TripAdvisor ៖​សំណង់​អង្គរវត្ត​ស័ក្ដិសម​បំផុត​សម្រាប់​ពានរង្វាន់​ជា​សំណង់​ប្រវត្តិសាស្ដ្រ​ដ៏​អស្ចារ្យ​ក្នុង​ឆ្នាំ​២០១៨​នេះ​
ជាតិ
សង្គមជាតិ
TripAdvisor ៖​សំណង់​អង្គរវត្ត​ស័ក្ដិសម​បំផុត​សម្រាប់​ពានរង្វាន់​ជា​សំណង់​ប្រវត្តិសាស្ដ្រ​ដ៏​អស្ចារ្យ​ក្នុង​ឆ្នាំ​២០១៨​នេះ​
09, Aug 2018 , 6:45 pm        
រូបភាព
សៀមរាប​៖ នៅ​រសៀល​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៨ ក្រសួងទេសចរណ៍​បានរៀបចំ​កម្មវិធី​ទទួល​ពានរង្វាន់​ដែល​ប្រាសាទអង្គរវត្ត ជាប់​ចំណាត់ថ្នាក់​ផ្ទួនៗ​ជា​សំណង់​ប្រវត្តិសាស្ដ្រ​ដ៏​អស្ចារ្យ​បំផុត​ក្នុងចំណោម​សំណង់​ប្រវត្តិសាស្ដ្រ​ល្បីៗ​ក្នុង​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៨​។ ថ្លែង​ក្នុង​ពិធី​នេះ​តំណាង​ទីភ្នាក់ងារ​ប្រឹក្សា​យោបល់​លើ​ការធ្វើដំណើរ (TripAdvisor) លោកស្រី SARA Mathews បាន​ចូលរួម​អបអរសាទរ​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​អង្គរវត្ត​ត្រូវគេ​អ្នកទេសចរ​នៅ​ជុំវិញ​ពិភពលោក​បោះឆ្នោត​គាំទ្រ​យ៉ាង​សន្ធឹកសន្ធាប់​។

 
​តំណាង​ទីភ្នាក់ងារ​ប្រឹក្សា​យោបល់​លើ​ការធ្វើដំណើរ TripAdvisor ដែលជា​វេ​ប​សារ​ល្បីល្បាញ​លើ​ពិភពលោក លោកស្រី SARA Mathews បាន​លើកឡើងថា សំណង់​អង្គរ​មាន​ចំណុច​ដ៏​អស្ចារ្យ​ជាច្រើន ដែល​ធ្វើឱ្យ​ភ្ញៀវទេសចរ​មិនអាច​បំភ្លេចបាន និង​ចង់​មក​ម្ដង​ហើយ​ចង់​មក​ម្ដងទៀត​។ អ្វីដែល​លោកស្រី​ចាប់អារម្មណ៍​នោះ គឺ​ការ​ទស្សនា​ថ្ងៃ​រះ និង​ថ្ងៃ​លិច​នៅ​អង្គរវត្ត ដែលមាន​ពន្លឺ​ពណ៌​មាស​ដ៏​អស្ចារ្យ​បំផុត ធ្វើឱ្យ​ដក់​ជាប់​ក្នុង​ចិត្ត​ភ្ញៀវទេសចរ​ជាច្រើន​។​
 
​ចំណុច​មួយទៀត​ដែល​លោកស្រី​ចាប់អារម្មណ៍​ដែរនោះ គឺ​អង្គរវត្ត​បានក្លាយ​ជាទី​កម្សាន្ត​រប​ស់​ប្រជាពលរដ្ឋ​ជាច្រើន ដោយ​ពួកគេ​តែង​ប្រើពេល​សម្រាក​នៅទីនេះ​ដើម្បី​ជួបជុំ​គ្រួសារ​ពួកគេ​ដ៏​រីករាយ​។​
 
​ថ្លែង​ក្នុង​ពិធី​ទទួល​ពានរង្វាន់​នៅមុខ​ប្រាសាទអង្គរវត្ត រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បានលើកឡើង​ពី​ភាព​អស្ចារ្យ​របស់​សំណង់​ប្រាសាទអង្គរវត្ត ដែល​ធ្វើឱ្យមាន​កំណើន​ភ្ញៀវ​ទេសចរណ៍​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ លោក​បន្ថែមថា កន្លងមក​បាន​ជួប​ភ្ញៀវទេសចរ​ជាច្រើន ហើយ​ពួកគេ​បាន​និយាយ​ច្រើន​ពី​ភាព​អស្ចារ្យ​របស់​សំណង់​ប្រាសាទអង្គរវត្ត​នេះ​។ 
 
​អ្វីដែល​លោក​រដ្ឋមន្ត្រី​បាន​សិក្សា និង​ស្វែងយល់​ពី​ចំណុច​ពិសេស​របស់​សំណង់​ប្រាសាទអង្គរវត្ត​នោះ​រួមមាន ស្ថាបត្យកម្ម ភាព​អស្ចារ្យ​នៃ​ព្រឹត្តិការណ៍​សម​រាត្រី ដែល​តែងមាន​ថ្ងៃ​រះ​ចំ​កំពូល​ប្រាង្គ​កណ្ដាល​នៅ​អំឡុង​ខែ មីនា និង​ខែកញ្ញា​ជា​រៀងរាល់ឆ្នាំ ដែល​នេះ​បង្ហាញ​ពី​ការ​គុនគូរ​យ៉ាងច្បាស់​ពី​បុព្វបុរស​ខ្មែរ​សម័យ​នោះ​។ 
 
​លោក​រដ្ឋមន្ត្រី​ក៏បាន​អរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា លើ​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ក៏ដូចជា​អាជ្ញាធរខេត្ត​ដែល​បានរួម​ចំណែក​ក្នុងការ​ធ្វើឱ្យ​អង្គរវត្ត​កាន់​តែមាន​ភាពល្បីល្បាញ​ជា​សាកល​។​
 
​គួររម្លឹកថា ប្រាសាទអង្គរវត្ត ត្រូវបាន​បោះឆ្នោត​គាំទ្រ​៥​ឆ្នាំ​ជាប់ៗ​គ្នា ជាប់​ចំណាត់ថ្នាក់​លេខ​១ តាមរយៈ​គេហទំព័រ​ល្បីៗ ដែល​ក្នុងនោះ​រួមមាន ឆ្នាំ​២០១៤ ប្រាសាទអង្គរវត្ត​ជាប់​លេខ​១ លើ​គេហទំព័រ ArchaeoMadness ជា​តំបន់​បុរាណវិទ្យា និង​ប្រវត្តិសាស្ដ្រ​ដ៏​ទាក់ទាញ​បំផុត​លើ​ពិភពលោក​។ ឆ្នាំ​២០១៥ អង្គរវត្ត​ជាប់​ចំណាត់ថ្នាក់​លេខ​១ ពី​គេហទំព័រ TripAdvisor ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ដ្រ​ដ៏​ល្បីល្បាញ​លើ​ពិភពលោក​។ ឆ្នាំ​២០១៦ តាមរយៈ​គេហទំព័រ Lonely Planet ជា​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​ដ៏​ល្បីល្បាញ​បំផុត​លើ​ពិភពលោក​។ និង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ គេហទំព័រ TripAdvisor បាន​បន្ត​ផ្ទាល់​ចំណាត់ថ្នាក់​លេខ​១ ដល់​ប្រាសាទអង្គរវត្ត ក្នុងឋានៈ​ជា​សំណង់​ប្រ​វ​ត្ដិ​សាស្ដ្រ​ដ៏​អស្ចារ្យ​បំផុត​លើ​ពិភពលោក​៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម