ជាតិ
បាក់ឌុប
បាក់​ឌុប​៖ តើ​អ្នកណាខ្លះ​មាន និង​គ្មាន​សិទ្ធិ​ប្រើប្រាស់​ទូរ​សព្ទ ក្នុង​មណ្ឌល​ប្រឡង​?
11, Aug 2018 , 2:48 pm        
រូបភាព
​ភ្នំពេញ​៖ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ២០១៨​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២០ សីហា​ខាងមុខ​។ ក្រសួង​អប់រំ បាន​ជូនដំណឹង​ទាក់ទង​នឹង​ការប្រើប្រាស់​ទូរ​សព្ទ និង​ឧបករណ៍​អេឡិចត្រូនិក​គ្រប់​ប្រភេទ​ក្នុង​មណ្ឌល​ប្រឡង របស់​បុគ្គលិក​អប់រំ និង​បេក្ខជន​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ​។​



​ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ បាន​កែទម្រង់​ការប្រឡង ដោយ​មិន​អនុញ្ញាត​ឲ្យ​បេក្ខជន​លួច​ចម្លង​សំណៅ​ឯកសារ​ផ្សេងៗ​ឡើយ​។ ម្យ៉ាងទៀត ដំណើរ​ប្រឡង​នេះ ក៏​មិន​អនុញ្ញាត​ឲ្យ​បេក្ខជន និង​បុគ្គលិក​អប់រំ​មួយចំនួន យក​គ្រឿង​អេឡិចត្រូនិក និង​ទូរ​សព្ទ​ចូល​មណ្ឌល​ប្រឡង​ផងដែរ​។ 
 
​បើតាម​ក្រសួង​អប់រំ បុគ្គល​ដែលមាន​សិទ្ធិ​យក​ចូល និង​ប្រើប្រាស់​ទូរ​សព្ទ រួមមាន គណៈមេប្រយោគ​ទូទាំងប្រទេស​, អ្នកសង្កេតការណ៍​អង្គភាព​ប្រឆាំង​អំពើពុករលួយ​, ប្រធាន​អប្បមាទ​ទូទាំងប្រទេស​ប្រចាំ​មណ្ឌល​, ប្រធាន​មណ្ឌល និង​ប្រធាន​សន្តិសុខ​ប្រចាំ​មណ្ឌល​។ ចំណែក​បុគ្គល​ដែល​មិន​អនុញ្ញាត​ឲ្យ​យក​ចូល​រួមមាន បេក្ខជន​ប្រឡង​, អនុប្រធាន និង​សមាជិក​អប្បមាទ​, អនុប្រធាន​មណ្ឌល​, គណៈកម្មការ​កណ្ដាល អ្នកត្រួតពិនិត្យ​អគារ អនុរក្ស សមាជិក​សន្តិសុខ និង​បុគ្គលិក​សុខាភិបាល​ប្រចាំ​មណ្ឌល​ជាដើម​។​
 
​សូមបញ្ជាក់ថា សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨ នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី ២០ សីហា​ខាងមុខនេះ  ដោយមាន​បេក្ខជន​ប្រឡង​ចំនួន ១១៧.០៦១​នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន​១៩៥ មណ្ឌល ចែកចេញជា ៤.៧១៦​បន្ទប់ នៅ​រាជធានី​ខេត្ត​ទាំង​២៥​ទូទាំងប្រទេស​៕

Tag:
 បាក់​ឌុប​
 ​ ប្រឡង​
© រក្សាសិទ្ធិដោយ thmeythmey.com