ជាតិ
សេដ្ឋកិច្ច
ADB នឹងផ្តល់កម្ចីជាង៣លានដុល្លារ ដល់រោងម៉ាស៊ីនកិនស្រូវចំនួន១០នៅកម្ពុជា ជំនួបនៅថ្ងៃទីទី៩ ខែសីហា ឆ្នាំ២0១៨ រវាងលោក មូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា (ខាងឆ្វេងដៃ) និងលោក Ung Malar តំណាងមកពីស្ថាប័នស្រាវជ្រាវ និងអភិវឌ្ឍន៍ SBK ។ រូបពីហ្វេសប៊ុករបស់សហព័ន្ធស្រូវ-អង្ករកម្ពុជា
× ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោងផ្តល់កម្ចីជាង៣លានដុល្លារ ដល់រោងម៉ាស៊ីនកិនស្រូវនីមួយៗ ក្នុងចំណោមរោងម៉ាស៊ីនទាំង១០ នៅកម្ពុជា ដែលបានសិក្សាកន្លងមក។ ការផ្តល់កម្ចីនេះ គឺដើម្បីអនុវត្តគម្រោងសម្រាប់ជួយវិស័យស្រូវ-អង្ករកម្ពុជា។ នេះបើយោងតាមហ្វេសប៊ុករបស់សហព័ន្ធស្រូវ-អង្ករកម្ពុជា។
ថ្ងៃទី៩ ខែសីហា លោក Ung Malar តំណាងមកពីស្ថាប័នស្រាវជ្រាវ និងអភិវឌ្ឍន៍ SBK បានជួបពិភាក្សាជាមួយ លោក មូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ស្តីពី គម្រោងអភិវឌ្ឍន៍វិស័យស្រូវ-អង្ករ (Rice Sector Development Program) ក្រោមប្រភពទុនរបស់ ADB។
លោក Ung Malar បានលើកឡើងថា កន្លងមក គម្រោងនេះ បានសិក្សាដោយផ្តោតលើភូមិចំនួន៩០ក្នុងខេត្តចំនួន៣ រួមមាន ព្រៃវែង កំពង់ធំ និង បាត់ដំបង និងមានប្រព័ន្ធស្រោចស្រពលើផ្ទៃដីជាង១ម៉ឺនហិចតា។
លោក បន្តថា គម្រោងនេះ ក៏បានទទួលការសហការជាមួយនឹងរដ្ឋាភិបាលផងដែរ ដើម្បីអនុវត្តគម្រោងវិស័យស្រូវ-អង្ករកម្ពុជា។ ក្នុងនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំធ្វើផែនការក្សេត្រ (កិច្ចការស្រែ-ចម្ការ) ដើម្បីកំណត់យកតំបន់ណាមួយ ត្រូវនឹងប្រភេទដំណាំ និងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំធ្វើផែនការអភិវឌ្ឍន៍ឃុំ ដើម្បីកំណត់តំបន់ទុកធ្វើកសិកម្ម និងតំបន់សម្រាប់លំនៅឋាន ។
ជាមួយគ្នានេះ លោក មូល សារិទ្ធី ទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមកាន់តែច្រើន ដើម្បីជួយពិនិត្យលទ្ធភាព ក្នុងការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាប ដល់រោងម៉ាស៊ីន និងដល់សហគមន៍កសិកម្ម។ កន្លងមក សហគមន៍កសិកម្មនៅមានការខ្វះខាតដើមទុនច្រើន ពិសេសដើមទុនសម្រាប់ធ្វើទំនើបកម្ម-កសិកម្មបានដោយខ្លួនឯង៕
Tag:
កសិកម្ម
ស្រូវ
អង្ករ
ម៉ាស៊ីន
កម្ចី
ADB
© រក្សាសិទ្ធិដោយ thmeythmey.com