កីឡាជាតិ
ជាតិ
ប្រណាំង​យានយន្ត​កាត់​ឧបសគ្គ​៖ កម្ពុជា​រំពឹង​បាន​លទ្ធផល​ល្អ និង​ជំរុញ​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន និង​គោរព​ច្បាប់​
11, Aug 2018 , 11:06 am        
រូបភាព
លោក ហូ សិទ្ធិគុណ (អាវស)ថ​តជា​មួយ​មិត្ត​រួម​ក្រុម ដែល​ត្រៀ​មចេញ​ទៅប្រ​កួ​​តប្រទេ​​​សថៃ
លោក ហូ សិទ្ធិគុណ (អាវស)ថ​តជា​មួយ​មិត្ត​រួម​ក្រុម ដែល​ត្រៀ​មចេញ​ទៅប្រ​កួ​​តប្រទេ​​​សថៃ
ដោយ:
​ប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា លោក មៀ​ច សុផាន់​ណា ផ្តាំ​ឲ្យ​កីឡាករ​កីឡាការិនី ត្រូវគោរព​ច្បាប់​ប្រកួត និង​គិតពី​សុវត្ថិ​ភាពជា​ចម្បង ពេល​ចូលរួម​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ​ជ្រើសរើស​ជើងឯក​អាស៊ី​នៅ​ប្រទេស​ថៃ​។ ថ្នាក់ដឹកនាំ​សហព័ន្ធ​រូបនេះ រំពឹងថា កម្ពុជា​នឹង​ទទួលបាន​លទ្ធផល​ល្អ សម្រាប់​ការចូលរួម​ប្រកួត​ផ្លូវ​ការលើក​ទី​៣​របស់ខ្លួន​។ ការប្រកួត​នឹង​ចេញដំណើរ​ពី​ប្រទេស​ថៃ មក​បញ្ចប់​នៅ​កម្ពុជា ដែល​ស្ថានភាព​ផ្លូវត្រូវ​ជិះ​កាត់​ព្រៃ វាលស្រែ ភ្នំ ឡើង​ទួល និង​ចុះ​ទួល​ជាដើម​។​

 
​ដោយ​ការប្រកួត​កីឡាករ​ត្រូវ​បើក​លើផ្លូវ​មាន​ឧបសគ្គ ដូចជា​ចុះឡើង​ភ្នំ កាត់​ព្រៃ​ប្រឹក្សា វាលស្រែ និង​ចុះឡើង​ទួល​ជាដើម ដូច្នេះ​កីឡាករ​កីឡាការិនី​កម្ពុជា ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ និង​បើកបរ​ដោយ​ប្រុងប្រយ័ត្ន​ខ្ពស់ ពិសេស​ត្រូវ​គិតពី​សុវត្ថិភាព ជាជាង​លទ្ធផល​។ នេះ​ជាការ​ផ្តាំផ្ញើ​របស់លោក មៀ​ច សុផាន់​ណា ប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា តាមរយៈ​លោក សូ ឃុន​វីរៈ អនុប្រធាន​សហព័ន្ធ ដែល​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៨​។​


 
​ប្រធាន​សហព័ន្ធ​រូបនេះ ក៏​ស្នើ​ឲ្យ​កីឡាករ​កីឡាការិនី​គោរព​ច្បាប់ និង​លក្ខខណ្ឌ​នៃ​ប្រកួត​ផងដែរ​។ ការស្នើ​បែបនេះ គឺ​ដើម្បី​រក្សា​ភាពថ្លៃថ្នូរ និង​កិត្តិយស ព្រោះ​លោក​មិន​ចង់​ឲ្យ​ប្រទេស​ចូលរួម​ដទៃ វាយតម្លៃ​កម្ពុជា​ក្នុង​ផ្លូវ​មិនល្អ​។ ជា​ចុងក្រោយ លោក​សង្ឃឹមថា កម្ពុជា​នឹង​ទទួលបាន​លទ្ធផល​ល្អ​ពី​ការប្រកួត​នេះ​។​
 
​ជាមួយគ្នានេះ លោក ហូ សិទ្ធិគុណ តំណាង​ក្លិប Kara Cambodia ដែល​ត្រូវ​ចូលរួម​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​នេះ បាន​អះអាងថា ការប្រកួត​ក្រោម​ការរៀបចំ​របស់​សហ​ព័ន្ធ​កីឡា​យានយន្ត​អន្តរជាតិ​នេះ គឺ​ផ្តោត​សំខាន់​លើ​សុវត្ថិ​ភាពជា​ចម្បង ដោយ​រថយន្ត​នីមួយៗ​ត្រូវ​បំពាក់​ដោយ​ឧបករណ៍​សុវត្ថិភាព ដូចជា​បំពង់​ពន្លត់​អគ្គិ​ស​ភ័យ មួកសុវត្ថិភាព និង​ឧបករណ៍​សុវត្ថិភាព​ជាច្រើន​ទៀត​។​


 
​លោក ហូ សិទ្ធិគុណ ដែលជា​អនុប្រធាន​សហព័ន្ធ​ផង​នោះ​បន្ថែមថា កម្ពុជា​ធ្លាប់​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​អាស៊ី​នេះ​ពីរលើក​រួម​មកហើយ ដោយនៅ​ឆ្នាំ​២០១៥ ក្រុម​ម៉ូតូ​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ខណៈ​ឆ្នាំ​២០១៦ កម្ពុជា​មិន​ទទួលបាន​ចំណាត់ថ្នាក់​នោះទេ​។ ដោយ​កាល​ណេះ កម្ពុជា​បញ្ជូន​តែ​ក្រុម​ឡាន​ចូលរួម​តែប៉ុណ្ណោះ​។ 
 
​ទោះបី​មិន​ហ៊ាន​ដាក់​គោលដៅ​ជាក់លាក់​ពី​លទ្ធផល​យ៉ាងណាក៏ដោយ តែ​លោក ហូ សិទ្ធិគុណ ដែលជា​អ្នកបើករថយន្ត​ផ្ទាល់​ក្នុងការ​ប្រណាំង​នេះ​ប្តេជ្ញា​ថា លោក​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ស្វែងរក​លទ្ធផល​ល្អប្រសើរ​មួយ​ជូន​ជាតិ​មាតុភូមិ​។ ការរំពឹង​បែបនេះ ដោយសារ​កម្ពុជា​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ​សម្រាប់​ការចូលរួម​ប្រជែង​នៅ​ឆ្នាំនេះ​។​
 
​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា នឹង​បញ្ជូន​រថយន្ត​២​និង​ម៉ូតូ​៤​គ្រឿង​មាន​គ្នា​សុ​រប​១៣​នាក់ ឲ្យ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ Asia Cross Country Rally 2018 នៅ​ទីក្រុង​ប៉ា​តា​យ៉ា​ប្រទេស​ថៃ​។ ការប្រកួត​ដែល​គ្រោង​ប្រព្រឹត្តទៅ​ចន្លោះ​ពីថ្ងៃ​ទី​១៣-១៨ ខៃ​សីហា ឆ្នាំ​២០១៨ មាន​ប្រទេស​ចំនួន​៨​ចូលរួម​ដូចជា កម្ពុជា ថៃ ជប៉ុន អូស្ត្រាលី កូរ៉េ ព្រុយ​ណេ ឥណ្ឌូណេស៊ី និង​តៃវ៉ាន់​។  


 
​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ​នេះ នឹង​ចេញដំណើរ​នៅ​ទីក្រុង​ប៉ា​តា​យ៉ា​ប្រទេស​ថៃ រួចមក​បញ្ចប់​នៅ​ទីក្រុង​ភ្នំពេញ​។ ក្នុងនោះ​នៅ​ថ្ងៃទី​១៣ ខែសីហា ប្រណាំង​ពី​ទីក្រុង​ប៉ា​តា​យ៉ា​ទៅ​កាប៊ីន​បូរី​(Kabinburi), ថ្ងៃទី​១៤ សីហា ប្រណាំង​ក្នុង​ខេត្ត​បូរី​រ៉ា​ម​(Buriram), ថ្ងៃទី​១៥ ខែសីហា ប្រណាំង​ពី​ខេត្តសៀមរាប​ទៅ​ព្រះវិហារ​, ថ្ងៃទី​១៦ ខែសីហា ចេញដំណើរ​ពី​ខេត្តសៀមរាប​ទៅ​ព្រះវិហារ រួចមក​កំពង់ធំ​, ថ្ងៃទី​១៧ សីហា ប្រណាំង​ពី​ខេត្តកំពង់ធំ​មក​កំពង់ចាម និង​ថ្ងៃទី​១៨ ខែសីហា ពី​កំពង់ចាម​មក​បញ្ចប់​នៅ​ភ្នំពេញ​។ 
 
​ព្រឹត្តិការណ៍ Asia Cross Country Rally 2018 លើក​ទី​២៣ មាន​យានយន្ត​ចូលរួម​សរុប​ចំនួន​១២៧​គ្រឿងក្នុង​នោះ​ឡាន​៩៨ និង​ម៉ូតូ​២៩​គ្រឿង ដោយមាន​កីឡាករ​ចូលរួម​សរុប​ចំនួន​៣៥០​នាក់​។ សម្រាប់​កម្ពុជា ក្រៅពី​កីឡាករ ដែល​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​ចំណាត់ថ្នាក់ ក៏មាន​ក្រុម​ឡាន​១​គ្រឿង​ចូលរួម​ប្រកួត​ដើម្បី​ដកស្រង់​បច្ចេកទេស និង​យក​ជា​បទពិសោធ​ផងដែរ​៕ 



Tag:
 កីឡា​យានយន្ត​
  មៀ​ច សុផាន់​ណា​
  ហូ សិទ្ធិគុណ​
© រក្សាសិទ្ធិដោយ thmeythmey.com