ស្រា នាំកើតរឿងកឿងកិច្ចកុន ស្រា លុកលុយបុណ្យឲ្យកើតបាប
ស្រា នាំស្រុកស្រុតដុតដុនដាប ស្រា ខិលខូចខាបក្តីសុខា។
ស្រា នាំវិលមុខទុក្ខរីងរៃ ស្រា នាំទុក្ខភ័យដល់គ្រួសារ
ស្រា នាំអ្នកផឹកចោលកិច្ចការ ស្រា នាំហិង្សាដល់កូនចៅ។
ស្រា នាំក្រិនថ្លើមហើមជើងដៃ ស្រា ធាតុចង្រៃនាំចិត្តក្តៅ
ស្រា នាំមង្គលរចលខ្មៅ ស្រា ស្រវឹងខ្លៅទោះបណ្ឌិត។
ស្រា នាំអ្នកស្លូតឆ្កួតកោងកាច ស្រា ជាបិសាចដែលនៅជិត
ស្រា នាំគិតខ្លីខ្ចីគំនិត ស្រា ស្រោបជីវិតឲ្យខើចខ្លី។
ស្រា នាំចិត្តស្រាលក្បាលភ្លាំងភ្លេច ស្រា អាចកម្ទេចសុខសិរី
ស្រា នាំស្រើបស្រាលទាំងប្រុសស្រី ស្រា រុញខន្តីឲ្យចាកប្រាណ។
ស្រា ពេលដាក់ជ្រុលពុលចិត្តកាយ ស្រា នាំឲ្យឆ្ងាយគ្រួសារបាន
ស្រា អាចសម្លាប់ភាពសុខសាន្ត ស្រា សែនរំខានផឹកធ្វើអ្វី?
ស្រា ត្រឹមឆ្ងាញ់បាយអាចស្រាយរោគ ស្រា រាល់ថ្ងៃជោកច្បាស់ក្រក្រី
ស្រា ស្រីរួមល្បែងលែងសល់ដី ស្រា ព្រះពុទ្ធស្តីហាមយូរហើយ៕