កីឡាអន្តរជាតិ
អន្តរជាតិ
Silva លា​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ដោយ «​មោទកភាព​»
14, Aug 2018 , 10:26 am        
រូបភាព
David Silva ខ្សែបម្រើ​របស់ Manchester City នៅ​ថ្ងៃទី​១៣ ខែសីហា បានប្រកាស​ចូលនិវត្តន៍​ពី​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អេ​ស្ប៉ា​ញ ក្រោយ​បង្ហាញខ្លួន​រយៈពេល​១២​ឆ្នាំ​។ មុន​ការប្រកាស​របស់ Silva មាន​មិត្ត​រួម​ជាតិ​របស់គេ​ពីររូប​ទៀត​រួមមាន Gerard Pique និង Andres Iniesta ក៏បាន​បញ្ចប់​អាជីព​ពី​ក្រុម​ជម្រើសជាតិ​ដែរ​។ នេះ​បើតាម​ការផ្សាយ​របស់ AFP​។​



Silva ដែល​បច្ចុប្បន្ន​មាន​វ័យ​៣២ ឆ្នាំ ត្រូវបាន​ជ្រើសរើស​ចូល​ជា​ជម្រើសជាតិ​ឈុត​ធំ​លើកដំបូង​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០០៦ ហើយ​បាន​ជួយ​ឲ្យ​អេ​ស្ប៉ា​ញ​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក World Cup នៅ​អាហ្វ្រិក​ខាងត្បូង​ក្នុង​ឆ្នាំ ២០១០ រួមទាំង​ឈ្នះ​ពាន​ប្រចាំ​ទ្វីបអឺរ៉ុប Euro ពីរលើក​ជាប់​គ្នា​ក្នុង​ឆ្នាំ​២០០៨ និង​២០១២​។​

«​ខ្ញុំ​ចាកចេញ​ដោយ​មោទកភាព និង​ភាពសប្បាយ​រីករាយ​ដោយ​ទទួលបាន​អនុស្សាវរីយ៍​ល្អៗ​ដូចជា​វីរបុរស​របស់​អេ​ស្ប៉ា​ញ​លោក Luis Aragones ដែល​មិនអាច​បំភ្លេចបាន​»​។ Silva និយាយ​ដូច្នេះ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​



​ខ្សែបម្រើ​កូនកាត់​ជប៉ុន​-​អេ​ស្ប៉ា​ញ​រូបនេះ​បន្ថែមថា​៖«​ខ្ញុំ​បាន​ចំណាយពេល​ជាច្រើន​ថ្ងៃ​ដើម្បី​សម្រេចចិត្ត​លើ​រឿងនេះ​។ ក្រុម​ជម្រើសជាតិ​បានផ្តល់​ឲ្យ​ខ្ញុំ​គ្រប់យ៉ាង និង​ជួយ​ខ្ញុំ​បាន​រីកចម្រើន​ក្នុងនាម​ជា​កីឡាករ​ដ៏​ល្អ​»​។​

​ការប្រកាស​របស់​អតីត​សមាជិក​ក្រុម Valencia គឺ​បន្ទាប់ពី​ការចូលនិវត្តន៍​របស់​ខ្សែការពារ Gerard Pique កាលពី​សប្តាហ៍​មុន រួមទាំង​អតីត​មិត្ត​រួម​ក្រុម Barcelona របស់គេ Andres Iniesta ដែល​បានបញ្ចប់​អាជីព​ពី​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​បន្ទាប់ពី​ទទួល​ការខកចិត្ត​ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​រុស្ស៊ី​៕



Tag:
 បាល់ទាត់​
  ចូលនិវត្តន៍​
  David Silva
  អេ​ស្ប៉ា​ញ
© រក្សាសិទ្ធិដោយ thmeythmey.com