ជាតិ
សេដ្ឋកិច្ច
របាយការណ៍​សេដ្ឋកិច្ច​៖ ចំណុច​ប្រសើរឡើង និង​ចំណុច​ខ្វះខាត​របស់​កម្ពុជា​
11, Aug 2018 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សេដ្ឋកិច្ចកម្ពុជា បន្តដំណើរ​ក្នុង​ល្បឿន​កំណើន​ដ៏​រឹងមាំ​ប្រមាណ ៧​ភាគរយ​ក្នុង​មួយឆ្នាំ​។ កំណើន​នេះ​ត្រូវបាន​គាំទ្រ​ដោយ​វិស័យ​សំខាន់ៗ រួមមាន កាត់ដេរ សំណង់ ទេសចរណ៍ ព្រមទាំង​កសិកម្ម​។ ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ធំៗ បាន​រកឃើញថា​កម្ពុជា​កំពុង​បោះជំហាន​នាំចេញ​ផលិតផល​ថ្មីៗ​ផ្សេងទៀត ដោយ​មិន​ពឹងផ្អែក​តែ​ទៅលើ​វិស័យ​កាត់ដេរ​។ ទន្ទឹមនឹងនេះ របាយការណ៍​សេដ្ឋកិច្ច​នានា ក៏​មិន​ភ្លេច​ឡើយ​នឹង​រំលេច​ពី​ចំណុច​ខ្វះខាត​មួយចំនួន ដែល​កម្ពុជា​ត្រូវ​កែលម្អ​។​


​សារព័ត៌មាន​ថ្មីៗ សូម​ដកស្រង់​ចំណុច​ប្រសើរ និង​ចំណុច​ខ្វះខាត មួយចំនួន ក្នុង​ដំណើរការ​អភិវឌ្ឍន​សេដ្ឋកិច្ចកម្ពុជា ដូច​មាននៅ​ខាងក្រោម​នេះ ដោយ​យោងតាម​របាយការណ៍​របស់​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ដែល​បានចេញ​ផ្សាយ​ក្នុងពេល​កន្លងមក ពិសេស​ក្នុង​ឆ្នាំ​២០១៨​នេះ​។ 
 
​ចំណុច​ប្រសើរឡើង​៖
-​ក្រៅពី​តែ​ពី​វិស័យ​កាត់ដេរ ដែលមាន​ផលិតផល​នាំចេញ​ធំជាងគេ​របស់​កម្ពុជា ការផលិត​របស់​កម្ពុ​ជា​បាន​លេចចេញ​នូវ​ទំនិញ​ថ្មីៗ ដូចជា​គ្រឿងបន្លាស់ គ្រឿង​បង្គុំ​អេឡិចត្រូនិក ជាដើម ដែល​កាន់កាប់​ចំណែក​នាំចេញ​កាន់តែ​ធំ​។ ការនាំចេញ​ទំនិញ​ទាំងនេះ​បាន​កើន​ដល់ ៨,៧ ភាគរយ​នៃ​ការនាំចេញ​សរុប​នៅ​ឆ្នាំ​២០១៦ ធៀប​នឹង​ចំនួន​ដែល​មិន​ដល់ ២​ភាគរយ​នៅ​ឆ្នាំ​២០១០​។ នេះ​បើតាម​តួលេខ​ពី world Bank តែបើ​តាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច​វិញ ចំនួន​នេះ​មាន​ច្រើនជាង​នេះ​។ ពិពិធ​កម្ម​នាំចេញ​នេះ ត្រូវបាន​មើលឃើញថា​ជា​ផល​វិជ្ជមាន សម្រាប់​សេដ្ឋកិច្ចកម្ពុជា​សម្រាប់​រយៈពេល​មធ្យម និង​វែង​។  
 
​លោកស្រី Inguna Dobraja នាយិកា​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា កាលពី​ចុងឆ្នាំ​២០១៧ ថ្លែង​ដូច្នេះ​ថា​៖«​ប្រទេស​កម្ពុជា​ស្ថិតនៅត្រង់​ចំណុច​មួយ​ដែល​បោះជំហាន​ឡើង​ក្នុង​ខ្សែសង្វាក់​តម្លៃ​ក្នុង​វិស័យ​កម្មន្តសាល ដែល​ផ្លាស់ប្ដូរ​ពី ការកើនឡើង​តែ​ផ្នែក​កាត់ដេរ មក​កើន​ផ្នែក​អគ្គិសនី និង​គ្រឿងបន្លាស់​យានយន្ត ហើយ​នោះ​គឺជា​ការអភិវឌ្ឍ​មួយ​ប្រកបដោយ​ក្ដីសង្ឃឹម​»​។​
 
-​វិស័យ​សំណង់ និង​អចលនទ្រព្យ កាត់ដេរ ទេសចរណ៍ កសិកម្ម នៅតែ​ជា​វិស័យ​ចម្បង​ក្នុងការ​គាំទ្រ​កំណើនសេដ្ឋកិច្ច​កម្ពុជា​។​
 
-​អតិផរណា មាន​កំណើន​ប្រមាណ ៣​ភាគរយ ដែលជា​អត្រា​អាច​គ្រប់គ្រង​បាន​។ អត្រា​ប្ដូរ​ប្រាក់រៀល និង​ដុល្លារ ដែល​ជះឥទ្ធិពល​ដល់​ការនាំចេញ និង​នាំចូល មាន​ស្ថិរ​ភាពល្អ​។ លំហូរ​វិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI) នៅតែ​រឹងមាំ ពិសេស​ពី​ប្រទេស​ចិន​។​
 
-​កំណើន​ឥណទាន ដែល​បាន​បង្ក​ក្ដីកង្វល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំមុន បាន​ថយ​ល្បឿន​។ កំណើន​ឥណទាន​បន្ត​ថមថយ ដែល​ធ្លាក់​មក​កម្រិត​ប្រមាណ ១៧​ភាគរយ​នៅ​ឆមាស​ទី​១​ឆ្នាំនេះ​។ 
 
-​ការចំណាយ​សាធារណ​របស់​រដ្ឋាភិបាល កាន់​តែមាន​ទំហំ​ធំ ពិសេស​ផ្នែក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​នឹង​រួមចំណែក​ដល់​ការទាក់ទាញ​វិនិយោគ​ក្នុងស្រុក និង​បរទេស​។ 
 
​ចំណុច​នៅ​ខ្វះខាត​៖ 
-​បញ្ហា​ជំនាញ ជា​ចំណុច​គន្លឹះ​មួយ​ក្នុងការ​អភិវឌ្ឍ​កម្ពុជា សម្រាប់​រយៈពេល​មធ្យម និង​វែង​។ ពលកម្ម​ជំនាញ​កម្រិត​ទាប (labour-intensive) និង​អត់​ជំនាញ មាន​ទំហំ​ធំ ពិសេស​ក្នុង​វិស័យ​កាត់ដេរ​។ 
 
​ស្ថាប័ន​អន្តរជាតិ​ធំៗ ជំរុញ​ឲ្យ​កម្ពុជា​អភិវឌ្ឍន៍​ធនធានមនុស្ស​របស់ខ្លួន ទៅជា​កម្លាំង​ពលកម្ម​ជំនាញ​កម្រិត​មធ្យម និង​ខ្ពស់ ដើម្បី​ភាព​ប្រកួតប្រជែង និង​បង្កើត​តម្លៃបន្ថែម​កាន់តែ​ខ្ពស់​។ 
​កង្វះ​ជំនាញ និង​ការកើនឡើង​ប្រាក់ខែ​គោល​របស់​កម្មករ​ឆាប់រហ័ស ត្រូវបាន​ស្ថាប័ន​ជំនាញ​ថា​នឹងធ្វើ​ឲ្យ​បាត់បង់​លទ្ធភាព​ប្រកួតប្រជែង​ក្នុងការ​នាំចេញ​ទំនិញ​ផ្នែ​កាត់ដេរ និង​វាយ​ន​ភណ្ឌ​ទៅ​ទីផ្សារ​អន្តរជាតិ​។​
 
​ប៉ុន្តែ​បញ្ហា​ជំនាញ​នេះ មិនមែនជា​រឿង​តូច​នោះទេ​។ ជំនាញ​ទូទៅ ដែល​មិន​និយាយ​តែ​វិស័យ​វាយ​ន​ភណ្ឌ​នោះទេ គឺ​ទាមទារ​ប្រព័ន្ធ​អប់រំ បណ្ដុះបណ្ដាល​របស់​កម្ពុ​ជា ឆ្លើយតប​នឹង​ការវិវឌ្ឍ​ន៍​នៃ​សម័យ​ការ​ដ៏​ទំនើប និង​ប្រកួតប្រជែង​នេះ ឬ​អាចឆ្លើយតប​តម្រូវការ​ទីផ្សារការងារ​បច្ចុប្បន្ន និ​អនាគត​។ ការផ្គត់ផ្គង់​កម្លាំង​ពលកម្ម​ជំនាញ និង​តម្រូវការ​ទីផ្សារ មិនត្រូវ​គ្នា (missmatch) ជា​បញ្ហា​ចោទ​ដ៏​សំខាន់ ពិសេស​បង្ក​ផល​លំបាក​ដល់​សិស្ស​និស្សិត​។​
 
​អ្នកជំនាញ​របស់ World Bank ដែល​បានធ្វើ​បទ​បង្ហាញ​កន្លងមក បានផ្ដល់​អនុសាសន៍​ថា រដ្ឋាភិបាល​ត្រូវធ្វើ​ការ​ជាមួយ​វិស័យ​ឯកជន​ដើម្បី​ដឹងថា​ក្រុមហ៊ុន​ទាំងនោះ​ត្រូវការ​ជំនាញ​បែបណា​។ 
-​ភាពស្មុគស្មាញ​ក្នុង​ដំណើរការ​អាជីវកម្ម​។ កម្ពុជា​នៅតែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់ខ្ពស់ អំពី​ឧបសគ្គ​ក្នុង​ការធ្វើ​ធុរកិច្ច​។ រដ្ឋាភិបាល​ត្រូវ​កែលម្អ​នីតិវិធី​ធ្វើ​ធុរកិច្ច ចាប់ពី​ការបង្កើត​ដំបូង ដំណើរការ និង​ការអនុវត្ត​កិច្ចសន្យា​ក្នុង​វិស័យ​មុខ​ជំនួញ​។​
 
-​ថ្លៃដើម​ផលិត​ខ្ពស់ ដែល​ទាមទារ​ការបន្ត​បញ្ចុះតម្លៃ​អគ្គិសនី និង​ភស្តុភា ជាដើម​។ ទំនិញ​របស់​កម្ពុជា ពិបាក​នឹង​ប្រកួតប្រជែង​សូម្បី​ជាមួយ​ប្រទេសជិតខាង ថៃ វៀតណាម ដែល​ថ្លៃដើម​ផលិត​របស់គេ​ទាប​ជាង​។ ការបន្ថយ​ថ្លៃដើម​នេះ នឹង​ហុច​ផល​ល្អ​ដល់​ការកែច្នៃ​នាំចេញ​ផលិតផល​កសិកម្ម​ទៅ​ក្រៅប្រទេស និង​ការផលិត​ផ្សេងៗ​ទៀត​។ ជាមួយគ្នានេះ កម្ពុជា​ត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ខ្សែសង្វាក់​ផលិតកម្ម ជាច្រើន​ទៀត​។​
 
​ប្រធាន World BanK ប្រចាំ​កម្ពុជា ធ្លាប់បាន​ថ្លែង​ដូច្នេះ​ថា​៖«​ដើម្បី​ទទួលជោគជ័យ​ក្នុង​ការបង្កើន​ការវិនិយោគ និង​ពង្រីក​ការនាំចេញ​ច្រើន​ប្រភេទ​ទំនិញ កម្ពុជា​ចាំបាច់​ត្រូវធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ជាង​នេះ​បន្ថែមទៀត ដែល​ជួយ​ដោះស្រាយ​ថ្លៃ​ចំណាយ​ខ្ពស់​លើ​ថ្លៃ​អគ្គិសនី និង​ភស្តុភារ ព្រមទាំង​បញ្ហា​គម្លាត​ជំនាញ​»​។​
 
-​កំណើន​វិស័យ​សំណង់ និង​អចលនទ្រព្យ ទាមទារ​ការយកចិត្ត​ទុកដាក់​ខ្ពស់​។ នេះ​ជាការ​ក្រើនរម្លឹក​របស់​មន្ត្រី​ជំនាញ​របស់ World Bank ។ កំណើន​ខ្លាំងពេក និង​បន្ត​ជាច្រើន​ឆ្នាំកន្លងមក​របស់​វិស័យនេះ បង្កើត​ក្ដីបារម្ភ​។ 
 
«​កំណើន​ឥណទាន​ដែល​ចាក់​បញ្ចូល​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​បាន​បង្កើនល្បឿន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដែល​ចាំបាច់​ត្រូវ​អភិវឌ្ឍ​គោលនយោបាយ​កម្រិត​ម៉ាក្រូ ដើម្បី​កាត់បន្ថយ​វិសាលភាព​នៃ​សកម្មភាព​ប្រថុយប្រថាន​ក្នុង​វិស័យនេះ​»​។ នេះ​ជាការ​គូសបញ្ជាក់​ក្នុង​របាយការណ៍​របស់ World Bank កាលពី​ខែឧសភា​ឆ្នាំនេះ​។ 
 
​តែបើ​តាម​តួលេខ​ថ្មីៗ​នេះ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ការបោះ​ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់ ក្នុង​ឆមាស​ទី​១​ឆ្នាំនេះ​មាន​ចំនួន ២,១​ពាន់​លាន​ដុល្លារ ដែល​បាន​ធ្លាក់ចុះ​ពី​ជិត ៥​ពាន់​លាន​ដុ​លា្ល​រ​នៅក្នុង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៧​។ 
 
​ទោះយ៉ាងណា​ឥណទាន​ដែល​ចាក់​បញ្ចូល​ក្នុង​វិស័យ​សំណង់ នៅមាន​កំណើន​ខ្ពស់​នៅឡើយ ។ យោងតាម​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​ឆមាស​ទី​១​នេះ ឥណទាន​ក្នុង​វិស័យ​សំណង់​មាន​កំណើន ៣០​ភាគរយ​។ 
 
-​ការ​លេច​ធ្លាយ​ក្នុង​វិស័យ​ទេសចរណ៍​។ ស្រប​ពេលដែល​កម្ពុជា​ទាក់ទាញ​ទេសចរ​កាន់តែច្រើន ប្រាក់ចំណូល​ក្នុង​វិស័យនេះ​បាន​ជ្រាប​លេច ឬ​ហូរ​ទៅ​ក្រៅប្រទេស​ប្រមាណ ២០​ភាគរយ ដោយសារ​ការនាំ​ចូល​ផលិតផល​ពី​ក្រៅប្រទេស​។ ទំហំ​នៃ​ការបាត់បង់​ចំណូល​ក្នុង​វិស័យ​ទេសចរណ៍​នេះ ត្រូវបាន​អះអាង​ដូចគ្នា​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍ និង​របាយការណ៍​រប​ស់​ធនាគារពិភពលោក​។​
 
​ដោយឡែក បញ្ហា​អត់​ទីផ្សារ ឬ​លក់​កសិផល ម្រេច កៅស៊ូ ពោត ជាដើម បាន​តម្លៃ​ទាប នៅតែ​ជា​ក្ដីកង្វល់​របស់​កសិករ​។ ស្របគ្នា​នេះ កម្ពុជា​ដែលជា​ប្រទេស​កសិកម្ម និង​សម្បូរ​កម្លាំង​ពលកម្ម​មួយ​នេះ បន្ត​នាំចូល​គ្រឿងឧបភោគ​បរិភោគ ទាំង​ចំណីអាហារ​ស្រស់ និង​វេច​ខ្ចប់ រួមទាំង​សម្ភារ​ប្រើប្រាស់​តូចតាច  យ៉ាង​សន្ធឹកសន្ធាប់​ពី​ប្រទេសជិតខាង​៕
 

Tag:
 GDP
  កំណើនសេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com