អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អស់ជំនឿ​លើ​បក្ស​លោកស្រី ស៊ូ​ជី អ្នកនយោបាយ​មី​យ៉ាន់​ម៉ា​ខ្លះ រួមគ្នា​បង្កើត​បក្ស​ថ្មី​ប្រជែង​ការបោះឆ្នោត​អាណត្តិ​ក្រោយ​
12, Aug 2018 , 8:59 pm        
រូបភាព
ដោយ:
​អតីត​បេក្ខភាព​តំណាងរាស្ត្រ​មួយក្រុម​របស់​មី​យ៉ាន់​ម៉ា បានបង្ហាញ​មុខជា​ថ្មី​ក្នុង​ឆាកនយោបាយ​ជាមួយនឹង​គោលបំណង​រួបរួមគ្នា​ដើម្បី​បង្កើត​បក្សនយោបាយ​ថ្មី​មួយ សម្រាប់​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​អាណត្តិ​ក្រោយ​។ ផែនការ​នេះ ត្រូវបាន​ក្រុម​អតីត​បេក្ខភាព​តំណាងរាស្ត្រ ថា ធ្វើឡើង​ដើម្បី​បើកផ្លូវ​ឲ្យ​ពួកគេ​អាចមាន​លទ្ធភាព​កែប្រែ​រដ្ឋធម្មនុញ្ញ​ប្រជាធិបតេយ្យ​ពិតប្រាកដ​មួយ​។​

 
​អតីត​បេក្ខភាព​តំណាងរាស្ត្រ​ធា្ល​ប់​ឈ្នះ​ការបោះឆ្នោត​ក្នុង​ឆ្នាំ​១៩៩០ របស់​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃ​០៨ សីហា បានចេញ​សេចក្តីប្រកាស​ផ្លូវការ​មួយ​ស្តីពី​ផែនការ​បង្កើត​បក្សនយោបាយ​ថ្មី នាឱកាស​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី​៣០​នៃ​ការ​ងើបឡើង​នៃ​ការគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដែល​ចាប់ផ្តើម​ពី​ឆ្នាំ​១៩៨៨​មក​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​មី​យ៉ាន់​ម៉ា The Irrawaddy​។​
 
​តាម​ការអះអាង​របស់​អគ្គលេខា​របស់​អង្គការ​រួបរួម​ដើម្បី​ប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា​(UNDO) លោក Aung Thura ក្រុម​អ្នកតំណាងរាស្ត្រ​ឆ្នាំ​១៩៩០ មិនទាន់​បានកំណត់​ឈ្មោះ​បក្ស​ថ្មី​នៅឡើយ​នោះទេ ក៏ប៉ុន្តែ​ពួកគេ នឹង​ចាត់​វិធាន​បន្ទាន់​មួយ​ដើម្បី​ព​ន្លឿ​ន​ការចុះបញ្ជី​គណបក្ស​នៅក្នុង​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត​មី​យ៉ាន់​ម៉ា​នាពេល​ឆាប់ៗ​នេះ​។ 
 
​អគ្គលេខាធិការ​រូបនេះ អះអាងថា ប្រជាជន​បាន​ទទូច​ឲ្យ​ក្រុម​លោក​ក្រោកឈរឡើង​ជាមួយនឹង​ពួកគេ​ជាមួយនឹង​សមត្ថភាព​ផ្លូវការ​។ សមត្ថភាព​ផ្លូវការ​នោះ សំដៅលើ​ការ​តតាំង​នៅក្នុង​សភា​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ប្រជាជន​។ កន្លងមក អង្គ​ការដែល​បង្កើតឡើង​ដោយ​អតីត​បេក្ខភាព​តំណាង​របស់​បក្ស​កាន់អំណាច​បច្ចុប្បន្ន ពិបាក​ក្នុងការ​បំពេញបេសកកម្ម​របស់​ពួកគេ​ក្នុងការ​ការពារ និង​លើកកម្ពស់​សិទ្ធិមនុស្ស ដែល​រាប់បញ្ចូល​ទាំង​កសិករ​ផង​នោះ​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោក​អគ្គលេខាធិការ​នៃ​អង្គការ​ប្រជាធិបតេយ្យ បាន​អះអាង​ផងដែរ​ថា គោលដៅ​ចម្ប​មួយ​នៃ​ការបង្កើត​បក្ស​ថ្មី គឺ​ដើម្បី​កែប្រែ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៨ ដែលជា​រដ្ឋធម្មនុញ្ញ​ប្រជាធិបតេយ្យ​ក្លែងក្លាយ និង​ធ្វើ​ដោយ​យោធា​។ លោក ថា ក្រុម​អ្នកនយោបាយ​ទសវត្សរ៍​៩០ មិន​ពេញ​ចិត្តនឹង​ការដឹកនាំ​របស់​បក្ស​កាន់អំណាច​បច្ចុប្បន្ន​រប​ស់លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី ដែល​អសមត្ថភាព​ក្នុងការ​រក្សា​សន្យា​កែប្រែ​រដ្ឋធម្មនុញ្ញ​។ 
 
​សូម​ជម្រាប​ផងដែរ​ថា មី​យ៉ាន់​ម៉ា​បច្ចុប្បន្ន កំពុងតែ​ដឹកនាំ​ដោយ​បក្ស​កាន់អំណាច​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី​។ មុនពេល​នៃ​ការដឹកនាំ​រដ្ឋាភិបាល​ជា​លើកដំបូង​របស់ខ្លួន ប្រមុខ​បក្ស​កាន់អំណាច​លោកស្រី ស៊ូ​ជី បាន​សន្យា ថា នឹង​កែ​រដ្ឋធម្មនុញ្ញ​ដើម្បី​លុបបំបាត់​ឥទ្ធិពល​យោធា​ក្នុង​ប្រព័ន្ធ​នយោបាយ ដែល​វត្តមាន​របស់​ពួកគេ មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​រាស្ត្រ និង​គោលការណ៍​ប្រជាធិបតេយ្យ​។ តែ​មកទល់ពេលនេះ សូម្បីតែ​សំណើ​កែ​រដ្ឋធម្មនុញ្ញ ក៏​បក្ស​កាន់អំណាច​មិនបាន​ដាក់​ទៅកាន់​សភា​អនុម័ត​ផង​៕ 

Tag:
 មី​យ៉ាន់​ម៉ា​
  នយោបាយ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com