ជាតិ
សេដ្ឋកិច្ច
ក្រសួងកសិកម្ម ជំរុញ​ឲ្យ​ម្ចាស់​កសិដ្ឋាន​ដាំចេក ចុះបញ្ជី​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ការនាំ​ចេញទៅ​ទីផ្សារ​ចិន​
13, Aug 2018 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រាប់​ឲ្យ​ម្ចាស់​កសិដ្ឋាន​ដាំ​ដំណាំ​ចេក ចុះបញ្ជី​នៅ​ក្រសួង​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ដំណើរ​ការនាំ​ចេញទៅ​ទីផ្សារ​ចិន​។ ការជំរុញ​របស់​ក្រសួង​នេះ ធ្វើឡើង​បន្ទាប់ពី​កម្ពុជា និង​ចិន បាន​ចុះហត្ថលេខា​លើ​ពិធីសារ​ស្ដីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​នាំចេញ​ផ្លែ​ចេក ទៅ​ទីផ្សារ​ប្រទេស​ចិន​។



​គោលបំណង​ដែល​ក្រសួងកសិកម្ម ជំរុញ​ឲ្យ​ក្រុមហ៊ុន ឬ​ម្ចាស់​កសិដ្ឋាន​ដាំ​ដំណាំ​ចេក ចុះបញ្ជី​ជា​ផ្លូវការ​នេះ គឺ​ដើម្បី​ងាយ​ដល់​មន្ត្រី​ជំនាញ​ការពារ​រ​រុក្ខជាតិ និង​ភូតគាម​អនាម័យ​នៃ​ប្រទេស​ទាំងពីរ​ពិនិត្យ និង​វាយតម្លៃ​លើ​លក្ខណៈ​បច្ចេកទេស ជាពិសេស​ការគ្រប់គ្រង​ការដាំដុះ ការ​វេច​ខ្ចប់ ឲ្យ​ស្របតាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ ដែល​មានចែង​ក្នុង​ពិធីសារ​មុននឹង​ធ្វើការ​នាំចេញ​។​

​ការចុះបញ្ជី​នេះ ក្រសួងកសិកម្ម អនុញ្ញាត​ឲ្យ​តែ​ក្រុមហ៊ុន ឬ​ម្ចាស់​កសិដ្ឋាន​ដាំចេក ដែលមាន​បំណង​ចង់​នាំ​ចេញទៅ​ទីផ្សារ​ប្រទេស​ចិន​ប៉ុណ្ណោះ ពោលគឺ​ម្ចាស់​ដំណាំ​ហូប​ផ្លែ​ផ្សេងទៀត ក្រៅពី​ផ្លែ​ចេក មិន​តម្រូវ​ឲ្យ​មានការ​ចុះបញ្ជី​ឡើយ​។​

«​ក្នុង​ពិធីសារ​នោះ មិន​តម្រូវ​ឲ្យ​ម្ចាស់​កសិដ្ឋាន​ដាំ​ដំណាំ​ឈើ​ហូប​ផ្លែ​ទាំងអស់ ត្រូវ​មក​ចុះបញ្ជី​នៅ​ក្រសួង​នោះទេ គឺ​តម្រូវ​ឲ្យ​ក្រុមហ៊ុន ឬ​ម្ចាស់​កសិដ្ឋាន​ដាំចេក ដែលមាន​បំណង​ចង់​នាំ​ចេញទៅ​ទីផ្សារ​ប្រទេស​ចិន​ប៉ុណ្ណោះ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងកសិកម្ម​។​

អត្ថបទទាក់ទង


​ចំពោះ​ការនាំ​ចេក​ចេញទៅ​ទីផ្សារ​ចិន​នេះ ប្រទេស​ទាំងពីរ​មិនបាន​កំណត់​ប្រភេទ​ផ្លែ​ចេក​ក្នុង​ពិធីសារ​នោះទេ ពោលគឺ​ផ្លែ​ចេក​ទូទៅ​។ ប៉ុន្តែ​លោក ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម បាន​អះអាងថា មានតែ​ចេកអំបូង​លឿង​ទេ​ជា​ជម្រើស​ល្អ​បំផុត ដែលមាន​លក្ខណៈ​គ្រប់គ្រាន់​អាច​នាំចេញ​បាន​។​

​សព្វថ្ងៃ​ចេកអំបូង​លឿង មាន​ដាំ​នៅ​ខេត្តរតនគិរី ក្រចេះ និង​ខេត្តកំពត ប្រមាណ ៥​ពាន់​ហិកតា ដែល​ឲ្យ​ផល​ប្រហែល ៣០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​។ ប្រភេទ​ផ្លែ​ចេក​ទាំងនេះ ត្រូវបាន​នាំចេញ​ទៅ​ប្រទេស​វៀតណាម​ស្ទើ​តែ​រៀងរាល់ថ្ងៃ ហើយ​វៀតណាម​ធ្វើការ​នាំចេញ​បន្ត​។ នេះ​បើតាម​លោក ហ៊ាន វណ្ណ​ហន ។

​លោក​បន្ថែមថា  នៅពេលនេះ កម្ពុ​ជាមាន​ច្រក​ទីផ្សារ​ថ្មី​មួយទៀត គឺ​ប្រទេស​ចិន ដែល​នឹង​បាន​តម្លៃ​ខ្ពស់ជាង​លក់​ឲ្យ​វៀតណាម​។ បើតាម​លោក ហ៊ាន វណ្ណ​ហន ចេក​របស់​កម្ពុជា​ត្រូវបាន​រំពឹងថា​នឹង​ចូល​ទឹកដី​ចិន​ដោយផ្ទាល់​លើកដំបូង​នៅ​ចុង​ឆ្នាំនេះ​។​

​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ពិធីសារ​កន្លងមក ភាគី​កម្ពុជា​បានស្នើ​ឲ្យ​ភាគី​ចិន ព​ន្លឿ​ន​ការងារ​ក្នុងការ​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំចេញ ផ្លែស្វាយ តា​ង៉ែ​ន ស្រកានាគ ម្រេច និង​សំបុក​ត្រចៀកកាំ ទៅ​ទីផ្សារ​ចិន​ផងដែរ​។ ក្នុង​ឆ្នាំ​២០១៧ កន្លងទៅ កម្ពុជា​បាន​នាំចេញ​អង្ករ​ជិត ២០​ម៉ឺន​តោន ដំឡូង​មី​ក្រៀម និង​ម្សៅ ៥៨​ពាន់​តោន កៅស៊ូ​ជាង ៣​ពាន់​តោន ទៅ​ទីផ្សារ​ចិន​៕


Tag:
 កសិកម្ម​
  ចិន​
  ចេក
© រក្សាសិទ្ធិដោយ thmeythmey.com