ជាតិ
ព្រះតេជគុណ គូ សុភាព បង្កើតថ្នាក់សិក្សាពីព្រះធម៌ និងសមាធិ ដើម្បីជួយដល់អ្នកមានវិបត្តិផ្លូវចិត្ត
× ដោយមើលឃើញថា ពលរដ្ឋកាន់តែច្រើនឡើងៗមានវិបត្តិផ្លូវចិត្ត និងគ្មានទីតាំងដែលអប់រំផ្លូវចិត្ត តាមបែបពុទ្ធសាសនាច្រើននៅឡើយ ព្រះតេជគុណ គូ សុភាព គង់នៅវត្ត និគ្រោធវ័ន(គល់ទទឹង) បានបង្កើតថ្នាក់រៀនអំពីព្រះធម៌ និងសមាធិ បន្ថែមពីលើវីដេអូ ដែលព្រះអង្គបានផ្សាយតាមបណ្ដាញសង្គម។ បើទោះជាមួយសប្ដាហ៍សិក្សាតែមួយម៉ោងកន្លះ នៅរៀងរាល់ចន្ទក៏ដោយ តែព្រះតេជគុណជឿថា ប្រសើរជាងមិនមានទាល់តែសោះ។
ដើម្បីជ្រាបកាន់តែច្បាស់ថា ការសិក្សាពីព្រះធម៌ និងសមាធិនេះ អាចជួយអ្វីខ្លះលើផ្លូវចិត្តនោះ សូមស្ដាប់បទយកការណ៍ដែលរៀបចំដោយកញ្ញា ថាន រស្មី ដូចតទៅ៖
នេះជាសកម្មភាពបង្ហាត់បង្រៀនពីព្រះធម៌ របស់ព្រះតេជគុណ គូ សុភាព គង់វត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង នៅក្នុងថ្នាក់សិក្សាព្រះធម៌ និងសមាធិ ឈ្មោះថា វិប្បសា ដែលបង្កើតឡើងដោយព្រះអង្គផ្ទាល់ និងលោក នឹម ឈុន្នី គ្រូបង្ហាត់សមាធិ។ ថ្នាក់សិក្សាព្រះធម៌ និងសមាធិនេះ បង្កើតឡើងកាលពីអំឡុងដើមឆ្នាំ២០១៨ ដោយសារតែមើលឃើញថា ពលរដ្ឋខ្មែរកាន់តែច្រើនកំពុងមានវិបត្តផ្លូវចិត្ត និងភាពតានតឹង។
វិប្បសា បើកបង្រៀនរៀងរាល់ថ្ងៃចន្ទ។ ការសិក្សាមានរយៈពេលមួយម៉ោងកន្លះ។ រយៈពេល១ម៉ោងដំបូង គឺជាការអប់រំអំពីព្រះធម៌ ហើយមានការសម្រាយណែនាំពីព្រះតេជគុណគូ សុភាព។ «សំឡេងលោកគ្រូ គូ សុភាព បង្រៀនពីព្រះធម៌»
ក្រោយពេលដែលបង្កើតថ្នាក់រៀននេះ អស់រយៈជាង៦ខែមកហើយ ព្រះតេជគុណសង្កេតឃើញថា ចំនួនអ្នកមកចូលរួមកាន់តែច្រើនជាងមុន។ «ភាគច្រើនគាត់បានស្ដាប់នៅក្នុងហ្វេសប៊ុក ហើយគាត់ក៏មកជាប្រចាំ ហើយគាត់បាននាំបងប្អូនគាត់មកច្រើន។ មើលទៅគាត់ឃើញគាត់បានធូរស្បើយជាងមុន បើទោះមិនបានទាំងស្រុងតែក៏បានច្រើនដែរ»។
ព្រះគ្រូសូត្រស្ដាំគង់នៅវត្ត និគ្រោធវ័នអង្គនេះ ក៏បានណែនាំបន្ថែមថា នៅពេលដែលមានទុក្ខ គួរដកខ្លួនសម្រាកមួយរយៈ ឬអាចនិយាយប្រាប់ទៅកាន់មនុស្សណាម្នាក់ដែលទុកចិត្ត ចំណែកឯព្រះធម៌គឺ ជួយឲ្យមនុស្សហ៊ានទទួលការពិតដែលកើតឡើង។ «អ្នកមានវិបត្តិចាំបាច់ត្រូវមានមនុស្សម្នាក់នៅក្បែរ ដើម្បីប្រាប់បញ្ហា ហើយអ្នកដែលប្រាប់នោះជាមនុស្សដើរតួរសំខាន់ក្នុងការជួយសង្គ្រោះផ្លូវចិត្ត ឯអ្នកមានវិបត្តិកាន់តែធ្ងន់មែនទែនត្រូវរកពេទ្យព្យាបាល ហើយមានពេលសម្រាក និងចាប់ផ្ដើមរៀនពីធម៌ ពីដំណើរធម្មជាតិនៃជីវិត ព្រោះសេចក្ដីទុក្ខកើតឡើងពីការមិនទទួលស្គាល់ការពិត»។
ក្រោយបញ្ចប់ម៉ោងរៀនអំពីព្រះធម៌ កន្លះម៉ោងក្រោយគឺការសិក្សាអំពីការធ្វើសមាធិ។ ការធ្វើសមាធិត្រូវបានបង្រៀនដោយលោក នឹម ឈុន្នី ជាអ្នកមានបទពិសោធន៍សមាធិជាង២០ឆ្នាំ។ សមាធិ គឺជាការជួយឲ្យមនុស្សអាចគ្រប់គ្រងលើដង្ហើមរបស់ខ្លួនបាន គ្រប់គ្រងបានបែបនេះហើយ ដែលអាចជួយឲ្យមនុស្សគ្រប់គ្រងអារម្មណ៍របស់ខ្លួនបាន។ «នៅពេលដែលយើងមកធ្វើសមាធិគឺយើងរៀនអំពីប្រព័ន្ធនៃការគិត រៀនរបៀបនៃការគិត ឲ្យយើស្ថិងតក្នុងចំណុចវិជ្ជមាន ឲ្យយើងគិតនៅក្នុងផ្លូវកុសលគិតរឿងសេចក្ដីសុខ សេចក្ដីល្អ ហើយសេចក្ដីល្អទាំងនោះកើតឡើងតាមរយៈផ្លូវដង្ហើមរបស់យើង»។
បើទោះជាការសិក្សាពីសមាធិ មានរយៈពេលមិនដល់មួយម៉ោងក្ដី តែលោក នឹម ឈុន្នី យល់ឃើញថា ប្រសើរជាងមិនបានធ្វើទាល់តែសោះ។ «ក្នុងពេលមួយម៉ោងដែលយើងបានជួប វាមិនគ្រប់គ្រាន់ទេ វាតិចណាស់ ប៉ុន្តែហោចណាស់ឲ្យគាត់បានទទួលបទពិសោធន៍ថា សេចក្ដីសុខផ្លូវចិត្តមានលក្ខណៈយ៉ាងម៉េច? ហើយចំណុចថាមពលវិជ្ជមានមានអារម្មណ៍យ៉ាងម៉េច? ឲ្យគាត់ទទួលបានបទពិសោធន៍តាមរយៈការអនុវត្ត»។
ក្រោយពីប្រើប្រាស់ថ្នាំរំងាប់អារម្មណ៍ដោយសារជំងឺបាក់ទឹកចិត្ត អស់រយៈពេល៦ឆ្នាំមកហើយ អ្នកស្រី លុយ ចាន់នា បានងាកមកធ្វើសមាធិ និងសិក្សាពីព្រះធម៌ ដើម្បីបញ្ឈប់ការប្រើថ្នាំរំងាប់អារម្មណ៍។ ស្ត្រីវ័យ ៣២ឆ្នាំរូបនេះ បានចាប់អារម្មណ៍លើព្រះធម៌ នៅពេលដែលបានឃើញការផ្សព្វផ្សាយរបស់ព្រះគ្រូ គូ សុភាព តាមបណ្ដាញសង្គម។ បើទោះជាទើបតែបានសិក្សាមួយរយៈពេលខ្លីក៏ពិតមែន តែអ្នកស្រី ជឿជាក់ថា ព្រះធម៌ និងសមាធិអាចជួយអ្នកស្រីឲ្យបានប្រសើរឡើង។ អ្នកស្រីចាន់នា និងបងប្អូនចំនួន៥នាក់ផ្សេងទៀតបានមកសិក្សារៀងរាល់សប្ដាហ៍។ «ភាគរយដែលបានគឺប្រហែល២០ភាគរយទេអូន ៨០ទៀតយើងនៅមិនទាន់យល់អ្វីឲ្យប្រាកដទេ គ្រាន់យើងនិយាយតាមអ្វីដែលយើងឮទេ តែយកទៅអនុវត្តគឺបានត្រឹមតែ២០ភាគរយ។ នៅនេះសិក្សាពីសមាធិស្វែងយល់ពីដង្ហើមរបស់យើង ហើយលោកគ្រូ គូ សុភាព ប្រៀនប្រដៅយើងអំពីព្រះត្រៃបិតក»។
ដោយនៅមិនទាន់ផ្ដាច់ថ្នាំរំងាប់អារម្មណ៍បាននៅឡើយ ស្ត្រីមានមាឌធំ និងមានទឹកចិត្តល្អរូបនេះ បានឲ្យដឹងថា ទោះអ្នកស្រីបានរៀបការជាង៣ឆ្នាំ ហើយក្ដី តែបើសិនជាមិនអាចផ្ដាច់ថ្នាំបានទេអ្នកស្រីមិនទាន់យកកូនឡើយ។ «បើកាលណាបងនៅប្រើប្រាស់ថ្នាំបងមិនយកដាច់ខាត តែគ្រួសារបងយល់ពីបង បងគិតថាបើកាលណាយើងប្រើថ្នាំ ហើយយកកូនប៉ះពាល់ដល់គេ ចឹងបងថែមការគិតមួយទៀតហើយ។ ចឹងវាពិបាកទាំងកូនទាំងម៉ាក់ ចាំពេលសុខភាពបង និងការគិតរបស់បងបានប្រសើរបងនឹងគិតឡើងវិញ»។
មិនមែនមានតែអ្នកស្រី លុយ ចាន់នា នោះទេ ដែលពេញចិត្តក្នុងការសិក្សាពីព្រះធម៌ និងសមាធិ នៅក្នុងថា្នក់រៀនដែលមានឈ្មោះថា វិបស្សានេះ មានអ្នកចូលរៀនរៀងរាល់សប្ដាហ៍ជិត៣០នាក់។ ក្នុងនោះ កញ្ញា គឹម ហៀង ជាអ្នកដែលបានមកសិក្សាតាំងពីបើកថ្នាក់ដំបូង បានឲ្យដឹងថា ការសិក្សាពីព្រះធម៌គឺបានជួយឲ្យផ្លូវចិត្តរបស់កញ្ញាត្រជាក់ ដូចទឹក និងមិនមានភាពឆេវឆាវច្រើន។
«ពេលបងមករៀនការអប់រំផ្លូវចិត្តល្អ ឲ្យយើងចេះបត់បែនដូចទឹក ចង់ឲ្យចិត្តយើងត្រជាក់និងចេះបត់បែនដូចទឹកដូចគ្នា។ ហើយសមាធិឲ្យរៀនដកដង្ហើមចេញចូល និងកាត់បន្ថយការខឹងដូចគ្នា។ ដូចលោកគ្រូ គូ សុភាព ថា បើផ្ទះគេធំគេមានកាមេរ៉ាមើលផ្ទះគេ ហើយចិត្តយើងដូចគ្នាត្រូវធ្វើសមាធិដើម្បីស្វែងយល់ពីចិត្តខ្លួនឯង ថាបានធ្វើអីគេខ្លះ»។
យ៉ាងណាមិញរាល់អ្នកដែលបានចូលរួមសិក្សាពីព្រះធម៌ និងសមាធិរួច អ្នកទាំងនោះបានស្នើទៅព្រះតេជគុណ គូ សុភាព និងលោកគ្រូ នឹម ឈុន្នី បន្ថែមម៉ោងសិក្សាទៀត ដើម្បីឲ្យអ្នកចូលរួមបានអនុវត្តច្រើន។ ហេតុនេះហើយព្រះតេជគុណ គូ សុភាព និងលោកគ្រូ នឹម ឈុន្នី បានសន្យាថា នឹងស្វែងរកម៉ោងបន្ថែម អាច១សប្ដាហ៍២ដង ដើម្បីឲ្យអ្នកសិក្សាមានឱកាសសិក្សាពីព្រះធម៌ និងសមាធិកាន់តែច្រើន។ ទោះគ្រោងបន្ថែមម៉ោងសិក្សាក្ដីតែលោកគ្រូទាំង២ បានណែនាំឲ្យយកទៅអនុវត្តខ្លួនឯងនៅឯផ្ទះបន្ថែមទៀត។ តួយ៉ាងដូចជាការសមាធិ គួរអនុវត្តមួយថ្ងៃ២ដង ក្រោយក្រោកពីគេងសមាធិឲ្យបាន៥នាទី និងមុនចូលគេងគួរសមាធិឲ្យបាន៥នាទី។ ការធ្វើបែបនេះ អាចជួយអ្នកឲ្យមានចិត្តស្ងប់ និងគេងលក់ស្រួល៕
© រក្សាសិទ្ធិដោយ thmeythmey.com