ជាតិ
បោះឆ្នោត
នយោបាយជាតិ
មេធាវីការពារក្តីឲ្យសកម្មជនអតីតCNRP ដាក់ពាក្យបណ្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃនេះ
× ភ្នំពេញ៖ មេធាវីការពារក្តីឲ្យសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ដាក់ពាក្យបណ្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីប្រឆាំងការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពាក់ព័ន្ធករណីម្រាមដៃស្អាត។ សកម្មជនអតីតគណបក្សសង្គ្រោះជាតិ៣នាក់ រងការផាកពិន័យពី៥ ទៅ១០លានរៀល។
ដោយយល់ឃើញថា ការសម្រេចរបស់គ.ជ.ប លើកូនក្តីខ្លួនមិនសមហេតុផលនោះ លោក សំ សុគង់ បានរៀបចំបណ្ដឹងដាក់ទៅក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី១០ សីហានេះ ដើម្បីរកយុត្តិធម៌សម្រាប់ពួកគេ។ លោក សំ សុគង់ ដែលចាត់ទុកការសម្រេចរបស់គ.ជ.ប មិនត្រឹមត្រូវនោះ បានពន្យល់ថា ករណីកូនក្តីខ្លួន ដែលបានថតបង្ហោះរូបភាពម្រាមដៃស្អាតនេះ គឺជាសិទ្ធិបញ្ចេញមតិរបស់ពួកគេក្នុងនាមជាពលរដ្ឋធម្មតា ប៉ុន្តែគ.ជ.ប បែរជាសម្រេចយកករណីនេះ ភ្ជាប់ទៅរឿងនយោបាយទៅវិញ។
មេធាវីការពារក្តីឲ្យសកម្មជនអតីតគណបក្សសង្គ្រោះជាតិ៣រូបនេះ បានបកស្រាយដូច្នេះថា៖«បើពិនិត្យមើលក្តីរំពឹងឈ្នះនោះ យើងមានតិចតួច ព្រោះទាក់ទងករណីកូនក្តីទាំង៣នាក់នេះ ត្រូវបានគ.ជ.ប សន្មត់ថា ពួកគេជាក្រុមបក្សប្រឆាំង ហើយភ្ជាប់ករណីពួកគេ ទៅយុទ្ធនាការម្រាមដៃស្អាត តាមការអំពាវនាវរបស់ប្រធានបក្សប្រឆាំងលោក សម រង្ស៊ី ដែលគណបក្សប្រជាជន ចាត់ទុកជាការប្រឆាំងរារាំងការបោះឆ្នោត ដូច្នេះបើមើលការសម្រេចនេះ វាភ្ជាប់រឿងនយោបាយច្រើនជាង ដែលនាំឲ្យប៉ះពាល់ និងពិបាកដោះស្រាយដល់កូនក្តីយើង។ តែយ៉ាងណាយើងត្រូវដាក់ពាក្យប្ដឹងបន្ត ដើម្បីរកយុត្តិធម៌ឲ្យពួកគេ»។
សកម្មជនអតីតគណបក្សសង្គ្រោះជាតិទាំង៣នាក់ ដែលរងការផាកពិន័យនេះ រួមមានឈ្មោះ ថោង សារឿន និង គ្រុយ គឹមសាំង ដែលត្រូវបានគ.ជ.ប បន្ធូរបន្ថយការផាកពិន័យពី១០លានរៀល មកនៅត្រឹម៥លានរៀល ខណៈលោក ជា ជីវ ដែលជាអតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវរក្សាការផាកពិន័យ១០លានរៀលដដែល តាមការសម្រេចរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង។ ចំណែកឈ្មោះ ម៉ាង ឈុន និង ពៅ តាំង រួចផុតពីការផាកពិន័យ។ នេះជាការសម្រេចរបស់គ.ជ.ប កាលពីថ្ងៃទី៨ សីហា។
ជុំវិញការសម្រេចនេះលោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប បានពន្យល់ថា មូលហេតុដែលគ.ជ.ប សម្រេចរក្សាការផាកពិន័យលោក ជា ជីវ ទឹកប្រាក់១០លានរៀលនេះ ព្រោះតែគ.ជ.ប រកពិនិត្យឃើញបុគ្គលនេះ ជាមេខ្លោងនៅក្នុងយុទ្ធនាការម្រាមដៃស្អាត ដែលនាំឲ្យប៉ះពាល់ដល់ដំណើការបោះឆ្នោតកន្លងមក។ ចំណែកឈ្មោះ ថោង សារឿន និង គ្រុយ គឹមសាំង ដែលត្រូវបានបន្ធូរបន្ថយការផាកពិន័យនេះ គឺជាអ្នករងអំពើ(ចូលរួមធ្វើតាមគេ)ពីលោក ជា ជីវ ខណៈដែលបុគ្គលពីរទៀត រួចផុតពីការផាកពិន័យ ដោយសារតែពួកគេទាំងពីរគ្មានសកម្មភាពធំដុំ ដូចអ្នកទាំងបីនោះ ពោលគឺមិនថតរូបបង្ហោះជាសាធារណៈ លើបណ្ដាញសង្គម។
មិនតែប៉ុណ្ណោះលោក សោម សូរីដា បានអះអាងថា សកម្មភាពម្រាមដៃស្អាតរបស់លោក ជា ជីវ នេះហើយ ដែលធ្វើឲ្យតួលេខសន្លឹកឆ្នោតមិនបានការ កើនឡើង៦០ម៉ឺនសន្លឹក ដែលស្មើនឹង៩ភាគរយ បើធៀបនឹងការបោះឆ្នោតកន្លងមក ដែលមានសន្លឹកឆ្នោតមិនបានការតែ៣ភាគរយប៉ុណ្ណោះ។ ដោយមិនអស់ចិត្តលោក សោម សូរីដា បានបន្តបកស្រាយដោយលើកយកការខកចិត្តរបស់ជប៉ុន និងអន្តរជាតិនានា ជុំវិញការបោះឆ្នោតនេះ មកទម្លាក់ឲ្យយុទ្ធនាការម្រាមដៃស្អាតរបស់លោក ជា ជីវ នេះ។
គួរបញ្ជាក់ថា បុគ្គលទាំង៥នាក់ ដែលរងបណ្តឹងពីគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបងខាងលើនេះ បាននាំគ្នាជួបជុំនៅផ្ទះលោក ជា ជីវ នៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ កាលពីថ្ងៃទី១៩កក្កដា ដើម្បីធ្វើយុទ្ធនាការម្រាមដៃស្អាត។ ការធ្វើយុទ្ធនាការនេះ ត្រូវបានគណបក្សប្រជាជន ចាត់ទុកជាការរារាំងដល់ដំណើរការបោះឆ្នោត ទើបសម្រេចប្ដឹងមកគ.ជ.ប៕
Tag:
សំ សុគង់
ជា ជីវ
CNRP
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com