អន្តរជាតិ
នាយករដ្ឋមន្ត្រី និង​អតីត​នាយករដ្ឋមន្ត្រី​ប្រទេស​ណាខ្លះ​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា​?
11, Oct 2018 , 8:59 pm        
រូបភាព
ដោយ: ធីតា
​អាពាហ៍ពិពាហ៍​រវាង​មនុស្ស​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា (LGBT) មានការ​ទទួល​កាន់តែ​ច្រើនឡើង​នៅតាម​បណ្តា​រដ្ឋ និង​ប្រទេស​នានា​លើ​ពិភពលោក​។ បច្ចុប្បន្ន មេដឹកនាំ​រដ្ឋាភិបាល​៥​រូប​ហើយ​ដែល​បានប្រកាស​ដោយ​បើកចំហរ ថា​ខ្លួន​ជា​ក្រុមមនុស្ស LGBT  (Lesbian Gay Bisexual and Transgender)​។

 
​ក្នុងចំណោម​មេដឹកនាំ​រដ្ឋាភិបាល​ទាំង​៥​រូប មាន លោក Xavier Bettel នាយករដ្ឋមន្ត្រី​លុច​សំបួរ លោក Leo Varadkar នាយករដ្ឋមន្ត្រី​អៀរ​ឡង់ និង​លោកស្រី Ana Brnabic នាយក​រដ្ឋ​មន្ត្រ​ស៊ែ​ប៊ី រីឯ​២​រូប​ទៀត​មាន លោកស្រី Johanna Siguroardottir អតីត​នាយករដ្ឋមន្ត្រី​អ៊ី​ស្លង់ និង​លោក Elio Di Rupo អតីត​នាយករដ្ឋមន្ត្រី​បែលហ្ស៊ិក​។​
 
១. លោក Xavier Bettel នាយករដ្ឋមន្ត្រី​លុច​សំបួរ​
​លោក Bettel កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​លុច​សំបួរ​ចាប់តាំងពី​ខែធ្នូ ឆ្នាំ​២០១៣​មក​។ នៅ​ខែឧសភា ឆ្នាំ​២០១៥ លោក​បាន​រៀបការ​ជាមួយ​លោក Gauthier Destenay ដែលជា​ស្ថាបត្យករ ក្រោយ​មាន​ទំនាក់ទំនង​ជាមួយគ្នា​តាំងពី​ឆ្នាំ​២០១០​មក​។ 


 
២.​លោក Leo Varadkar នាយករដ្ឋមន្ត្រី (Taoiseach) នៃ​សាធារណរដ្ឋ​អៀរ​ឡង់​
​លោក Varadkar ក្លាយជា​ប្រមុខ​រដ្ឋាភិបាល​អៀរ​ឡង់ ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៧ ។ លោក​មាន​ទំនាក់ទំនង​ស្នេហា​ផ្លូវការ​ជាមួយ​លោក Matthew Barrett តាំងពី​ឆ្នាំ​២០១៥​មក​។ លោក Barrett ដែលជា​គូស្នេហ៍​របស់លោក​នាយក​រដ្ឋមន្ត្រី ឬ Taoiseach អៀរ​ឡង់​នោះ គឺជា​វេជ្ជបណ្ឌិត​ម្នាក់​។ 


 
៣. លោកស្រី Ana Brnabic នាយករដ្ឋមន្ត្រី​ស៊ែ​ប៊ី​
​លោកស្រី Brnabic ដឹកនាំ​ស៊ែ​ប៊ី ចាប់ពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៧​។ លោកស្រី​ជា​មេដឹកនាំ​ប្រទេស​តំបន់​បាល់​កង់​ទីមួយ​ដែល​ប្រកាស​ដោយ​បើកចំហ​រថា​ខ្លួន​ស្រឡាញ់​ភេទ​ដូចគ្នា និង​តែងខ្លួន​ធ្វើជា​មនុស្ស​ប្រុស​។ លោកស្រី​ធ្លាប់បាន​អះអាងថា គាត់​មិន​ចង់​ល្បីឈ្មោះ​ជា​នាយករដ្ឋមន្ត្រី Gay នោះឡើយ ប៉ុន្តែ​ចង់​ឲ្យ​គេ​មើលឃើញ​ពី​សមត្ថភាព វិជ្ជាជីវៈ និង​ការជឿជាក់​ទៅលើ​ភាពជា​អ្នកដឹកនាំ​របស់លោក​ស្រី​។​


 
៤. លោកស្រី Johanna Sigurdardottir អតីត​នាយករដ្ឋមន្ត្រី​អ៊ី​ស្លង់​
​លោកស្រី Johanna ជា​នាយករដ្ឋមន្ត្រី​ទី​២៤​របស់​អ៊ី​ស្លង់​ចន្លោះ​ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៣​។  ចន្លោះ​ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៨៧ លោកស្រី​មាន​ចំណងអាពាហ៍ពិពាហ៍​ជាមួយ​លោក Steinar Johannesson ដោយមាន​កូនប្រុស​២​នាក់​។ ក្រោយ​លែងលះគ្នា លោកស្រី Johanna បាន​ចូលរួម​ជាមួយ​លោកស្រី Jonina Leosdottir ដែលជា​អ្នកនិពន្ធ និង​ជា​អតីត​អ្នកកាសែត ក្នុង​សហភាព​ស៊ីវិល​លើកកម្ពស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។ នៅ​ឆ្នាំ​២០១០ Johanna និង Jonina បាន​រៀបការ​ជាមួយគ្នា​ក្នុងនាម​ជា​អាពាហ៍ពិពាហ៍ LGBT លើកដំបូង​បំផុត​នៅ​អ៊ី​ស្លង់​។​


 
៥. លោក Elio Di Rupo អតីត​នាយករដ្ឋមន្ត្រី​បែលហ្ស៊ិក​
​លោក Di Rupo ជា​នាយករដ្ឋមន្ត្រី​ទី​៥០​របស់​បែលហ្ស៊ិក ដែល​បាន​កាន់តំណែង​ចន្លោះ​ពី​ខែធ្នូ​ឆ្នាំ​២០១១ ដល់​ខែតុលា ឆ្នាំ​២០១៤ ។ នៅ​ឆ្នាំ​១៩៩៦ លោក​បានប្រកាស​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​ជាម​នុស្ស​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា​៕



Tag:
 LGBT
© រក្សាសិទ្ធិដោយ thmeythmey.com