ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បាក់ឌុប
បេក្ខជន​ប្រឡង​បាក់​ឌុប កាន់តែ​ខ្មីឃ្មាត​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដើម្បី​ត្រៀមប្រឡង​
13, Aug 2018 , 10:19 pm        
រូបភាព
​គិត​ចាប់ពី​សម័យ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ ឬ​គេ​ហៅ​ជា​សាមញ្ញ​ថា ប្រឡង​បាក់​ឌុប ត្រូវបាន​រឹតបន្តឹង ពោលគឺ​ចាប់តាំងពី​ឆ្នាំ​២០១៤​មក គេ​សង្កេតឃើញថា សិស្សានុសិស្ស​ជា​បេក្ខជន​បាន​ឱហាត​សិក្សា​គួរ​ឲ្យ​កត់សម្គាល់​។ គ្រូបង្រៀន​គួរ​ត្រៀមប្រឡង​បាក់​ឌុប​នៅ​សាលា​ជ័យ​ថា​វី គឺជា​សាក្សី​នៃ​ទិដ្ឋភាព​ថ្មី​នេះ​។​



​នេះ​ជា​ប្រធានបទ​បទ​យកការណ៍​របស់​ក​ញ្ញា ប៉ូ សា​គុន​។ សូម​នាង​កញ្ញា លោក លោកស្រី រីករាយ​ស្តាប់​បទ​យកការណ៍​ខាងក្រោម​នេះ​ដូចតទៅ​៖




​យើង​កំពុង​នៅក្នុង​បន្ទប់​បង្រៀន​គួរ​មួយ​ក្នុងចំណោម​បន្ទប់​ជាច្រើន​ទៀត​ដែល​ស្ថិតក្នុង​សាលារៀន​ជ័យ​ថា​វី​ដ៏​ល្បីល្បាញ​សម្រាប់​សិស្ស​វិទ្យាល័យ​។ ក្នុង​បន្ទប់រៀន​គួរ​ធំ​ល្មម សិស្ស​ប្រមាណ​ជិត​២០០​នាក់​បាន​អង្គុយ​ជា​ជួរ​តាម​តុ​សិស្ស​រាង​ទ្រ​វែ​។ ក្នុង​បន្ទប់​ដែល​ត្រូវ​ផ្ទុក​សិស្ស​ជាច្រើន​យ៉ាង​ដូច្នេះ តុ​ត្រូវបាន​តម្រៀប​គ្នា​ពី​តុ​ទាប​ជាងគេ​នៅខាងមុខ បន្តទៅ​តុ​ខ្ពស់​បន្តបន្ទាប់​ទៅខាង​ក្រោយ ដើម្បី​អនុញ្ញាត​ឲ្យ​សិស្ស​ដែល​អង្គុយ​នៅ​ខាងក្រោយ​អាច​មើលឃើញ​ការពន្យល់​របស់​គ្រូ​។ ទោះ​យ៉ាងនេះ​ក៏ដោយ យូរៗ​ម្តង​គេ​ឃើញ​សិស្ស​ខ្លះ លើកយក​ទូរ​សព្ទ​របស់​ពួកគេ​ផ្តិត​យក​អក្សរ​ពីលើ​ក្តារខៀន​របស់​គ្រូ​។ ទោះបី​ការ​អង្គុយ​រៀន​ចង្អៀត​បន្តិច​ក្ដី ដោយ​តុ​ខ្លះ​មាន​៣​នាក់​ទៅ​៤​នាក់ តែ​សិស្ស​នៅក្នុង​បន្ទប់​មួយ​នេះ នៅតែ​ខំ​តាមដាន​គ្រូ​ពន្យល់​ដោយ​ភាព​ស្ងៀមស្ងាត់​។ អ្នកខ្លះ​គ្រាន់តែ​សួរ​គ្នា​ពី​អក្សរ​ដែល​ខ្លួន​មើល​មិន​ច្បាស់​តែប៉ុណ្ណោះ​។

​គ្រូបង្រៀន​នៅក្នុង​បន្ទប់​ខាងលើនេះ​គឺ​លោក ធូ ភន ដែល​កំពុង​បង្រៀន​គួរ​មុខវិជ្ជា​ជីវ​ដល់​សិស្ស​ជិត​២០០​នាក់​។ ដើម្បីឱ្យ​សំឡេង​របស់ខ្លួន​ឮ​ទៅដល់​សិស្ស​បាន​គ្រប់គ្នា លោក ធូ ភន ចាំបាច់​ត្រូវ​ប្រើ​ឧបករណ៍​បំពង​សំឡេង ជា​ជំនួយ​ដល់​សិស្ស​ងាយស្រួល​ទទួល​មេរៀន​។ តាម​បទពិសោធន៍ ដែល​លោកគ្រូ​រូបនេះ​ធ្លាប់​បង្រៀន​គួរ លោក​ជ្រើសរើស​បង្រៀន​មេរៀន​ច្រើនជាង​លំ​ហាត់ ព្រោះ​វាទ​ទួលបាន​ពិន្ទុ​ច្រើន​។ មានបទពិសោធន៍​បង្រៀន​២៣​ឆ្នាំ​លោកគ្រូ ធូ ភន អះអាងថា ភាគច្រើន​មេរៀន​ដែល​លោក​បង្រៀន​ត្រូវ​នឹង​វិញ្ញាសា​ដែល​ក្រសួង​ចេញ​ក្នុងពេល​ប្រឡង​។​

 លោក​បានផ្ដល់​ដំបូន្មាន​ដល់​សិស្ស​ដែល​ត្រៀមប្រឡង​ថា គួរ​តាមដាន​វិញ្ញាសា​ប្រឡង​បាក់​ឌុប​ពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​ចុងក្រោយ ដើម្បី​អាច​ដឹងថា ក្រសួង​ចូលចិត្ត​ចេញ​មេរៀន​ណា និង​ត្រង់ចំណុច​ណា​ជាងគេ ហើយ​ត្រូវ​រៀន​ឱ្យ​ច្រើន​ត្រង់ចំនុច​នោះ​។ លោក ធូ ភន បញ្ជាក់​៖«​ខ្ញុំ​ចង់ឱ្យ​ប្អូនៗ​តាមដាន​ប្រវត្តិ​ចេញ​វិញ្ញាសា​ពី​ឆ្នាំ​២០១៤​ដល់​២០១៧​ថា​ក្រសួង​អប់រំ​ចេញ​អ្វីខ្លះ របៀប​ដូចម្ដេច ជួនកាល​គេ​គ្រាន់តែ​កាឡៃ​បន្តិច​ប​ន្ទួ​ច​។ បើ​លំ​ហាត់​គាត់​គ្រាន់តែ​មើល​ក្នុង​សៀវភៅ​សង្ខេប​របស់​ក្រសួង​តូច​មួយ​ទៅបាន​ហើយ ហើយ​បើ​មក​រៀន​គួរ​បំប៉នបន្ថែម​ចំណេះ​កាន់តែ​កើន​»​។



​កំពុង​អង្គុយ​ក្នុង​បន្ទប់​មួយ​ជាមួយ​គ្រូ​ដទៃទៀត ដើម្បី​រង់ចាំ​ម៉ោង​បង្រៀន លោកគ្រូ ទៀង ប៉ាង ដែលជា​គ្រូបង្រៀន​គួរ​រូបវិទ្យា​នៅ​សាលា​ជ័យ​ថា​វី​មួយរូប​ដែរ បាន​កត់សម្គាល់ថា ចាប់តាំងពី​មានការ​រឹតបន្តឹង​ក្នុងពេល​ប្រឡង សិស្ស​កាន់តែ​ខំប្រឹងប្រែង​រៀនសូត្រ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។  សម្រាប់​លោកគ្រូ ទៀង ប៉ាង ពាក្យ​ថា «​អ្នកចេះ​គឺជា​ប់​» បាន​ប្ដូរ​សិស្ស​ពី​ការមិន​ចូល​សាលារៀន មក​គោរព​វិន័យ និង​យកចិត្តទុកដាក់​រៀនសូត្រ ហើយ​ពួកគេ​ចាប់ផ្ដើម​ពង្រឹង​ខ្លួន​ឱ្យមាន​គុណភាព​ទ្វេដង​។ «​រៀន​សំខាន់​ប្រឡង បើ​ពេល​ប្រឡង​មិន​រៀប​ឱ្យបាន​ត្រឹមត្រូវ សិស្ស​រហូតដល់​វា​មិន​រៀន វា​អាង​តែ​ចម្លង​គ្នា​។ ឥឡូវ​រដ្ឋមន្ត្រី​ធ្វើ​តឹង​ស្មើ ដក​ទូរស័ព្ទ ដក​អ្វី​ទាំងអស់ ចឹ​ង​កូនសិស្ស​វា​ខំរៀន​ហើយ​។

នេះ​ជាការ​បញ្ជាក់​របស់លោក ទៀង ប៉ាង​ ​ទើបតែ​រៀន​ចប់​ម៉ោង​ជីវវិទ្យា ហើយ​ដើរ​តម្រង់​ទៅរក​បន្ទប់រៀន​មួយទៀត កញ្ញា ពេ​ជ ណាវី គឺជា​សិស្ស​ថ្នាក់​ទី​១២​មួយរូប ដែល​បានមក​រៀន​គួរ​ក្នុង​សាលា​ជ័យ​ថា​វី ត្រៀមប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៨​នេះ​។ ដោយសារតែ​មិនមាន​ពេលវេលា​រៀន​គួរ​គ្រប់គ្រាន់ ណាវី​បានជ្រើសរើស​រៀន​គួរតែ​មុខ​វិទ្យា​សំខាន់​មួយចំនួន​តែប៉ុណ្ណោះ​ដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និង ជីវវិទ្យា​។ ចំណែកឯ​មុខវិជ្ជា​ដទៃ​ទៀត ណាវី កំពុង​សិក្សា​នៅផ្ទះ​ដោយ​ខ្លួនឯង​។ ឆ្លងកាត់​ការរៀន​គួរ​ច្រើន និង​ការ​ខឹ​ត​ខំប្រឹងប្រែង​ខ្លួនឯង​ផង​នោះ ណាវី​ហាក់​មានសង្ឃឹម​ជា​វិជ្ជមាន ក្នុង​ថ្ងៃ​ប្រឡង​ខាងមុខ​។ កញ្ញា ពេ​ជ ណាវី បញ្ជាក់​«​ខ្ញុំ​គិតថា​ខ្ញុំ​អាច​ធ្វើបាន​លទ្ធផល​ល្អ​ច្រើន ព្រោះ​ខ្ញុំ​យល់ដឹង​ច្រើន ចឹ​ង​វា​ងាយស្រួល​ក្នុងការ​ប្រឡង​»​។​

​ក្រលេក​ទៅ​មើល​បន្ទប់រៀន​មួយទៀត​នៅក្បែរ​គ្នា​នោះ មាន​សិស្ស​មួយក្រុម​កំពុង​រង់ចាំ​ចូល​បន្ទប់រៀន​។ កញ្ញា កណិការ បាន​ងាក​មក​ឆ្លើយ​សំនួរ​របស់ខ្ញុំ ដែល​សួរថា​ហេតុអ្វី​បានជា នាង​សម្រេចចិត្ត​មក​រៀន​គួរ​នៅទីនេះ នៅមុន​សម័យ​ប្រឡង​បាក់​ឌុប​មកដល់​? យុវតី​វ័យ​១៨​ឆ្នាំ​បាន​ទទួលស្គាល់ថា ការសិក្សា​នៅក្នុង​កម្មវិធី​របស់​សាលារៀន​កន្លងមក មិន​គ្រប់គ្រាន់​នឹង​ធានា​ឲ្យ​កញ្ញា​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ក្នុងសម័យ​ប្រឡង​ខាងមុខ​នេះឡើយ​។ កណិការ បានបញ្ជាក់​ទៀតថា កញ្ញា​ថែមទាំង​បាន​ព្យាយាម​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​ទៀតផង​។ «​ខ្ញុំ​រៀន​តែ​នៅ​សាលា​រដ្ឋ​មិនសូវ​ជា​ទុកចិត្ត​ថា​ប្រឡង​ជាប់​ទេ ព្រោះ​គ្រូបង្រៀន​ទៅតាម​កម្មវិធី ចឹ​ង​រៀន​លឿន​។ ដើម្បី​យើង​រៀន​កាន់តែច្បាស់​និង​បែកគំនិត យើង​ត្រូវ​រៀន​គួរ​ថែមទៀត សំខាន់​បើ​មានឱកាស​រៀន​យើង​ត្រូវតែ​ខំរៀន​ទៅ ទុកពេល​ទំនេរ​ឥតប្រយោជន៍​ធ្វើ​អី​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់ក​ញ្ញា កណិកា​។



​ចំណែក​កញ្ញា ស៊ុម លីដា វិញ នាង​ទើបតែ​ផ្លាស់​ពី​ខេត្តស្វាយរៀង មក​រៀន​នៅ​ទីក្រុង​ភ្នំពេញ​ក្នុងឆ្នាំនេះ​។ បន្ទាប់ពី​បញ្ចប់​ឆ្នាំ​សិក្សា​រដ្ឋ​ថ្នាក់​ទី​១២ ហើយ​រង់ចាំ​សម័យ​ប្រឡង​បាក់​ឌុប​នៅ​ថ្ងៃទី​២០​ខែសីហា​នេះ លីដា​បាន​ចំណាយពេល​រៀន​គួរ​ពេញ​មួយថ្ងៃ ពី​ម៉ោង​៨​ព្រឹក​រហូតដល់​ម៉ោង​៤​រសៀល​។  លីដា ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​១​ម៉ឺន​រៀល សម្រាប់តែ​ថ្លៃឈ្នួល​រៀន​គួរ​។ ផ្លាស់​មក​រៀន​គួរ​នៅ​ភ្នំពេញ​ព្រោះតែ​នាង​យល់ថា​នៅក្នុង​រាជធានី​នេះ នាង​អាច​ទទួលបាន​ចំណេះ​ច្រើន ព្រមទាំង​មានឱកាស​ឱ្យ​បង​របស់ខ្លួន ដែលជា​គ្រូបង្រៀន​ផង​នោះ បាន​បង្រៀន​បន្ថែម​។ កញ្ញា ស៊ុម លីដា បញ្ជាក់បន្ថែម​៖« ខ្ញុំ​រៀន​ខ្មែរ គណិត រូប គីមី ជីវ​។ ខ្ញុំ​រៀន​គណិត​យល់​ជាងគេ ហើយ​ខ្ញុំ​សង្ឃឹមថា ខ្ញុំ​នឹង​ប្រឡង​ជាប់ ព្រោះ​ពេល​ខ្ញុំ​រៀន​ខ្ញុំ​ធ្វើបាន​សឹង​គ្រប់មុខ​ដែរ​»​។



​ក្រសួង​អប់រំ​យុវជន​និង​កីឡា បានចាប់ផ្ដើម​រឹតបន្តឹង​គុណភាព​ប្រឡង​ចាប់ពី​ឆ្នាំ​២០១៤​មក​។ ក្នុង​ឆ្នាំ​២០១៤​នេះ​មានការ​ប្រឡង​ពីរលើក ដោយ​លើក​ទី​១​បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន​ជាង​២​ម៉ឺន​នាក់ ស្មើនឹង​ជាង​២៥​ភាគរយ បេក្ខជន​សរុប​ជិត​៩​ម៉ឺន​នាក់ និង​លើក​ទី​២​មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន​ជិត​២​ម៉ឺន​នាក់​ទៀត​។ ឆ្នាំ​២០១៥ បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន​ជិត​៥​ម៉ឺន​នាក់ ស្មើនឹង​ជាង ៥៥% ក្នុងចំណោម​បេក្ខជន​វត្តមាន​ជាង​៨​ម៉ឺន​នាក់​។ ឆ្នាំ​២០១៦ បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន​ជាង​៥​ម៉ឺន​នាក់ ស្មើនឹង​ជាង ៦២% នៃ​បេក្ខជន​វត្តមាន​ចំនួន​ជិត​៩​ម៉ឺន​នាក់​។ ឆ្នាំ​២០១៧ កន្លងទៅ សិស្ស​ប្រឡង​ជាប់​ជាង​៦៣% ក្នុងចំណោម​បេក្ខជន​ជិត​១០​ម៉ឺន​នាក់​៕


Tag:
 អប់រំ​
  បាក់​ឌុប​
© រក្សាសិទ្ធិដោយ thmeythmey.com