រដ្ឋាភិបាល ថា អូស្ត្រាលី គឺជា​មិត្ត​ល្អ ដែល​គ្មាន​បំណង​ដាក់​សម្ពាធ​លើ​កម្ពុជា​ឡើយ​
ជាតិ
បោះឆ្នោត
រដ្ឋាភិបាល ថា អូស្ត្រាលី គឺជា​មិត្ត​ល្អ ដែល​គ្មាន​បំណង​ដាក់​សម្ពាធ​លើ​កម្ពុជា​ឡើយ​
10, Aug 2018 , 9:19 pm        
រូបភាព
សម្ដេច ហ៊ុន សែន ចាប់ដៃនាយករដ្ឋមន្រ្តីអូស្ត្រាលី ម៉ាល់ខម ធើនប៊ូល នាជំនួបអាស៊ាន-អូស្ត្រាលី។ (រូបភាព AFP)
សម្ដេច ហ៊ុន សែន ចាប់ដៃនាយករដ្ឋមន្រ្តីអូស្ត្រាលី ម៉ាល់ខម ធើនប៊ូល នាជំនួបអាស៊ាន-អូស្ត្រាលី។ (រូបភាព AFP)
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បញ្ហា​បោះឆ្នោត​នៅ​កម្ពុជា នៅតែ​ស្ថិតក្នុង​ក្រសែភ្នែក​អន្តរជាតិ សូម្បីតែ​អូស្ត្រាលី ដែលជា​ប្រទេសមួយ​ក្បែរ​តំបន់​អាស៊ី ក៏​រិះគន់​ការបោះឆ្នោត​នៅ​កម្ពុជា​ដែរ​។ អូស្ត្រាលី​ថា ខ្លួន​នឹងធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា និង​អន្តរជាតិ មុននឹង​ពិចារណា​ចំពោះ​ស្ថានការណ៍​កម្ពុជា​។ អ្នកនាំពាក្យ​គណៈរដ្ឋមន្ត្រី​ថា សម្តី​ការទូត​របស់​អូស្ត្រាលី​នេះ គឺ​គ្មាន​គោលបំណង​ដាក់​សម្ពាធ​លើ​កម្ពុជា​ឡើយ​។​



​ការបោះឆ្នោត​នៅ​កម្ពុជា ប្រព្រឹត្តិ​ទៅដោយ​មិន​សេរី និង​យុត្តិធម៌​ឡើយ ដោយសារតែ​មានការ​បង្ក្រាប​លើ​គណបក្សនយោបាយ សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ។ នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី Julie Bishop រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី ជុំវិញ​សំនួរ​ដែល​ផ្ដោតលើ​ការតាមដាន​របស់​អូស្ត្រាលី ក្នុងការ​បោះឆ្នោត​ឆ្នោត​នៅ​កម្ពុជា​។​

​បន្ទាប់ពី​បង្ហាញ​ទស្សន​ជុំវិញ​ការបោះឆ្នោត​រួច លោកស្រី Julie Bishop ត្រូវ​ឆ្លើយ​សំនួរ​មួយទៀត​របស់​អ្នកកាសែត​ទូរទស្សន៍ ABC របស់​អូស្ត្រាលី ដែល​សួរ​ភ្ជាប់​នឹង​វិធានការ​ទណ្ឌកម្ម​លើ​កម្ពុជា​។ លោកស្រី Julie Bishop ឆ្លើយ​យ៉ាង​ប្រុងប្រយ័ត្ន​ចំពោះ​សំនួរ​មួយ​នេះ ដោយ​លោកស្រី បាន​និយាយថា អូស្ត្រាលី​នឹងធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ទទួល​ចម្លើយ​ពី​ភាគី​កម្ពុជា​សិន ។​

​តាមរយៈ​វីដេអូ​ឃ្លី​ប ក្នុង​កិច្ចសម្ភាសន៍​រវាង​លោកស្រី Julie Bishop ជាមួយ​ទូរទស្សន៍ ABC នៅមុន​ចូលរួម​កិច្ចប្រជុំ​ក្រសួងការបរទេស​អាស៊ាន នៅ​សិង្ហ​បុរី កាលពី​ថ្ងៃទី​២ សីហា កន្លងមក​ថា​៖« នៅ​ចន្លោះ​ពេលនេះ យើង​នឹង​ទំនាក់ទំនង និង​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ហើយ​យើង​មិន​ត្រឹមតែ​ស្វែងរក​ការឆ្លើយតប​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​យើង​ក៏​ធ្វើការ​ពិភាក្សា​ជាមួយ​ប្រទេស​ដទៃ​ផងដែរ ដើម្បី​រក​ចំណាត់ការ​ឲ្យ​មាន​ប្រសិទ្ធភាព​។ ហើយ​យើង​មាន​ជម្រើស​ច្រើន ក្នុងការ​ពិចារណា​»​។​

​ដ្បិត​អូស្ត្រាលី​លើកឡើង​បែបនេះ​ក្តី រដ្ឋាភិបាល​កម្ពុជា នៅតែ​ចាត់ទុក​អូស្ត្រាលី គឺជា​មិត្ត​ល្អ​។ សម្រាប់​លោក ផៃ ស៊ី​ផាន ពាក្យសម្ដី​របស់​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​ខាងលើនេះ គឺជា​ភាសា​ការទូត ដើម្បី​ឆ្លើយតប​នឹង​ទូរទស្សន៍​ABC ប៉ុណ្ណោះ ហើយក៏​មិនមែនជា​សម្តី​គំរាមកំហែង​កម្ពុជា ដូច​ប្រទេស​ដទៃ​ឡើយ​។ អ្នកនាំពាក្យ​គណៈរដ្ឋមន្ត្រី​រូបនេះ ហ៊ាន​និយាយថា កម្ពុជា និង​អូស្ត្រាលី គឺជា​មិត្ត​ដែល​មិនអាច​កាត់ផ្ដាច់​បាន ដូច្នេះ​អូស្ត្រាលី គ្មាន​គោលបំណង​ដាក់​សម្ពាធ​លើ​កម្ពុជា​នោះទេ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ផៃ ស៊ី​ផាន បានបញ្ជាក់​ដូច្នេះ​ថា​៖«​សម្តី​អូស្ត្រាលី​នេះ បង្ហាញ​ពី​ជំហរ​ប្រទេស​ជា​មិត្ត មិនមែនជា​ទិសដៅ​ចង់​ដាក់​អាណានិគម និង​ទណ្ឌកម្ម​មកលើ​កម្ពុជា​ដូច​ប្រទេស​អន្តរជាតិ​ដទៃ ដែល​ចង់​ធ្វើ​អាណាព្យាបាល​កម្ពុជា​ទេ​។ អូស្ត្រាលី និង​កម្ពុជា គឺជា​ដៃ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ហើយ​ឈរលើ​ជំហរ​កិច្ចសហប្រតិបត្តិការ​ល្អ​នឹង​គ្នា​ទៅវិញទៅមក​លើ​គ្រប់​វិស័យ​»​។​

​ជុំវិញ​ការបោះឆ្នោត​នៅ​កម្ពុជា​នេះ មាន​ប្រទេស​ខ្លះ​សាទរ​ជ័យជម្នះ​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​ក៏មាន​ប​ប្រទេស​ខ្លះ​មិន​ពេញចិត្ត​ការបោះឆ្នោត​ដែរ​។ មិន​ពេញចិត្ត ដោយសារតែ​អន្តរជាតិ យល់ឃើញថា ការបោះឆ្នោត​កម្ពុជា រៀបចំឡើង​ក្នុង​បរិយាកាស​នយោបាយ​មិនល្អ ដែលមាន​ការរំលាយ​គ​ណ​បក្សប្រឆាំង សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ អន្តរជាតិ​ទាំងនោះ​រិះគន់ថា ការបោះឆ្នោត​នៅ​កម្ពុជា មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពលរដ្ឋ ដែល​ចង់​ជ្រើសរើស​អ្នកតំណាង​របស់​ពួកគេ បាន​ដោយ​សេរី ដោយ​ការរំលាយ​គណបក្សប្រឆាំង​។​

​តែ​យ៉ាងណា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ី​ផាន ធ្លាប់បាន​និយាយថា ការចូលរួម​បោះឆ្នោត​របស់​ពលរដ្ឋ​ខ្មែរ ដែលមាន​ចំនួន​៨២,៨៩​ភាគរយ​នេះ គឺ​បង្ហាញ​ពី​ឆន្ទៈ​របស់​ពួកគេ គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ។ បើតាម​លោក ផៃ ស៊ី​ផាន លទ្ធផល​បោះឆ្នោត​នេះ ក៏​ជា​សារ​មួយ​ឆ្លើយតប​ទៅ​អន្តរជាតិ ដែល​កំពុង​បរាជ័យ​ក្នុង​ដាក់​សម្ពាធ​មកលើ​កម្ពុជា​ផងដែរ​៕ 


Tag:
 អូស្ត្រាលី​
  បោះឆ្នោត​
  គ​.​ជ​.​ប
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 67772 [1] => 9,78 [2] => រដ្ឋាភិបាល ថា អូស្ត្រាលី គឺជា​មិត្ត​ល្អ ដែល​គ្មាន​បំណង​ដាក់​សម្ពាធ​លើ​កម្ពុជា​ឡើយ​ [3] => content [4] => [5] => អូស្ត្រាលី​, បោះឆ្នោត​, គ​.​ជ​.​ប [6] => 0 [7] => 0 [8] => )