Fulham ជា​ក្រុម​ទើប​ឡើង​ពី​លី​គ​ទី​២​ដំបូង​គេ​ដែល​ចាយ​លើសពី​១០០​លាន​ដុលា​រទិញ​កីឡាករ

កីឡាអន្តរជាតិ
អន្តរជាតិ
Fulham ជា​ក្រុម​ទើប​ឡើង​ពី​លី​គ​ទី​២​ដំបូង​គេ​ដែល​ចាយ​លើសពី​១០០​លាន​ដុលា​រទិញ​កីឡាករ
10, Aug 2018 , 7:39 pm         9576
រូបភាព
 Fulham ដែល​ទើប​ឡើងទៅ​កាន់ Premier League បានប្រកាស​ពី​ការចំណាយ​លើ​ការទិញចូល​កីឡាករ​ថ្មីៗ​ជាច្រើន​នៅមុន​បើក​រដូវ​កាល​ក្នុង​រង្វង់​ទឹកប្រាក់​រហូតដល់​១០០​លាន​ផោន (១២៨​លាន​ដុល្លារ​អាមេរិក​) ដែល​នេះ​ជាការ​ចំណាយ​ច្រើន​បំផុត​មិន​ធ្លាប់មាន​ក្នុងនាម​ក្លិប​ដែល​ឡើង​ពី​ក្របខណ្ឌ​ទី​២ Championship​។


​ក្លិប​ដែលមាន​ម្ចាស់​ជា​មហាសេដ្ឋី​ជនជាតិ​ប៉ា​គី​ស្ថាន Shahid Khan បាន​ធ្លាក់​ចេញពី​ក្របខណ្ឌ​កំពូល ទៅលេង​ក្នុង​ក្របខណ្ឌ​ទី​២​អង់គ្លេស​ចាប់តាំងពីរ​ដូ​វ​កាល ២០១៤-២០១៥​មក ពោលគឺ​រយៈពេល​៤​រដូវ​កាល​មកហើយ​មុន​ឡើងទៅ​កាន់ Premier League វិញ​នៅ​រដូវ​កាល​២០១៨-២០១៩​នេះ ក្រោយ​បាន​ចំណាត់ថ្នាក់​លេខ​៣​នៅ Championship កាលពី​ឆ្នាំមុន និង​បន្ត​ឈ្នះ​នៅ​វគ្គ Play-off​។​

Fullham បាន​បញ្ចេញ​ខ្ទង់ចំណាយ​យ៉ាងច្រើន​សម្រាប់​រដូវ​កាល​ថ្មី​នេះ​ដោយបាន​នាំចូល​កីឡាករ​ទៅកាន់​ទឹកដី Craven Cottage សរុប​ចំនួន ១១​រូប ដែល​ក្នុងនោះ​កីឡាករ​ទិញ​ដាច់​៧​រូប និង​លក្ខខណ្ឌ​ខ្ចី​ជើង​៥​រូប​។​

​កីឡាករ​ទាំង​៧ ដែល​ក្លិប​មាន​មូលដ្ឋាន​នៅ​ភាគ​ខាងលិច​ក្រុង​ឡុង​ដ៏​នេះ បាន​ចំណាយ​ប្រាក់ ១២៨​លាន​ដុល្លារ​អាមេរិក មានដូចជា Jean Michael Seri (Nice), Maxime Le Marchand (Nice), Fabricio Agosto Ramirez (Besiktas), Aleksandar Mitrovic (Newcastle), Alfie Mawson (Swansea), Joe Bryan (Bristol City) និង André-Frank Zambo Anguissa (Marseille)​។​

​ដោយឡែក​កីឡាករ​ខ្ចី​ជើង​៥​រូប​មាន Calum Chambers (Arsenal), Sergio Rico (Sevilla), Luciano Vietto (Atletico Madrid), Timothy Fosu-Mensah (Manchester United) និង Andre Schurrle (Borussia Dortmund)​។​

​ការចំណាយ​រហូតដល់​១២៨​លាន​ដុល្លារ​នេះ​មានន័យថា​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ទូទៅ​លោក Slaviša Jokanović ក្លាយជា​ក្លិប​ទី​១ ក្នុងនាម​ក្រុម​ទើប​ឡើង​ពី​ក្របខណ្ឌ​ទី​២​ហើយ​ហ៊ាន​ចាយប្រាក់​លើសពី​១០០​លាន​ដុល្លារ​។ Fulham ក៏​ជា​ក្លិប​លំដាប់​ទី​៣​បន្ទាប់ពី Liverpool និង​Chelsea ដែល​ចំណាយ​ច្រើនជាងគេ​ក្នុងចំណោម​ក្លិប​ទាំង​២០ នៅ Premier League រដូវ​កាល​នេះ​ផងដែរ​៕


Tag:
 បាល់ទាត់​
  Fulham
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1213next