កីឡាជាតិ
ជាតិ
​លោក សៅ សុខា​៖ គ្មាន​អ្នកណា​ជួយ​បានឡើយ បើ​ដេក​មិន​លក់ តែ​ធ្វើជា​ដេកលក់​
14, Aug 2018 , 9:19 am        
រូបភាព
លោក សៅ សុខា និង លោក Keisuke Honda ក្នុងសន្នសីទសារព័ត៌មាននៅសណ្ឋាគារឡឺរ៉ូយ៉ាល កាលពីថ្ងៃទី១២ ខែសីហា។ រូបភាពពី FFC
លោក សៅ សុខា និង លោក Keisuke Honda ក្នុងសន្នសីទសារព័ត៌មាននៅសណ្ឋាគារឡឺរ៉ូយ៉ាល កាលពីថ្ងៃទី១២ ខែសីហា។ រូបភាពពី FFC
ដោយ:
​ដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​ឲ្យ​កាន់​រីកចម្រើន​លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រើនរំលឹក​កីឡាករ​ឲ្យ​ខិតខំ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព គោរព​វិន័យ និង​មាន​ស្មារតី​ភ្ញាក់រលឹក ពិសេស​ដឹង​ពី​តួនាទី​។ ព្រោះ​លទ្ធផល​ចាញ់​ឬ​ឈ្នះ​មិន​ពឹង​លើ​គ្រូបង្វឹក​តែ​ម្នាក់​នោះទេ គឺ​អាស្រ័យ​លើ​កីឡាករ​ខ្លួនឯង​ផ្ទាល់​។ ការ​ដាស់តឿន​បែបនេះ ធ្វើឡើង​ក្នុង​ពិធី​តែងតាំង​លោក Keisuke Honda ដែលជា​កីឡាករ​ល្បី​របស់​ជប៉ុន ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​។​



«​មុន​ឲ្យ​គេ​ជួយ កីឡាករ​ត្រូវ​ជួយ​ខ្លួនឯង​ជាមុនសិន​»​។ នេះ​ជាការ​ក្រើនរំលឹក​របស់លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដល់​កីឡាករ​តាម​បណ្តា​ក្លិប ឲ្យ​មានការ​ភ្ញាក់រលឹក ហើយ​ខិតខំ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​។ ព្រោះ​លោក​ជឿជាក់ថា ការអភិវឌ្ឍ​សមត្ថភាព​អាចមាន​ការរីកចម្រើន​ទៅបាន គឺ​អាស្រ័យ​លើ​ការខិតខំ​ព្យាយាម​ហ្វឹកហាត់​របស់​កីឡាករ  ពិសេស​ត្រូវមាន​ស្មារតី​ភ្ញាក់រលឹក និង​គោរព​វិន័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។​

​នា​ពិធី​តែងតាំង​កីឡាករ Keisuke Honda ដែលជា​តារាបាល់ទាត់​ឆ្នើម​មួយរូប​របស់​ជប៉ុន ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​ប្រធាន​សហព័ន្ធ​រូបនេះ​សង្កត់ធ្ងន់ថា​៖«​ខ្ញុំ​គិតថា បច្ចេកទេស​អន់ ឬ​ខ្សោយ​មិន​សំខាន់​នោះទេ សំខាន់​គឺ​ឆន្ទៈ​នៃ​ការលេង​។ ដូច្នេះ​កីឡាករ​ត្រូវមាន​ឆន្ទៈ​លេង​ដោយ​ខ្លួនឯង តែបើ​ចង់​លេង​ក៏បាន មិន​លេង​ក៏បាន គឺ​ពិបាក​ហើយ​។ បើ​ចង់​ឲ្យ​គេ​ជួយ យើង​ត្រូវ​ជួយ​ខ្លួនឯង​ជាមុនសិន តែបើ​យើង​មិន​ដេកលក់​សោះ ហើយ​ធ្វើ​ដេកលក់ វា​គ្មាន​អ្នកណា​អាចជួយ​យើង​បាន​នោះទេ​»​។​

​ទោះបី​យក​គ្រូ​ល្បីៗ​មក​បង្វឹក​យ៉ាងណាក៏ដោយ តែបើ​កីឡាករ​គ្មាន​ស្មារតី​ភ្ញាក់រលឹក មិន​យកចិត្តទុកដាក់​ក្នុងការ​ហ្វឹកហាត់​អភិវឌ្ឍន៍​សមត្ថភាព​ទេនោះ គឺ​មិនអាច​ទទួលលទ្ធផល​ល្អ​បានឡើយ​។ ដូច្នេះ​លទ្ធផល​ចាញ់​ឬ​ឈ្នះ វា​មិន​អាស្រ័យ​លើ​គ្រូបង្វឹក​នោះទេ គឺ​អាស្រ័យ​លើ​កីឡាករ​។ នេះ​ជាការ​បន្ថែម​របស់លោក សៅ សុខា ដែល​បាន​បន្តថា​៖«​យើង​បានដឹងហើយថា កម្ពុជា​យើង​មាន​គ្រូបង្វឹក​ប្រចាំ​ជា​អចិន្ត្រៃយ៍ ហើយ​គ្រូ​ទាំងនោះ​មកពី​កន្លែង​​ផ្សេងៗ​គ្នា គ្រូ​ខ្លះ​គេ​ល្បី​បង្ហាត់ មានកេរ្តិ៍ឈ្មោះ ប៉ុន្តែ​ពេល​មក​បង្ហាត់​ក្រុម​ជម្រើសជាតិ​កម្ពុជា​យើង គេ​មិនអាច​ទទួលបាន​លទ្ធផល​ល្អ ដូច​ការរំពឹងទុក​នោះទេ​»​។​

​តែ​យ៉ាងណា លោក សៅ សុខា រំពឹងថា តាមរយៈ​វត្តមាន​របស់​កីឡាករ Keisuke Honda នឹង​ជួយ​ឲ្យ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​កាន់​តែ​រីកចម្រើន ពិសេស​ស្តារ​ប្រជាប្រិយភាព ដែល​បាន​ធ្លាក់ចុះ​មួយរយៈ​ឲ្យ​មាន​ភាពប្រសើរ​ឡើងវិញ​។ Keisuke Honda ដែល​ចុះហត្ថលេខា​ដោយ​ស្ម័គ្រចិត្ត​រយៈពេល​ពីរ​ឆ្នាំ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹងមិន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ដោយផ្ទាល់​ទាំងអស់​នោះឡើយ​។ ពោលគឺ​រូបគេ​ធ្វើការ​តាមរយៈ Video Conference​។​

​កីឡាករ Keisuke Honda មិន​ត្រឹមតែ​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​ទូត​សុ​ឆន្ទៈ​របស់​កម្ពុជា​ទៀតផង​។ រូបគេ​នឹង​ជួយ​ផ្សព្វផ្សាយ​ពី​អរិយធម៌ វប្បធម៌ តំបន់​ទេសចរណ៍ និង​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​ទៅកាន់​ពិភពលោក​ផងដែរ​។

​យ៉ាងណាមិញ កីឡាករ Keisuke Honda បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ឲ្យ​កាន់​ឲ្យ​កាន់តែ​រីកចម្រើន ពិសេស​នឹង​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុ​ជាមាន​ទម្រង់​លេង​ថ្មី​ផ្ទាល់ខ្លួន​។ តារាបាល់ទាត់​ជប៉ុន​រូបនេះ នឹង​ទាក់ទង​ធ្វើ​ការងារ​ជាមួយ​ក្រុម​ជម្រើសជាតិ​តាម Video Conference តាមរយៈ​ក្រុមការងារ​របស់​សហព័ន្ធ​ពីរលើក​ក្នុង​មួ​យស​ប្តាហ៍៕ 


Tag:
 បាល់ទាត់​
  លោក សៅ សុខា​
  Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com