ជាតិ
សេដ្ឋកិច្ច
កម្ពុជា នាំចេញ​សម្លៀកបំពាក់​មាន​ទំហំ​ទឹកប្រាក់​ជាង ៤​ពាន់​លាន​ដុល្លារ ក្នុង​ឆមាស​ទី​១
11, Aug 2018 , 7:39 pm        
រូបភាព
​ឆមាស​ទី​១ ឆ្នាំ​២០១៨ កម្ពុជា​សម្រេចបាន​ទំហំ​ពាណិជ្ជកម្ម​សរុប ១៣៩៨៥​លាន​ដុល្លារ​។ ក្នុងនោះ ការនាំចេញ​មាន​ចំនួន​ប្រមាណ ៥៧៩៤​លាន​ដុល្លារ កើនឡើង​១១​ភាគរយ និង​ការ​នាំចូល មាន​ចំនួន ៨១៩១​លាន​ដុល្លារ កើនឡើង​១០.៦​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៧​។ នេះ​បើតាម​របាយការណ៍​ពាក់កណ្ដាល​ឆ្នាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC)​។​


​របាយការណ៍​បាន​បន្ថែមថា ក្នុង​ទំហំ​ពាណិជ្ជកម្ម​នៃ​ការនាំចេញ​របស់​កម្ពុជា ចំនួន​៥៧៩៤​លាន​ដុល្លារ​នេះ ការនាំចេញ​សម្លៀកបំពាក់​មាន​ទំហំ​ទឹកប្រាក់​ចំនួន ៤១៤៣​លាន​ដុល្លារ កើនឡើង​១១​ភាគរយ ។ ចំណែក​ផលិតផល​កសិកម្ម មាន​២៧២​លាន​ដុល្លារ កើនឡើង​៨​ភាគរយ   និង​ការនាំចេញ​ផ្សេងៗ​មាន​ចំនួន ១៣៧៩​លាន​ដុល្លារ កើនឡើង​១៤​ភាគរយ​។ 
 
​កន្លងមក​រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​លោក ប៉ាន់ សូ​ស័ក្តិ បាន​បញ្ជាក់ថា សមាហរណកម្ម​សេដ្ឋកិច្ច​នេះ បាន​បើក​ច្រក​ទីផ្សារ នាំចេញ​កាន់តែ​ទូលំទូលាយ​សម្រាប់​កម្ពុជា នៅក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ MFN, GSP, និង EBA ផ្តល់​ដោយ ប្រទេស​ចំនួន ៣២ ក្នុង​ពិភពលោក​។​
 
​កាលពី​ឆ្នាំ​២០១៧ ការនាំចេញ​របស់​កម្ពុ​ជា មានតម្លៃ​ប្រមាណ ១១,២​ពាន់​លាន​ដុល្លារ កើនឡើង​ជាង​៩​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ មាន​ទឹកប្រាក់​១០,២​ពាន់​លាន​ដុល្លារ​។ ការនាំ​ចូល​មាន​ទំហំ​ទឹកប្រាក់​ជាង​១៥​ពាន់​លាន​ដុល្លារ កើនឡើង​ជិត​១០​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៦ មាន​ជាង​១៤​ពាន់​លាន​ដុល្លារ​។ 
 
​ផលិតផល​នាំចេញ​សំខាន់ៗ​របស់​កម្ពុជា រួមមាន វាយនភ័ណ្ឌ សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿង​អេឡិចត្រូនិក ទោចក្រយានយន្ត ផល​នេសាទ ជ័រកៅស៊ូ ឈើ​កែច្នៃ អង្ករ ដំឡូង​មី គ្រាប់ស្វាយចន្ទី ពោតក្រហម សណ្តែកសៀង ម្រេច ផ្លែស្វាយ​ស្រស់ ដូងប្រេង និង​ទំនិញ​កសិកម្ម​ដទៃទៀត សម្រាប់​ទីផ្សារ អឺរ៉ុប អាម៉េរិក កាណាដា ជប៉ុន ចិន និង​អាស៊ាន ជាដើម​៕

Tag:
 ពាណិជ្ជកម្ម​
  នាំចេញ​-​នាំចូល​
  ប៉ាន សូរ​ស័ក្ដិ
© រក្សាសិទ្ធិដោយ thmeythmey.com