ជាតិ
សេដ្ឋកិច្ច
ស្រូវ​និង​បន្លែ​ជាង ៣​ពាន់​ហិច​តា ក្នុង​ខេត្ត​ចំនួន​៦ បាន​ខូច​ទាំងស្រុង ដោយ​ជំនន់​ទឹកភ្លៀង​
11, Aug 2018 , 10:10 am        
រូបភាព
​ស្រូវ​សរុប​ចំនួន ១៦៨១​ហិច​តា និង​ដំណាំ​បន្លែ​ផ្សេងៗ​ចំនួន​១៥៦១​ហិច​តា ក្នុង​ខេត្ត​ចំនួន​៦ ដែល​ជាប់​ទន្លេមេគង្គ ត្រូវបាន​ខូចខាត​ទាំងស្រុង​ដោយ​ជំនន់​ទឹកភ្លៀង​។ ខេត្ត​រងគ្រោះ​ទាំង​៦ នោះ​មាន ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និង​កណ្តាល​។  នេះ​បើតាម លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​១០ ខែសីហា​។​


​អ្នកនាំពាក្យ​រូបនេះ បាន​បន្ថែមទៀតថា ក្រៅពី​ចំនួន​ខូចខាត​ទាំងស្រុង​ខាងលើ នៅមាន​ស្រូវ និង​សន្ទូង​ជាង​២,៧​ម៉ឺន​ហិច​តា និង​ចម្ការ​បន្លែ ផ្លែឈើ​ជិត​៦០០០​ហិច​តា កំពុង​លិចលង់ និង​ប្រឈម​នឹង​ការ​ខូច ផងដែរ​។  
 
​ជាមួយគ្នានេះ ប្រជាពលរដ្ឋ​ជាង​៦​ម៉ឺន​គ្រួសារ ក្នុងស្រុក​ចំនួន​៣៧ នៅ​ខេត្ត​ទាំង​៦​លើ កំពុង​ជួបនឹង​គ្រោះ​ជន់​លិច​នេះ​។ ក្នុងនោះ មាន​៥១១២​គ្រួសារ ត្រូវបាន​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​ចំនួន​៥៣​កន្លែង​។ 
 
​លោក បាន​បញ្ជាក់ថា ការប៉ះពាល់ និង​ការខូចខាត​នេះ គឺ​បណ្តាលមកពី​កម្ពុជា បាន​រង​ឥទ្ធិពល​សម្ពាធ​ទាប និង​ព្យុះ​ផ្សេងៗ​ជាច្រើន ពី​បណ្តា​ប្រទេស​ជាប់​អាង​ទន្លេមេគង្គ និង​ប្រទេស​ចិន​ជាដើម ដែល​ស្របពេល​ជាមួយនឹង​វស្សា​នៅ​កម្ពុជា​បានមក​ដល់ ទើបបាន​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ពិសេស​ខេត្ត​ដែល​ជាប់​ទន្លេមេគង្គ​នេះ​តែម្តង​៕

Tag:
 ជំនន់​ទឹកភ្លៀង​
  ស្រូវ​
  ចម្ការ​
© រក្សាសិទ្ធិដោយ thmeythmey.com