កីឡាជាតិ
ជាតិ
Keisuke Honda ស្ម័គ្រចិត្តធ្វើ​ជាគ្រូបង្វឹក​ថ្មី​របស់ក្រុម​កីឡា​បាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
12, Aug 2018 , 10:11 am        
រូបភាព
ដោយ: ថ្មីៗ
លោក Keisuke Honda ក្លាយជា​អ្នក​ចាត់ការទូទៅ​ថ្មី​នៃ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា។ លោក​បានបង្ហាញ​វត្តមាន​នា​ពិធី​ផ្លូវការ​មួយ​ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅ​សណ្ឋាគារ Le Royal នា​ព្រឹក​ថ្ងៃទី​១២ ខែសីហា នេះ​។​



Honda អាយុ​៣២​ឆ្នាំ ជាខ្សែបម្រើ​ប្រយុទ្ធ​ដ៏​ឆ្នើម​​នៃក្រុម​កីឡា​បាល់ទាត់ជម្រើស​ជាតិ​ជប៉ុន ដែល​ទើប​តែ​ចុះហត្ថលេខា​លេងឲ្យ​ក្លិប Melbourne Victory របស់អូស្ត្រាលី។ លោក​ដឹកនាំ​ក្រុម​កម្ពុជា​ដោយ​ស្ម័គ្រចិត្ត ពោលគឺ​មិន​ត្រូ​វការប្រាក់កម្រៃនោះឡើយ។ មែនទែនទៅ លោក Honda មិនអាច​បង្ហាញវត្តមាន​គ្រប់ពេល​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជាឡើយ ប៉ុន្តែ​លោក​
​​មាន​កាលវិភាគ​ដ៏​ត្រឹម​ត្រូវ​រវាង​ការ​​ចាត់ចែង​ដឹកនាំ​ក្រុម​កម្ពុជា និង​ការលេងនៅក្លិប Melbourne Victory។

ក្រោយ​ទំនេរពី​ការលេងនៅ Melbourne Victory លោក​នឹង​ដឹកនាំ​កិច្ច​ប្រជុំមួយ​សប្តាហ៍ម្តង​តាមរយៈវីដេអូ Conference ជាមួយ​ក្រុម​ការងារនៅ​កម្ពុជា។ លោក​ក៏​ត្រូវ​ការកិច្ចសហការពី​ក្លិប​ផ្សេងៗ​ផងដែរ។

បើគិត​ចាប់តាំងពី​ឆ្នាំ​២០០៨ មក​ Honda លេងឲ្យ​ក្រុម​ជម្រើស​ជាតិ​ប្រមាណ​៩០​ប្រកួត និងមានវត្តមាន​នៅ​ World Cup ៣លើកជាប់ៗ ពោលគឺ​ឆ្នាំ​២០១០ ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៨ ហើយកីឡាករអន្តរជាតិ​រូបនេះ បាន​ជាប់ជា Player of the Tournament នៅពេល​ដែលជប៉ុ​ន​លើកពាន AFC Asian Cup ឆ្នាំ​២០១១។

នៅក្លិបអាជីព Honda ផ្តើម​លេងឲ្យក្លិបជប៉ុន Nagoya Grampus ពីឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០០៧ ហើយ​ទៅ​លេងជាបន្ត​បន្ទាប់នៅ VVV-Venlo, CSKA Moscow, AC Milan និង Pachuca។ នៅ​កម្ពុជា លោកក៏ជាម្ចាស់​ក្លិបសូលទីឡូ​អង្គរ ដែលមាន​មូលដ្ឋាននៅ​ខេត្ត​សៀមរាបផងដែរ។

លោក Honda ដែលបានហៅ​ខ្លួនឯងថា ជាគ្រូបង្វឹកមិន​ផ្ទាល់នោះ មាន​បេសកកម្ម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជានាព្រឹត្តិការណ៍ AFF Suzuki Cup នាខែវិច្ឆិកា ខាងមុខ ដោយ​កម្ពុជា ស្ថិត​ក្នុងពូល A ជាមួយ​វៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា និង​ម្ចាស់ផ្ទះឡាវ៕

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com