ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ព័ត៍មានសុខភាព
អ្វី​ទៅជា​ជំងឺ​ថប់​បារម្ភ​? តើ​ជំងឺ​ថប់​បារម្ភ​កើតឡើង​ដោយសារ​អ្វី​?
12, Aug 2018 , 8:19 pm        
រូបភាព
លោកវេជ្ជបណ្ឌិត យឹម សុបុត្រា
លោកវេជ្ជបណ្ឌិត យឹម សុបុត្រា
​ភ្នំពេញ​៖ ជំងឺ​ថប់​បារម្ភ​កើតមាន​ច្រើនជាងគេបង្អស់ ក្នុងចំណោម​ជំងឺផ្លូវចិត្ត​ផ្សេងៗ​ទៀត ហើយ​ជំងឺ​នេះ កើតមាន​ច្រើន​លើ​មនុស្ស​ស្រី​។ ជំងឺ​ថប់​បារម្ភ ជា​ក្រុម​ជំងឺ​ដែលមាន​សភាព​ខ្លាំងក្លា និង​ធ្ងន់ធ្ងរ មាន​រយៈពេល​យូរ និង​ប៉ះពាល់​ដល់​តួនាទី មុខងារ និង​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក​កើត​ជំងឺ​។ នេះ​ជាការ​បញ្ជាក់​របស់លោក​វេជ្ជបណ្ឌិត យឹម សុ​បុត្រា ប្រធាន​ផ្នែក​សុខភាព​ផ្លូវចិត្ត នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នៅក្នុង​សិក្ខាសាលា​ស្ដីពី​ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ជំងឺ​ថប់​បារម្ភ​។​


​សិក្ខាសាលា​ស្ដីពី​ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ជំងឺ​ថប់​បារម្ភ ដែល​រៀបចំ​កាលពី​ថ្ងៃទី​៥ សីហា​កន្លងទៅ មាន​វាគ្មិន​សំខាន់ៗ​ដូចជា ព្រះ​តេជគុណ គូ សុភាព និង​លោក​វេជ្ជបណ្ឌិត យឹម សុ​បុត្រា បាន​ចូលរួម​ចែករំលែក​ចំណេះដឹង​ទាក់ទង​នឹង​វិធីសាស្ត្រ​ព្យាបាល និង​មូលហេតុ​នៃ​ការកើត​ជំងឺ​នេះ​។ 
 
​លោក​វេជ្ជបណ្ឌិត យឹម សុ​បុត្រា បញ្ជាក់ថា ជំងឺ​ថប់​បារម្ភ​ស្ដែងចេញ​រោគសញ្ញា​លើ​រាងកាយ និង​អារម្មណ៍​។ សម្រាប់​រោគសញ្ញា​មាន​លើ​រាងកាយ រួមមាន បេះដូង​ដើរ​ញាប់ ចង្វាក់​ដង្ហើម​ខ្លីៗ​, វិលមុខ ស្រវាំងភ្នែក រោយ​កញ្ចឹងក​, ស្ងួត​មាត់​, នោម​ញឹក​, ពិបាក​គេង គេង​មិន​លក់​, ឧស្សាហ៍​កោសខ្យល់ និង​បែកញើស​ហួសប្រមាណ​។ ចំណែក​រោគសញ្ញា​មាន​លើ​អារម្មណ៍ រួមមាន ព្រួយបារម្ភ ភ័យខ្លាច​គ្មាន​ហេតុផល​, ភ័យខ្លាច​ស្លាប់​ដោយ​គាំងបេះដូង​,​អន្ទះសារ​ពិបាក​ក្នុងការ​រង់ចាំ​, ពិបាក​ក្នុងការ​ផ្ទ​ង់​អារម្មណ៍ និង​មិន​ហ៊ាន​ធ្វើដំណើរ ឬ​នៅ​តែឯង​។ 
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក​វេជ្ជបណ្ឌិត យឹម សុ​បុត្រា លើកឡើងថា ការព្យាបាល​ជំងឺ​ថប់​បារម្ភ​មាន​ពីរបែប គឺ​ការប្រើប្រាស់​ថ្នាំ និង​មិន​ប្រើ​ថ្នាំ​។ ដោយឡែក ការព្យាបាល​ដោយ​មិន​ប្រើប្រាស់​ថ្នាំ គឺ​ការព្យាបាល​បែប​ពុទ្ធិ​-​អាកប្បកិរិយា​,​ការ​សម្រាកកាយ ចិត្ត​, ការកាត់បន្ថយ​ភាព​តានតឹង​ជាដើម​។​
 
​ជាមួយគ្នានេះ ការលេង​បណ្ដាញ​សង្គម​ច្រើន ក៏​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា និង​កើត​ជំងឺ​ថប់​បារម្ភ​នេះ​ផងដែរ ដោយសារតែ​ចំណាយពេល​ច្រើន​លើ​បណ្ដាញ​សង្គម​។ នេះ​បើតាម​លោក​វេជ្ជបណ្ឌិត យឹម សុ​បុត្រា​។ 
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ស្ដាប់​កិច្ច​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកយកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក​វេជ្ជបណ្ឌិត យឹម សុ​បុត្រា ប្រធាន​ផ្នែក​សុខភាព​ផ្លូវចិត្ត នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដូចតទៅ​៖ 
 
 





Tag:
 ជំងឺ​
 ​ ថប់​បារម្ភ​
 ​ ផ្លូវចិត្ត​
 ​ យឹម សុ​បុត្រា
© រក្សាសិទ្ធិដោយ thmeythmey.com