សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
IMF៖ សេដ្ឋកិច្ចឥណ្ឌាប្រៀបដូចជាដំរីកំពុងចាប់ផ្ដើមរត់
× ឥណ្ឌាកំពុងស្ថិតលើផ្លូវទៅកាន់ប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេរបស់ពិភពលោក។ នេះជាការទស្សទាយរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។ ស្ថាប័នមួយនេះបានគិតគូរលើនយោបាយកំណែទម្រង់នានារបស់រដ្ឋាភិបាលនាយករដ្ឋមន្ត្រី នារិន្ទ្រា ម៉ូឌី ដែលកំពុងហុចផលត្រឡប់វិញ និងបានជំរុញកំណើនសេដ្ឋកិច្ចក្នុងអត្រាច្រើនជាង៧ភាគរយក្នុងមួយឆ្នាំនៅឆ្នាំក្រោយ និងឆ្នាំបន្ទាប់ទៀត។ ប៉ុន្តែឥណ្ឌាត្រូវដោះស្រាយបញ្ហាប្រឈមដូចជាអតិផរណា និងកំណើនថ្លៃប្រេងផង។
«សេដ្ឋកិច្ចឥណ្ឌាប្រៀបដូចជាសត្វដំរីដែលចាប់ផ្ដើមរត់។» នេះជាការលើកឡើងរបស់លោក Ranil Salgado ប្រធានបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំឥណ្ឌា ដោយសំដៅលើទំហំសេដ្ឋកិច្ចដល់ទៅ២.៦ទ្រីលានដុល្លារ ជាមួយនឹងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំច្រើនជាង៧ភាគរយ។ នយោបាយសេដ្ឋកិច្ចរបស់នាយករដ្ឋមន្ត្រី នារិន្ទ្រា ម៉ូឌី ដូចជាការកែប្រែពន្ធលើទំនិញ និងសេវាកម្ម ជាកត្តាជំរុញកំណើនសេដ្ឋកិច្ចរបស់មហាអំណាចមួយនេះ។
ក្នុងរបាយការណ៍ចេញថ្ងៃទី៨ ខែសីហា លោក Salgado បានព្យាករកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌាក្នុងឆ្នាំ២០១៨ នេះចំនួន៧.៣ភាគរយរហូតដល់ខែមីនាឆ្នាំ២០១៩ ។ចាប់ពីឆ្នាំ២០១៩ អត្រាកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌានឹងកើនដល់៧.៥ភាគរយឯណោះ ដែលនោះជាកំណើនមួយដ៏លឿនប្រៀបធៀបនឹងប្រទេសនានា។ បើតាមរបាយការណ៍ដដែលនេះ កំណើនសេដ្ឋកិច្ចរបស់ឥណ្ឌាមានទំហំប្រមាណ១៥ភាគរយនៃកំណើនសេដ្ឋកិច្ចពិភពលោក។
យោងតាមសារព័ត៌មានឥណ្ឌា Times of India ប្រធានសាខា IMF ខាងលើបានលើកសរសើរឥណ្ឌា និងចាត់ទុកមហាអំណាចអាស៊ីខាងត្បូងមួយជាប្រភពរយៈពេលវែងនៃកំណើនសេដ្ឋកិច្ចសកលផង។ លោក Salgado បញ្ជាក់ថា ឥណ្ឌានឹងក្លាយតួអង្គជំរុញកំណើនសេដ្ឋកិច្ចសាកលបន្ទាប់ពីអាមេរិក និងចិន ព្រោះឥណ្ឌាមានពេលបីទសវត្សរ៍ទៀតទម្រាំដល់ពេលដែលចំនួនកម្លាំងពលកម្មធ្លាក់ចុះ ហើយបីទសវត្សរ៍ខាងមុខ ឥណ្ឌាអាចដូចជាចិនទៀតផង។
យ៉ាងណាមិញ សេដ្ឋកិច្ចឥណ្ឌា ក៏ត្រូវប្រឈមមុខបញ្ហជាច្រើន មិនថាក្នុងស្រុក ឬក្រៅស្រុកឡើយ។ សម្រាប់បញ្ហាក្នុងស្រុក នយោបាយពន្ធលើទំនិញ និងសេវាកម្មរបស់នាយករដ្ឋមន្ត្រី ម៉ូឌី បានជួយជំរុញកំណើនសេដ្ឋកិច្ចខ្លាំង តែ IMF ស្នើឲ្យឥណ្ឌាបន្តកែទម្រង់ទៀត និងពង្រឹងប្រព័ន្ធពន្ធថែមទៀត។ ការធ្លាក់ចុះតម្លៃប្រាក់រូពីក្នុងឆ្នាំ២០១៨ នេះ នឹងនាំឲ្យអតិផរណាឡើងថ្លៃដែរ ខណៈស្ថាប័នផ្ដល់កម្ចីរបស់រដ្ឋ ក៏ជួបបញ្ហាបំណុលគួរឲ្យបារម្ភដែរ។
ទំនាស់ផ្នែកពាណិជ្ជកម្ម និងការឡើងថ្លៃប្រេង ជាកត្តាក្រៅស្រុកសំខាន់ពីរ ដែលបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចឥណ្ឌា។ នយោបាយដំឡើងពន្ធរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ពិតជាធ្វើឲ្យឥណ្ឌាជួបបញ្ហាផ្នែកនាំចេញ។ ក្រៅពីនោះ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ក៏នឹងជះឥទ្ធិពលលើឥណ្ឌាផងដែរ បន្ថែមពីលើការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុសាកលនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com