ជាតិ
សេដ្ឋកិច្ច
អ្នកស្រី សាម សេរី៖ «ចិញ្ចឹមមាន់ស្រែ ស្រួលលក់ ព្រោះទីផ្សារទូលាយ»
× ស្វាយរៀង៖ នៅក្នុងបឹង ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ប្រជាពលរដ្ឋភាគច្រើន ជាកសិករធ្វើស្រែចម្ការ និងខ្លះទៀត ចិញ្ចឹមសត្វមាន់ ជ្រូក និងគោជាដើម។ អ្នកស្រី សាម សេរី បានចាប់យករបរចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ សម្រាប់ផ្គត់ផ្គង់ជីវភាព ដោយអាចរកប្រាក់ចំណូលបាន ៥០ម៉ឺនរៀល ក្នុងមួយខែ។ របរចិញ្ចឹមមាន់លក់នេះ អាស្រ័យលើទីផ្សារ បើមានទីផ្សារ គឺស្រួលលក់ ដែលបានតម្លៃខ្ពស់ផងដែរ។
ការចិញ្ចឹមសត្វដើម្បីលក់ ជាមុខរបររបស់ប្រជាពលរដ្ឋនៅតាមខេត្តមួយចំនួន បន្ទាប់ពីការងារធ្វើស្រែចម្ការ។ មានវ័យ ៥៨ឆ្នាំ អ្នកស្រី សាម សេរី បានងាកមកចិញ្ចឹមមាន់ បន្ទាប់ពីអ្នកស្រីចិញ្ចឹមសត្វជ្រូក ដែលគ្មានទីផ្សារ ថែមទាំងមានតម្លៃទាប។
មុខរបរចិញ្ចឹមមាន់ បានធ្វើឲ្យជីវភាពគ្រួសារអ្នកស្រីធូរធាជាងមុន។ អ្នកស្រី សាម សេរី បញ្ជាក់យ៉ាងដូច្នេះ៖ «ខ្ញុំចាប់ផ្ដើមចិញ្ចឹមមាន់ ក្រោយខ្ញុំចិញ្ចឹមជ្រូក ដែលជ្រូកមានតម្លៃទាប និងគ្មានទីផ្សារ។ ហើយការចិញ្ចឹមមាន់នេះ វាស្រួលលក់ចេញណាស់ ព្រោះទីផ្សារទូលាយ ហើយមានពេលខ្លះខ្ញុំលក់ដាច់ ថែមទាំងគ្មានមាន់សម្រាប់លក់នៅលើទីផ្សារផង»។
មាន់ដែលអ្នកស្រី សេរី ចិញ្ចឹម ត្រូវបានផ្គត់ផ្គង់នៅទីផ្សារក្នុងស្រុករបស់អ្នកស្រី និងមាននៅរាជធានីភ្នំពេញ។ មិនមែនជាកសិដ្ឋានចិញ្ចឹមមាន់នោះទេ តែវាជាផ្ទះរបស់អ្នកស្រី សេរី ដែលបានចិញ្ចឹមមាន់ ដោយមានកូនមាន់ និងមេមាន់ជិត ២០០ក្បាល។ ក្រៅពីចិញ្ចឹមមាន់ សម្រាប់លក់ អ្នកស្រី សេរី ក៏បានលក់កូនមាន់តូចៗដល់អ្នកភូមិ ដើម្បីយកទៅចិញ្ចឹមផងដែរ។ កូនមាន់តូចៗ ដែលមានអាយុពី២០ ទៅ២៥ថ្ងៃ អាចលក់បានក្នុងតម្លៃ ៥ពាន់រៀលក្នុងមួយក្បាល។ ដោយឡែក មាន់ធំៗ ដែលចិញ្ចឹមរយៈពេល ៤ខែនោះ អាចលក់បាន១៨០០០រៀល ក្នុង១គីឡូ។
តម្លៃមាន់ មានឡើងចុះតាមរដូវកាល អ្នកស្រី សេរី បញ្ជាក់ថា៖ «មាន់ឡើងថ្លៃតាមរដូវបុណ្យទាន ដោយនៅខែណាដែលមានបុណ្យច្រើន មាន់មានតម្លៃ ២២០០០រៀល ក្នុង១គីឡូ។ តែបើជាធម្មតា ១គីឡូ តែ១៨០០០រៀលប៉ុណ្ណោះ។ ហើយចំណូលជាមធ្យមក្នុងមួយខែ ខ្ញុំអាចរកចំណូលបាន ៥០ម៉ឺនរៀល»។
ស្ត្រីវ័យចំណាស់រូបនេះ នៅតែមានកម្លាំងក្នុងការចិញ្ចឹមមាន់ បើទោះបីការចិញ្ចឹមមាន់ត្រូវការមើលថែច្រើន និងមានផលលំបាកក៏ដោយ។ មាន់នៅក្នុងផ្ទះរបស់អ្នកស្រី សេរី ជាមាន់ចិញ្ចឹមតាមបែបធម្មជាតិ តែត្រូវការបច្ចេកទេសថែទាំមិនឲ្យមានជំងឺ។ អ្នកស្រី សេរី មានបច្ចេកទេសចិញ្ចឹមមាន់ ដោយអ្នកស្រីធ្វើអាហារប៉ូវ តាមបែបធម្មជាតិដែលផ្សំពីបន្លែ និងផ្លែ ដើម្បីធ្វើឲ្យមាន់មានសុខភាពល្អ។
រយៈពេល២ឆ្នាំហើយ ដែលអ្នកស្រី សាម សេរី ប្រកបរបរចិញ្ចឹមមាន់សម្រាប់លក់។ ទោះបីការចិញ្ចឹមមាន់មានភាពនឿយហត់ក៏ដោយ ប៉ុន្តែអ្នកស្រីសប្បាយចិត្ត សប្បាយចិត្តនឹងទីផ្សារទូលាយ ដែលធ្វើឲ្យអ្នកស្រីស្រួលលក់។ អ្នកស្រី អះអាងថា អ្នកស្រីនឹងពង្រីកការចិញ្ចឹមមាន់បន្ថែមទៀត ដើម្បីតម្រូវទីផ្សារបច្ចុប្បន្ន៕
© រក្សាសិទ្ធិដោយ thmeythmey.com