អន្តរជាតិ
នយោបាយអន្តរជាតិ
ប្រមុខសិទ្ធិមនុស្ស UN ចប់អាណត្តិ៖ ខ្ញុំការពារជនរងគ្រោះ មិនមែនការពាររដ្ឋាភិបាលឡើយ ឧត្តមស្នងការអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សដែលចប់អាណត្តិ Zeid Ra'ad al-Hussein (រូបភាព AFP)
× ប្រមុខស្ថាប័នសិទ្ធិមនុស្សអង្គការសហប្រជាជាតិ Zeid Ra'ad al-Hussein នឹងចប់អាណត្តិបួនឆ្នាំនៅក្នុងខែសីហានេះ ហើយត្រូវជំនួសដោយអតីតប្រធានាធិបតីស៊ីលី Michelle Bachelet ។ ក្នុងអាណត្តិរបស់លោក ការរំលោភបំពានសិទ្ធិមនុស្សបានកើតឡើងពាសពេញពិភពលោក។ លោក al-Hussein បានរិះគន់ដោយគ្មានសំចៃមាត់លើមេដឹកនាំពិភពលោកជាច្រើនដូចជាលោក ដូណាល់ ត្រាំ នៃអាមេរិក និងលោក រ៉ូឌ្រីហ្គោ ឌូទើតេ របស់ហ្វីលីពីនជាដើម។ តែលោកក៏រងប្រតិកម្មតបវិញមិនតិចដែរ។
«តួនាទីរបស់ឧត្តមស្នងការ គឺធ្វើជាទូតសិទ្ធិមនុស្សឲ្យមានប្រសិទ្ធភាព។» នេះសម្ដីរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស Zeid Ra'ad al-Hussein ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ Al Jazeera ដែលផ្សាយនៅថ្ងៃទី១១ ខែសីហា។ លោក al-Hussein នឹងបញ្ចប់អាណត្តិរបស់ខ្លួននៅត្រឹមខែសីហានេះ ហើយអ្នកជំនួសលោក គឺអតីតមេដឹកនាំរដ្ឋអាមេរិកខាងត្បូងស៊ីលីលោកស្រី Michelle Bachelet ដែលល្បីខាងសិទ្ធិមនុស្សដែរនោះ។
មេដឹកនាំប្រទេសមិនថាតូចឬធំ សុទ្ធតែត្រូវបានលោករិះគន់ចាស់ដៃរាប់មេដឹកនាំមហាអំណាចអាមេរិក ដូណាល់ ត្រាំ លើសំណុំរឿងរឹតត្បិតការធ្វើដំណើររបស់ជនអន្តោប្រវេសន៍មូស្លីម និងផែនការសាងសង់ជញ្ជាំង ក៏ដូចជាប្រធានាធិបតីសមាជិកអាស៊ាន រ៉ូឌ្រីហ្គោ ឌូទើតេ ជុំវិញសង្គ្រាមគ្រឿងញៀនដែលសម្លាប់មនុស្សខ្ទង់ពាន់នាក់។ ប៉ុន្តែលោកក៏រងរិះគន់វិញដែរ ព្រោះមិនបានដោះស្រាយបញ្ហាសិទ្ធិមនុស្សដែលមានការបំពានខ្លាំង។
ទោះរងប្រតិកម្មអវិជ្ជមានក្ដី លោក al-Hussein និយាយថា តួនាទីរបស់លោក គឺអនុវត្តច្បាប់សិទ្ធិមនុស្ស និងមានកាតព្វកិច្ចឲ្យរដ្ឋនានាគោរពសិទ្ធិមនុស្ស ហើយទីណាដែលគ្មានការគោរពនោះ គឺត្រូវការពារជនរងគ្រោះដែលសិទ្ធិពួកគេត្រូវបានបំពាន ឬរើសអើង ឬរស់នៅដោយភាពភ័យខ្លាច។ «ការងារខ្ញុំមិនមែនការពាររដ្ឋាភិបាលទេ ពួកគេអាចការពារខ្លួនឯងបាន ឯការងារខ្ញុំគឺការពារសិទ្ធិអ្នកផ្សេង»។ នេះជាការបញ្ជាក់របស់លោកប្រមុខសិទ្ធិមនុស្ស UN ចប់អាណត្តិ។
ដោយសារហេតុផលខាងលើ លោក al-Hussein ឆ្លៀតលើកឡើងថា លោកដឹងជាមុនថា លោកនឹងមិនទទួលបានការគាំទ្រពីសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខឡើយ។ លោកបកស្រាយថា៖ «ខ្ញុំបារម្ភថាពេលខ្ញុំជាភាគីខាងក្រៅ ហើយឃើញឧត្តមស្នងការមានមហាអំណាចនៅពីក្រោយ ព្រោះខ្ញុំសង្ស័យថា គាត់នឹងមិនធ្វើការបានត្រឹមត្រូវឡើយ។ សមាជិកអចិន្ត្រៃយ៍មានសិទ្ធិខុសពីគេនៅញូវយ៉ក ព្រោះមានអំណាចវ៉េតូក្នុក្រុមប្រឹក្សាសន្តិសុខ។»
ប៉ុន្តែស្ថានភាពមិនដូចគ្នានៅទីក្រុងហ្សឺណែវ ដែលទីស្នាក់ការក្រុមប្រឹក្សាសិទ្ធិមនុស្សឡើយ។ ត្រង់ចំណុចនេះលោក al-Hussein បកស្រាយថា មហាអំណាចទាំងនោះគ្រាន់តែសមាជិកមួយនៃក្រុមប្រឹក្សាសិទ្ធិមនុស្សដែលមានសមាជិក៤៨ប្រទេស ក្នុងករណីពួកគេត្រូវបានជ្រើសរើសឲ្យអង្គុយកៅអីសមជិក។ ដូចនេះ ក្រុមប្រឹក្សាពិនិត្យមើលរបាយការណ៍សិទ្ធិមនុស្សពួកគេដូចប្រទេសផ្សេងដែរ ហើយនោះជាអ្វីដែលមហាអំណាចទាំងនោះមិនចូលចិត្ត៕
Tag:
UN
សិទ្ធិមនុស្ស
Zeid Ra\'ad al-Hussein
© រក្សាសិទ្ធិដោយ thmeythmey.com