ជាតិ
បោះឆ្នោត
លទ្ធផលបណ្តោះអាសន្ន៖ CPP ទទួលបានជិត៥លានសំឡេង
11, Aug 2018 , 8:35 am        
រូបភាព
ពលរដ្ឋខ្មែរតម្រង់ជួរ​បោះឆ្នោត​កាលពីថ្ងៃទី​២៩​ខែ​កក្កដា​ឆ្នាំ​២០១៨
ពលរដ្ឋខ្មែរតម្រង់ជួរ​បោះឆ្នោត​កាលពីថ្ងៃទី​២៩​ខែ​កក្កដា​ឆ្នាំ​២០១៨
ដូច​កាលវិភាគ​ដែល​បាន​គ្រោងទុក​ គណៈកម្មាធិការជាតិ​រៀប​ចំ​​ការបោះឆ្នោត (គ.ជ.ប) បាន​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ការ​បោះឆ្នោត​​នីតិកាលទី​៦​នៅព្រឹក​ថ្ងៃ​ទី​១១​​ខែ​សីហានេះ។ លទ្ធផល​ដែល​ត្រូវបាន​ផ្សាយផ្ទាល់​តាម​រយៈ​ទូរទស្សន៍​ជាតិ បង្ហាញ​ថាគណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្តេច​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ទទួល​បាន​សំឡេង​ ៤ ៨៨៩ ១១៣ លើស​ដាច់ឆ្ងាយ​ពីគូប្រកួត​១៩​គណបក្ស​ផ្សេងទៀត។



មានឈ្មោះថាទទួលបាន​សំឡេង​ច្រើនបន្ទាប់ ក្នុង​​លំដាប់​ទី​ពីរ និង​ទី​បី​មែន​ ប៉ុន្តែគណបក្ស​ហ៊្វុន​ស៊ីនប៉ិច និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ក៏​នៅ​ទទួល​បាន​សំឡេង​តិច​ជាង​ខ្លាំង​​បើធៀប​ជាមួយ​គណបក្ស​ប្រជាជ​ន​កម្ពុជា​នោះ។ តារាង​លទ្ធផល​បង្ហាញ​ថា គណបក្ស​ហ៊្វុន​ស៊ីនប៉ិច​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឬទ្ធិ ទទួ​ល​បាន​សំឡេង​ឆ្នោត​ ៣៧៤ ៥១០ សំឡេង បន្ត​ដោយគណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោក ខឹម វាសនា ​ ដែលទទួលបាន​សំឡេងឆ្នោត​ចំនួន​ ៣០៩ ៣៦៤ សំឡេង។

ក្នុងចំណោម​គណបក្ស​ចំនួន​៩ដែល​បាន​ឈរ​ឈ្មោះ​នៅ​គ្រប់ទូទាំង​២៥​រាជធានីខេត្ត គណបក្ស​សញ្ជាតិ​កម្ពុជា​ទទួលបានគាំទ្រ​តិចជាងគេ​ជាមួយនឹងសំឡេង​ឆ្នោត ៤៥៣៧០សំឡេង។

យោងតាម​លទ្ធផលបណ្តោះអាសន្ននេះ​ដដែល អ្នកដែលបាន​ទៅបោះឆ្នោតមានចំនួន​ ៦ ៩៥៦ ៩០០ នាក់ ដែល​ស្មើ​នឹង​ ៨៣,០២ភាគរយ នៃចំនួនអ្នកដែលមានឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ចំនួន ៨ ៣៨០ ២១៧ នាក់។ តារាង​លទ្ធផល​បណ្តោះ​អាសន្ន​ ក៏​បង្ហាញ​ដែរ​ថា ក្នុង​ចំណោម​សន្លឹក​ឆ្នោត​របស់​អ្នក​ដែល​បាន​ចូលរួម​បោះឆ្នោត​​ទាំងអស់​នោះ មានសន្លឹក​ឆ្នោត​មិនបានការ​ចំនួន ៥៩៤ ៦៥៩ សន្លឹក។

យោងតាម​​សេចក្តីសម្រេច​របស់​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត គ្រប់គណបក្ស​នយោបាយ​ដែលបានឈរឈ្មោះនៅក្នុង​ការ​បោះឆ្នោតកន្លងទៅនេះ អាច​ប្តឹង​តវ៉ាអំពី​លទ្ធផល​មួយផ្នែក ឬលទ្ធផល​ទាំងអស់​នៃ​ការ​បោះឆ្នោត​ ទៅ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត ឬទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ក្នុង​រយៈពេល​៧២ម៉ោង​យ៉ាង​យូរ បន្ទាប់​ពី​ការ​ប្រកាស​លទ្ធផល​បណ្តោះអាសន្ននេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com