្ចី​ជាង​៣​លាន​ដុល្លារ ដល់​រោង​ម៉ាស៊ីនកិនស្រូវ​នីមួយៗ ក្នុងចំណោម​រោង​ម៉ាស៊ីន​ទាំង​១០ នៅ​កម្ពុជា ដែល​បាន​សិក្សា​កន្លងមក​។ ការផ្តល់​កម្ចី​នេះ គឺ​ដើម្បី​អនុវត្ត​គម្រោង​សម្រាប់​ជួយ​វិស័យ​ស្រូវ​-​អង្ករ​កម្ពុជា​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​របស់​សហព័ន្ធ​ស្រូវ​-​អង្ករ​កម្ពុជា​។​


​ថ្ងៃទី​៩ ខែសីហា  លោក Ung Malar តំណាង​មកពី​ស្ថាប័ន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ SBK បាន​ជួបពិភាក្សា​ជាមួយ លោក មូល សា​រិទ្ធី អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ស្តីពី គម្រោង​អភិវឌ្ឍន៍​វិស័យ​ស្រូវ​-​អង្ករ (Rice Sector Development Program) ក្រោម​ប្រភព​ទុន​របស់ ADB​។​

​លោក Ung Malar បាន​លើកឡើងថា កន្លងមក គម្រោង​នេះ បាន​សិក្សា​ដោយ​ផ្តោតលើ​ភូមិ​ចំនួន​៩០​ក្នុង​ខេត្ត​ចំនួន​៣ រួមមាន ព្រៃវែង កំពង់ធំ និង បាត់ដំបង និង​មាន​ប្រព័ន្ធ​ស្រោចស្រព​លើ​ផ្ទៃដី​ជាង​១​ម៉ឺន​ហិច​តា​។​

​លោក បន្តថា គម្រោង​នេះ ក៏បាន​ទទួល​ការសហការ​ជាមួយនឹង​រដ្ឋាភិបាល​ផងដែរ ដើម្បី​អនុវត្ត​គម្រោង​វិស័យ​ស្រូវ​-​អង្ករ​កម្ពុជា​។ ក្នុងនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រៀបចំ​ធ្វើ​ផែនការ​ក្សេត្រ (​កិច្ចការ​ស្រែ​-​ចម្ការ​) ដើម្បី​កំណត់​យក​តំបន់​ណាមួយ ត្រូវ​នឹង​ប្រភេទ​ដំណាំ និង​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ រៀបចំ​ធ្វើ​ផែនការអភិវឌ្ឍន៍​ឃុំ ដើម្បី​កំណត់​តំបន់​ទុក​ធ្វើ​កសិកម្ម និង​តំបន់​សម្រាប់​លំនៅឋាន ។​

​ជាមួយគ្នានេះ លោក មូល សា​រិទ្ធី ទាមទារ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ បន្ត​ចូលរួម​កាន់តែច្រើន ដើម្បី​ជួយ​ពិនិត្យ​លទ្ធភាព ក្នុងការ​ផ្តល់​កម្ចី​ដែលមាន​អត្រា​ការប្រាក់​ទាប ​ដល់​រោង​ម៉ាស៊ីន និង​ដល់​សហគមន៍​កសិកម្ម​។ កន្លងមក សហគមន៍​កសិកម្ម​នៅមាន​ការខ្វះខាត​ដើមទុន​ច្រើន ពិសេស​ដើមទុន​សម្រាប់ធ្វើ​ទំនើបកម្ម​-​កសិកម្ម​បាន​ដោយ​ខ្លួនឯង​៕


Tag:
 កសិកម្ម​
  ស្រូវ​
  អង្ករ​
  ម៉ាស៊ីន​
  កម្ចី​
  ADB
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next