ជាតិ
បោះឆ្នោត
គ.ជ.ប អាចនឹងផ្អាកប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត ព្រោះមានបណ្តឹង លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប (ឆ្វេងដៃ) និង លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា (ស្តាំដៃ)
× តាមកាលបរិច្ឆេទ ដែលត្រូវបានគ្រោងទុក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។ ប៉ុន្តែ កាលបរិច្ឆេទនៃការប្រកាសលទ្ធផលផ្លូវការនេះ អាចនឹងប្រែប្រួល ដោយសារតែមានគណបក្ស ដាក់បណ្តឹងទៅកាន់គ.ជ.ប ដើម្បីទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញ។
គណបក្ស ដែលចាប់ផ្តើមដាក់បណ្តឹងមុនគេ គឺគណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់។ លោក ពេជ្រ ស្រស់ បានយកបណ្តឹងទៅដាក់នៅគ.ជ.ប នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នេះម្តង។ ប្រធានគណបក្សរូបនេះ បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកថា មូលហេតុដែលលោក ដាក់បណ្តឹង គឺដោយសារតែលទ្ធផលបណ្ណោះអាសន្ន ដែលគ.ជ.ប ទើបនឹងប្រកាស ហាក់ដូចជាមិនទាន់មានលក្ខណត្រឹមត្រូវនៅឡើយ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ប្រាប់សារព័ត៌មានមានថ្មីៗថា ក្រៅពីគណបក្សយុជនកម្ពុជា គ.ជ.ប ពុំទាន់ឃើញមានគណបក្សណាផ្សេង ដាក់បណ្តឹងនោះទេ។ លោក បន្តថា គ.ជ.ប ត្រូវពិនិត្យជាមុនសិន ហើយបន្ទាប់មកទើបសម្រេចថា ត្រូវរាប់សន្លឹកឆ្នោតឡើងវិញ តាមបណ្តឹងរបស់គណបក្សយុវជនកម្ពុជា ឬមិនរាប់។ លោក បញ្ជាក់យ៉ាងដូច្នេះថា៖«យើងពិនិត្យមើលសិន មិនមែនចេះតែធ្វើតាមការស្នើសុំនោះទេ»។
លោក ហង្ស ពុទ្ធា បន្ថែមថា ប្រសិនបើ គ.ជ.ប សម្រេចដោះស្រាយបណ្តឹងរបស់គណបក្សយុវជនកម្ពុជា ដោយត្រូវចំណាយពេលច្រើនថ្ងៃ ដូច្នេះ ការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត អាចនឹងផ្អាក។ ប៉ុន្តែ លោក បញ្ជាក់ថា ប្រសិនបើបណ្តឹងរបស់គណបក្សយុវជនកម្ពុជា ត្រូវបានច្រានចោល ឬក៏ដោះស្រាយបានមុនថ្ងៃទី១៥ ខែសីហា នោះកាលបរិច្ឆេទនៃការប្រកាសលទ្ធផលផ្លូវការ នឹងមិនផ្លាស់ប្តូរអ្វីឡើយ។ លោក បកស្រាយបែបនេះថា៖«ឥឡូវយើង មិនទាន់អាចនិយាយថា ការប្រកាសលទ្ធផលផ្លូវការ នឹងត្រូវពន្យារ ឬមិនពន្យារទេ ព្រោះយើង មិនទាន់បានសម្រេចលើបណ្តឹងរបស់គណបក្សយុវជនកម្ពុជា»។
យ៉ាងណាក៏ដោយ ជានីតិវិធី ការដោះស្រាយបណ្តឹងនេះ មិនអាចឲ្យលើសពី១០ថ្ងៃនោះទេ។ នេះបើតាមអ្នកនាំពាក្យគ.ជ.ប ដដែល។ លោក បានអះអាងទៀតថា ក្រោយដោះស្រាយបណ្តឹងរបស់គណបក្សរួចហើយ ទើបគ.ជ.ប អាចប្រកាសលទ្ធផលផ្លូរការនៃការបោះឆ្នោត។ លោក សង្កត់យ៉ាងដូច្នេះ៖«យ៉ាងយូរ រយៈពេល១០ថ្ងៃ គ.ជ.ប ត្រូវតែមានដំណោះស្រាយលើបណ្តឹងរបស់គណបក្ស»។
ការប្រកាសលទ្ធផលនៃការបោះឆ្នោត មានបីដំណាក់កាល គឺលទ្ធផលបឋម លទ្ធផលបណ្តោះអាសន្ន និងលទ្ធផលផ្លូវការ។ លទ្ធផលបឋម និងលទ្ធផលបណ្តោះអាសន្ន ត្រូវបាន ប្រកាសរួចរាល់អស់ហើយ។
តួលេខនៃលទ្ធផលបឋម និងលទ្ធផលបណ្តោះអាសន្ន ខុសគ្នាតិចតួចប៉ុណ្ណោះ។ លទ្ធផលទាំងពីរលើកនេះ បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសន្លឹកឆ្នោតជាង ៤,៨លាននាក់ឯណោះ ដែលស្មើជាង៧៦ភាគរយ។ គេ សន្និដ្ឋានជាមុនថា ក្នុងចំណោមគណបក្សទាំង២០ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតលើកនេះ ប្រហែលជាមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមានលទ្ធភាពទទួលបានអាសនៈក្នុងរដ្ឋសភា។
រដ្ឋសភានីតិកាលទី៦ នឹងត្រូវប្រជុំលើកដំបូងនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ហើយមួយថ្ងៃបន្ទាប់មក នឹងត្រូវបង្កើតរដ្ឋាភិបាលថ្មី។ នេះបើតាមការប្រកាសរបស់សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលប្រចាំផ្ទះនាពេលកន្លងមក៕
Tag:
បោះឆ្នោត
គជប
ហង្ស ពុទ្ធា
ពេជ្រ ស្រស់
© រក្សាសិទ្ធិដោយ thmeythmey.com