អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់ មិន​ទើស​អ្នកណា​ឡើយ​
11, Aug 2018 , 8:19 pm        
រូបភាព
​នៅ​ថ្ងៃទី​១០ ខែសីហា ចិន​បាន​និយាយ​ការពារ​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់ខ្លួន​ជាមួយ​អ៊ីរ៉ង់ ក្រោយពី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ គំរាម​ដាក់ទណ្ឌកម្ម​។ តាមរយៈ​ក្រសួងការបរទេស​រប​ស់​ខ្លួន ក្រុង​ប៉េកាំង​និយាយថា ការរកស៊ី​ជាមួយ​ក្រុង​តេ​ហេ​រ៉ង់ ជា​រឿង​ត្រឹមត្រូវ ស្របតាម​ច្បាប់​អន្តរជាតិ ដែល​មិនបាន​ប៉ះពាល់​ដល់​អ្នកណា​ឡើយ​។ ដោយ​ចង់​សំដៅ​អាមេរិក ចិន​ក៏​ប្រកាស​ជំហរ​ប្រឆាំង​ដាច់ខាត​នយោបាយ​ដាក់ទណ្ឌកម្ម​ឯកតោភាគី​។​

 
​ទន្ទឹមនឹង​ការដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ឡើងវិញ អាមេរិក​ក៏​ព្រមាន​ដាក់​ចាត់វិធានការ​លើ​ក្រុមហ៊ុន​បរទេស​ទាំងឡាយ​ទាំងពួង​ណា​ដែល​នៅតែ​រកស៊ី​ជាមួយ​អ៊ីរ៉ង់​។ ក្រុមហ៊ុន​ជាច្រើន ជាពិសេស​ក្រុមហ៊ុន​អឺរ៉ុប​ដែល​រកស៊ី​ជំនួញ​ប្រេង និង​ថាមពល​ជាមួយ​អ៊ីរ៉ង់ សុទ្ធតែរ​អាការ​គំរាម​របស់​អាមេរិក ដោយ​ខ្លះ​បាន​ដកខ្លួន​លែង​រកស៊ី​ជាមួយ​អ៊ីរ៉ង់ ហើយ​ខ្លះទៀត​ក៏​គិតគូរ​ដកខ្លួន ឬ​កាត់បន្ថយ​ការវិនិយោគ​នៅ​អ៊ីរ៉ង់​ដែរ​។ ប៉ុន្តែ​ចិន​វិញ​មិនបាន​ព្រឹ​នឹង​សម្ដី​របស់​អាមេរិក​ឡើយ​។​
 
​តាមពិតទៅ ក្រុង​វ៉ាស៊ីនតោន​ចាប់ផ្ដើម​អនុវត្ត​ទណ្ឌកម្ម​ជាថ្មី​នោះ ក្រុង​ប៉េកាំង​បានការ​ពារ​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់ខ្លួន​ជាមួយ​ក្រុង​តេ​ហេ​រ៉ង់ ដែលជា​ការរកស៊ី​ដោយ​បើកចំហ និង​មាន​តម្លាភាព​។ ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​១០ ខែសីហា ក្រសួង​ការ​បរ​ទស​ចិន​ប្រកាស​ជំហ​របស់ខ្លួន​ដែល​ប្រឆាំង​ការដាក់ទណ្ឌកម្ម​ជា​ឯកតោភាគី និង​ការអនុវត្ត​ច្បាប់​ខ្លួនឯង​លើ​ប្រទេស​ផ្សេង​។ 
 
«​អស់​ពេល​ជា​យូរ​មកហើយ ចិន និង​អ៊ីរ៉ង់​មាន​កិច្ចសហប្រតិបត្តិការ​បើក​ចំហ តម្លាភាព និង​ធម្មតា​លើ​វិស័យ​ជាច្រើន​ដូចជា​ពាណិជ្ជកម្ម ថាមពល ដែលជា​ទំនាក់ទំនង​ប្រកបដោយ​យុត្តិធម៌ មាន​ហេតុផល និង​ស្របច្បាប់​។​» នេះ​ជា​អត្ថន័យ​របស់​សេចក្ដី​ការណ៍​ខាងលើ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters  ដែល​បន្តថា ទំនាក់​ទំ​ង​ពាណិជ្ជ​កម្មនេះ ក៏​មិន​បំពាន​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ ឬ​កាតព្វកិច្ច​អន្តរជាតិ​របស់​ចិន ឬក៏​ប៉ះពាល់​ផលប្រយោជន៍​ប្រទេស​ណា​ដែរ​។​
 
​ជាមួយគ្នានេះ ចិន បាន​ក៏​ស្នើ​ឲ្យ​ទំនាក់ទំនង​រវាង​ខ្លួន និង​អ៊ីរ៉ង់ ត្រូវបាន​គោរព និង​ការពារ​ដែរ​។ សម្រាប់​ការដាក់ទណ្ឌកម្ម​នេះ ចិន​ប្រឆាំង​ដាច់ខាត​តែម្ដង ទោះជា​តិចតួច​បំផុត​ក៏ដោយ ហើយ​ការ​គំរាម​អ្នកដទៃ ក៏​មិនអាច​ដោះស្រាយ​បញ្ហា​ដែរ​។ ចិន​បានស្នើ​ឲ្យ​មាន​ការចរចា និង​ការជជែក​គ្នា​ដោយស្មោះ​ត្រង់ ព្រោះ​ជា​ផ្លូវ​តែមួយគត់​ដែល​អាច​បញ្ចប់​បញ្ហា​បាន​។​
 
​សូម​រំឭកថា ចិន​ជា​ប្រទេស​ទិញ​ប្រេង​អ៊ីរ៉ង់​ធំជាងគេ ហើយក៏​វិនិយោគ​លើ​វិស័យនេះ​ច្រើន​ដែរ​។ ក្នុង​មួយថ្ងៃ ចិន​នាំចូល​ប្រេង​ឆៅ​ពី​អ៊ីរ៉ង់​ចំនួន​ប្រហែល​ល​៦៥​ម៉ឺន​បារ៉ែល ដែល​ស្មើនឹង​៧​ភាគរយ​នៃ​ទំហំ​នាំចូល​សរុប​។ បើ​គិតពី​តម្លៃ​វិញ ទំហំ​នាំចូល​នេះ​មាន​ទឹកប្រាក់​ដល់​ទៅ​ប្រមាណ​១៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ក្រុមហ៊ុន​ប្រេង​រដ្ឋ​ចិន Sinopec និង CNPC ជា​អ្នកវិនិយោគ​ធំ​ក្នុង​ឧស្សាហកម្ម​ប្រេង​អ៊ីរ៉ង់ ដែល​ភាគ​ច្រើ​នាំ​ចេញទៅ​ចិន​ផ្ទាល់​៕

Tag:
 ចិន​
  អ៊ីរ៉ង់​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com