សៀមរាប៖ ទឹកត្រីជាអាហារប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរទូទៅ។ ខ្មែរពីដើមចូលចិត្តធ្វើទឹកត្រី ដោយរម្ងាស់ដាក់គ្រឿងផ្សំតាមចំណូល ទុកបរិភោគពេញមួយឆ្នាំក៏មាន។ អ្នកភូមិមួយគ្រួសារនៅភូមិពោធិ៍ក្រោម សង្កាត់ចុងឃ្នៀស ជាប់បឹងទន្លេសាប មានរបរធ្វើទឹកត្រីលក់បែបបុរាណ។ អ្នកស្រីបានប្រកបរបរនេះតពីម្តាយ៣០ឆ្នាំមកហើយ។ ដ្បិតមានទីផ្សារខ្លះៗក៏ពិតមែន តែតម្លៃទឹកត្រីរបស់អ្នកស្រី ស៊ីថា នៅទាបបន្តិច។
សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកស្រី អ៊ីសា រ៉ហានី ដូចតទៅ៖
ទឹកត្រីជាអាហារដ៏ពេញនិយមសម្រាប់ពលរដ្ឋខ្មែរ តែងប្រើស្ទើរជាមួយគ្រប់ម្ហូបអាហារផ្សេងៗ។ ទឹកត្រីដែលហូបបាន គឺត្រូវបានគេយកទឹកត្រីដែលត្រាំលាយអំបិល មករម្ងាស់ច្រើនម៉ោងទើបអាចហូបបាន។
បច្ចុប្បន្ន គេកម្រឃើញទឹកត្រីខ្មែរដែលមានពណ៌ក្រហមថ្លាចរាចរណ៍លក់នៅលើទីផ្សារណាស់។ ទឹកត្រីបច្ចុប្បន្នដែលត្រូវបានដាក់លក់នៅក្នុងទីផ្សារ គឺជាទឹកត្រីដែលគេផលិតចេញពីសិប្បកម្មក្នុងស្រុក និងជាផលិតផលនាំចូលពីប្រទេសជិតខាង ដោយមានការវេចខ្ចប់ជាមួយនឹងផ្លាកយីហោផ្សេងៗ។ ទឹកត្រីទាំងនោះមានពណ៌លឿងថ្លា។ ទឹកត្រីប្រភេទនេះច្រើនគេប្រើស្ករស។
គ្រួសារមួយ មានអាជីពផលិតទឹកត្រីខ្មែរដោយប្រើបច្ចេកទេសបុរាណ ដោយការរម្ងាស់ក្នុងខ្ទះដែលមានចំណុះច្រើនលីត្រ និងប្រើរយៈពេលច្រើនម៉ោង។
អ្នកធ្វើដំណើរដោយម៉ូតូ ឬកង់បី ច្បាស់ជាធ្លាប់ប៉ះនឹងក្លិនប្រហើរម្យ៉ាងនៅលើផ្លូវឆ្ពោះទៅភ្នំក្រោម។ នៅក្រោមផ្ទះឈើមួយខ្នង ស្ថិតនៅភូមិពោធិ៍ក្រោម សង្កាត់ចុងឃ្នៀស ខ្ញុំបានឆៀងចូលទៅមើលក្នុងផ្ទះមួយ ដែលមានក្លិនចម្លែកនេះ នៅទីនោះ គឺមានខ្ទះមួយដ៏ធំ ទឹកពណ៌រៀងក្រហមលាយដោយពពុះសរបន្តិច ហើយដុតដោយភ្លើងដ៏សន្ធោសន្ធៅ។ នៅទីនេះ ខ្ញុំបានជួបអ្នកស្រី ស៊ីថា ទើបដឹងថា នោះគឺជាខ្ទះទឹកត្រី។ អ្នកស្រីថា គ្រួសារអ្នកស្រីបានចាប់មុខរបរនេះច្រើនឆ្នាំមកហើយ គឺជារបរតពីម្ដាយ។ «របរនេះ រកយូរហើយ ខ្ទង់២០-៣០ឆ្នាំហើយ តាំងពីជំនាន់ម្តាយ។ គ្រឿងផ្សំទឹកត្រី ដាក់តែស្ករត្នោត និងប៊ីចេង មួយមុខបន្តិចៗ យកតែជាតិ។ ដល់គេយកទៅស្លរ គេថែមគ្រឿងទៀត»។
នៅក្រោមផ្ទះអ្នកស្រី ស៊ីថា មានពាងជាច្រើនដែលអ្នកស្រីប្រើសម្រាប់ត្រងទឹកត្រី និងទុកឱ្យត្រជាក់មុនច្រកដប ដាក់ឱ្យអតិថិជន។ អ្នកស្រីថា ក្នុងមួយថ្ងៃអ្នកស្រីអាចរម្ងាស់ទឹកត្រីបានចំនួន ៣ខ្ទះ ដែលមានចំណុះទឹកខ្ទង់១០០លីត្រ។ ទឹកត្រីរបស់អ្នកស្រី ស៊ីថា ត្រូវបានអតិថិជនយកទៅលក់បន្តនៅទីផ្សារក្នុងក្រុង ហើយខ្លះទៀតក៏ទិញបរិភោគនៅតាមផ្ទះផងដែរ។ «មួយថ្ងៃរម្ងាស់បាន៣ខ្ទះ ហើយរម្ងាស់ម្តងៗ៤ម៉ោង។ ខ្ញុំបោះទៅតាមទីផ្សារ ទៅកន្លែងគេលក់ស៊ុប»។
ត្រីដែលអ្នកស្រី ស៊ីថា យកមកផលិតជាទឹកត្រី គឺប្រភេទត្រីកំភ្លាញ ដែលជាត្រីលេខមួយសម្រាប់ធ្វើទឹកប្រហុក។ ត្រីទាំងនេះ ត្រូវបានទិញពីទន្លេសាបដែលជាអាងស្ដុកត្រីដ៏ធំរបស់កម្ពុជា ហើយដែលមានចម្ងាយប្រមាណ៥គីឡូម៉ែត្រប៉ុណ្ណោះពីភូមិពោធិ៍ក្រោម សង្កាត់ចុងឃ្នៀស ភូមិរបស់អ្នកស្រី ស៊ីថា។ ត្រីទាំងនោះត្រូវបានអ្នកស្រី ស៊ីថា ទិញស្ដុកទុកច្រើនៗ ដោយផ្អាប់យកតែទឹក ហើយរុញចូលក្នុងអាងទឹកប្រហុក ដែលអាចយកមករម្ងាស់ធ្វើទឹកត្រីបានពេញមួយឆ្នាំឯណោះ។«ខ្ញុំលក់ជាធម្មតា អត់មានយីហោទេ តែអ្នកទិញ គេចេះថាឆ្ងាញ់ៗ ហើយគេក៏ចេះនាំគ្នាមកទិញទៀត»។
ក្រោយរម្ងាស់រយៈពេល៤ម៉ោងរួចមក ទឹកត្រីដែលមានពណ៌ក្រហមថ្លា ត្រូវបានយកទុកក្នុងពាងតម្រង ទុកឱ្យត្រជាក់ ទើបអាចច្រកក្នុងដបបាន។ អ្នកស្រី ស៊ីថា ថារបរទទួលទានប្រចាំគ្រួសារមួយនេះ មិនសូវចំណេញច្រើនទេ គឺចំណេញតិចតួចបំផុត ហើយជាការងារពិបាក និងនឿយហត់។ ក្នុងមួយថ្ងៃ អ្នកស្រីអាចផលិតទឹកត្រីពី៤០០ ទៅ៥០០ដប និងលក់តាមតម្លៃទឹកត្រីលេខមួយ និងលេខពីរ។ «វត្ថុធាតុវាថ្លៃដែរ។ ឧស យើងទិញគេ ដបក៏ទិញគេ មិនចំណេញច្រើនទេ ប៉ុន្តែអាចទប់ទល់បាន»។
ដោយសារជារបរតពីម្ដាយ ដូច្នេះអ្នកស្រី ស៊ីថា ដែលមានកូនក្នុងបន្ទុកចំនួន៣នាក់ ចង់បន្តធ្វើទឹកត្រីខ្មែរនេះទៅថ្ងៃក្រោយទៀត។ អ្នកស្រីថា ដរាបណាត្រីនៅតែមាន អ្នកស្រីនៅតែធ្វើ និងសុំឱ្យអតិថិជនទាំងអស់ ជួយគាំទ្រហូបទឹកត្រីដែលផលិតក្នុងស្រុក ដោយគ្មានសារធាតុប៉ះពាល់សុខភាពអ្វីឡើយ។ «បើនៅតែមានត្រី យើងនៅតែអាចរកអាជីពហ្នឹងដដែល។ ផលិតផលខ្មែរយើង អត់មានលាយជាតិគីមីអីទេ។ យើងអាចញ៉ាំបានដោយជិតស្និទ្ធ។ ឥឡូវគេប្រើទឹកត្រីនេះច្រើន គេឈប់ទិញទឹកត្រីពីថៃអីមកហើយ»៕