ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ស្នើ​ឲ្យ​ថៃ​សម្រួល​ការនាំ​ទំនិញ​ទៅ​ថៃ ដើម្បី​សម្រេច​ទំហំ​ពាណិជ្ជកម្ម ១៥​ពាន់​លាន​ដុល្លារ​
10, Aug 2018 , 7:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កម្ពុជា​បា​នព​ន្លឿ​នភា​គី​ថៃ ឲ្យ​ឈានដល់​កិច្ចព្រមព្រៀង​លើ​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន និង​សម្រួល​នីតិវិធី​នាំចូល​ផលិតផល​កសិកម្ម​ពី​កម្ពុជា ដើម្បី​សម្រេចបាន​ទំហំ​ដោះដូរ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​ចំនួន ១៥​ពាន់​លាន​ដុល្លារ ត្រឹម​ឆ្នាំ​២០២០ ។



​ការជំរុញ​ឲ្យ​ភាគី​ថៃ​សម្រួល​បញ្ហា​មួយចំនួន​នេះ ត្រូវបាន​ធ្វើឡើង​ក្នុងជំនួប​រវាង​ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា  និង​គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​ជន​ថៃ ដែល​ប្រតិភូ​ទាំងនោះ បានមក​ស្វែងយល់​ពី​បរិយាកាស​វិនិយោគ និង​រក​ឱកាស​ចាប់​ដៃគូ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា កាលពី​ថ្ងៃទី​៧​ខែសីហា​។ ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក សុខ សុភ័ក្ត្រ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ភាគី​ថៃ​នាំមុខ​ដោយ​លោកស្រី Doungjai Chanthon ប្រធាន​អនុគណៈកម្មការ​ពាណិជ្ជ​កម្ម​តាម​ព្រំដែន និង​ឆ្លង​ព្រំដែន​សម្រាប់​ប្រទេស​កម្ពុជា និង​វៀតណាម នៃ​សភាពាណិជ្ជកម្ម​ថៃ​។​

​លោក សុខ សុភ័ក្ត្រ បានស្នើ​សភាពាណិជ្ជកម្ម​ថៃ ជួយ​ជំរុញ​រដ្ឋាភិបាល​ថៃ លើ​បញ្ហា​មួយចំនួន​។ បើតាម​ព័ត៌មាន​ដែល​ផ្សាយ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងពាណិជ្ជកម្ម ភាគី​កម្ពុជា​ស្នើ​ថៃ​ឲ្យ​ព​ន្លឿ​ន​ការចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MOU) លើ​ទំនិញ​ឆ្លងកាត់​ព្រំដែន​។ ទី​២ កម្ពុជា​ជំរុញ​ឲ្យ​ថៃ​ចុះ MOU ដើម្បី​ឲ្យ​មានការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​តាម​គ្រប់​ច្រក​។ ក្រសួង​អះអាងថា កន្លងមក​ទើបតែ​មានការ​អនុញ្ញាត​ត្រឹមតែ​តាម​ច្រក​ប៉ោយប៉ែត​-​អារញ្ញ​ប្រាថេត តែមួយ​ប៉ុណ្ណោះ​។ និង​ស្នើ​ឲ្យ​ថៃ​បន្ថែម​កូតា​ដោយ​អនុញ្ញាត​ឲ្យ​រថយន្ត​ឆ្លងកាត់​ពី ១៥០ ទៅ​៣០០​គ្រឿង​។ ទី​៣ កម្ពុជា​ស្នើ​ឲ្យ​ថៃ​សម្រួល​នីតិវិធី​នាំចូល​ទំនិញ​កសិកម្ម​ពី​កម្ពុជា ដោយ​ចៀសវាង​ការដាក់​ឧបសគ្គ​នានា ដែល​ធ្វើ​ឲ្យ​កម្ពុជា និង​ថៃ មិនអាច​សម្រេច​គោលដៅ​ពាណិជ្ជកម្ម ១៥​ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០២០ ។​

​តំណាង​សភាពាណិជ្ជកម្ម​ថៃ បាន​សន្យា​នឹង​យក​ចំណុច​ទាំងនេះ​ប្រាប់​ក្រសួង​ដែល​ពាក់ព័ន្ធ​របស់​ថៃ ដើម្បី​ជំរុញ​ឲ្យ​សម្រេច​ទិសដៅ​ដោះដូរ​ទំនិញ ដែល​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរបាន​បានកំណត់​។​

​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ថៃ កាលពី​ឆ្នាំ​២០១៧ មាន​ទឹកប្រាក់ ៦,១៦​ពាន់​លាន​ដុល្លារ កើនឡើង ១០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែលមាន​ត្រឹម ៥,៦​ពាន់​លាន​ដុល្លារ​៕


Tag:
 កម្ពុជា​-​ថៃ​
© រក្សាសិទ្ធិដោយ thmeythmey.com