កីឡាជាតិ
ជាតិ
បឹងកេតឈ្នះវិសាខាបន្តឈរកំពូលតារាង រីឯស្វាយរៀងនៅតែទទួលមេរៀនខកចិត្តពីអាស៊ីអឺរ៉ុប
× ក្លិបកីឡាបាល់ទាត់បឹងកេតនៅតែអាចរក្សាភាពខ្លាំង តាមរយៈបន្តគ្រងកំពូលតារាងបណ្តោះអាសន្ន នៃពានរង្វាន់ខេមបូឌានលីគក្នុងសប្តាហ៍ទី១៧ បន្ទាប់ពីពួកគេយកឈ្នះវិសាខាយ៉ាងប្រផិតប្រផើយ ១-០។ គ្រាប់បាល់របស់បឹងកេតបានកើតឡើងនៅចុងវគ្គទី២ ដែលរកបានដោយកីឡាករ Hikaru Mizuno ក្រោមការលើកពីជ្រុងរបស់ Maycon។ ព្រះខ័នរាជស្វាយរៀងបានរងការខកចិត្តយ៉ាងខ្លាំង ក្រោយបន្តចាញ់អាស៊ីអឺរ៉ុបជាលើកទី២។
គ្រាប់បាល់១គ្រាប់របស់ខ្សែការពារជប៉ុន Hikaru Mizuno ដែលកើតឡើង៧នាទីចុងក្រោយនៃវគ្គទី២ បានជួយឲ្យបឹងកេតបន្តគ្រងកំពូលតារាងក្នុងសប្តាហ៍ទី១៧ នៃពានរង្វាន់ខេមបូឌានលីគ។ គ្រាប់បាល់ជ័យជម្នះ ១-០ នេះ កើតឡើងក្រោយការលើកចេញពីជ្រុងរបស់ខ្សែប្រយុទ្ធប្រេស៊ីល Maycon Calijuri ហើយត្រូវបានខ្សែការពារជប៉ុនរូបនេះ តែតបញ្ចូលទីបានសម្រេច។
នាការប្រកួតដ៏ស្វិតស្វាញក្រោមដំណក់ទឹកភ្លៀងកាលពីថ្ងៃអាទិត្យ ទី១២ ខែសីហា នៅពហុកីឡដ្ឋានជាតិ ក្រុមទាំងពីរបានបញ្ចប់ដោយគ្មានការស៊ុតបញ្ចូលទីក្នុងវគ្គទី១ ទោះបីក្រុមទាំងពីរបានដាក់សម្ពាធគ្នាទៅវិញទៅមកក៏ដោយ។ លទ្ធផលនេះ ត្រូវបានរក្សារហូតដល់នាទី៨០។ សម្លេងស្រែកហ៊ោប្រកបដោយភាពសប្បាយរីករាយរបស់ថ្នាក់ដឹកនាំ និងអ្នកគាំទ្រក្លិបបឹងកេត ត្រូវបានបន្លឺឡើងនៅ៣នាទីក្រោយ បន្ទាប់ពីខ្សែការពារជប៉ុន Hikaru Mizuno សម្រេចគ្រាប់បាល់នាំមុខ ១-០ ឲ្យបឹងកេត។ ហើយវាក៏ជាគ្រាប់បាល់ ដែលធ្វើឲ្យអ្នកគាំទ្ររបស់ក្លិបវិសាខាខកចិត្តផងដែរ។ លទ្ធផលនេះ ធ្វើឲ្យវិសាខាបន្តឈរលេខ៣ក្នុងតារាងមាន៣៨ពិន្ទុ។
នៅកីឡដ្ឋានខេត្តសៀមរាបឯណេះវិញ ក្រុមម្ចាស់ផ្ទះសូលទីឡូអង្គរមិនអាចសងសឹកក្រសួងការពារជាតិ ដែលយកឈ្នះខ្លួន ៣-១ ក្នុងជើងទី១បាននោះទេ ដោយក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផលស្មើ ២-២។ គ្រាប់បាល់របស់សូលទីឡូអង្គររកបានម្នាក់១គ្រាប់ដោយកីឡាករ ឡុង ភារ៉ាត់ និង Abban James Kwame ខណៈកីឡាករ ខែក ខេមរិន្ទ និង Na Hyosung សម្រេចគ្រាប់បាល់ឲ្យក្រសួងការពារជាតិ។ លទ្ធផលនេះ ធ្វើឲ្យក្រុមទាំងពីរបន្តរក្សាទីតាំងដដែល ដោយក្រសួងការពារជាតិឈរលេខ៤មាន៣៥ពិន្ទុ ខណៈសូលទីឡូអង្គរឈរលេខ១០មាន១៦ពិន្ទុ។
យ៉ាងណាមិញ ក្រុមបន្ទាប់ពីបាតតារាងអគ្គិសនីកម្ពុជា មិនអាចរក្សាជោគវាសនា ដែលបញ្ចប់គ្មានការស៊ុតបញ្ចូលទីដូចជើងទី១នោះទេ។ សម្រាប់ជំនួបជើងទី២នៅលើទឹកដីខ្លួន ពួកគេបានចាញ់ភ្នំពេញក្រោនក្នុងលទ្ធផល ៤-០។ ជ័យជម្នះនេះ ជួយឲ្យភ្នំពេញក្រោនពង្រឹងទីតាំងលេខ៥ជាមួយ២៧ពិន្ទុ។ ចំណែកអគ្គិសនីបន្តឈរលេខ១១ក្នុងតារាងមាន៥ពិន្ទុ។
សម្រាប់ជំនួបកាលពីថ្ងៃសៅរ៍ទី១១ ខែសីហា ណាហ្គាវើលបានយកឈ្នះវេស្ទើនភ្នំពេញក្នុងលទ្ធផល ៣-០ ដើម្បីបន្តឈរលេខរៀងទី២មាន៤១ពិន្ទុ។ ចំណែកវេស្ទើនភ្នំពេញបន្តឈរបាតតារាងមាន១ពិន្ទុ ដែលអាចប្រឈមនឹងការកាត់ចេញពីក្របខណ្ឌលីគកំពូលនៅរដូវកាលក្រោយ។
ងាកទៅមើលកីឡដ្ឋានខេត្តសៀមរាប ម្ចាស់ផ្ទះអង្គរថាយហ្គឺរបានយកឈ្នះភ្ញៀវអគ្គស្នងការនគរបាលជាតិក្នុងលទ្ធផល ៣-១។ ជ័យជម្នះនេះជួយឲ្យអង្គរថាយហ្គឺរបាន១៩ពិន្ទុ ដើម្បីពង្រឹងទីតាំងលេខ៩ក្នុងតារាង។ លើសពីនេះ វាជួយឲ្យក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ សងសឹកអគ្គស្នងការនគរបាលជាតិ ដែលយកឈ្នះខ្លួន ២-១ ក្នុងជើងទី១បានសម្រេចផងដែរ។
ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងបានធ្វើឲ្យអ្នកគាំទ្រខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីពួកគេ ត្រូវបានក្រុមភ្ញៀវអាស៊ីអឺរ៉ុបលត់ក្នុងលទ្ធផល ៦-១ លើទឹកដីខ្លួន។ នាជំនួបជើងទី១នៅលើទឹកដីអាស៊ីអឺរ៉ុប ព្រះខ័នរាជស្វាយរៀងបានចាញ់ក្នុងលទ្ធផល ២-១។ តែយ៉ាងណា លទ្ធផលនេះមិនបានធ្វើក្រុមម្ចាស់ផ្ទះនេះធ្លាក់ចំណាត់ថ្នាក់នោះឡើយ ដោយបន្តឈរលេខ៧ក្នុងតារាងរក្សា២១ពិន្ទុដដែល៕
Tag:
បាល់ទាត់
វិសាខា
បឹងកេត
Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com