ជាតិ
បោះឆ្នោត
មន្ត្រីគ.ជ.ប បញ្ជាក់ឡើងវិញថា លទ្ធផលផ្លូវការនៃការបោះឆ្នោត នឹងប្រកាសតាមកាលកំណត់ លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប
× ដើមឡើយ ការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អះអាងថា អាចនឹងផ្អាក ព្រោះតែមានបណ្តឹងពីគណបក្សនយោបាយ។ ប៉ុន្តែ មន្ត្រីជាន់ខ្ពស់របស់គ.ជ.ប បានបញ្ជាក់ឡើងវិញថា លទ្ធផលផ្លូវការនេះ នឹងត្រូវប្រកាសតាមកាលកំណត់ គឺនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ដោយគ្មានការផ្អាក ឬការប្រែប្រួលអ្វីឡើយ។
មូលហេតុ ដែលនាំឲ្យការប្រកាសលទ្ធផលផ្លូវការ មិនត្រូវបានផ្អាក គឺដោយសារតែបណ្តឹងរបស់គណបក្សនយោបាយ ត្រូវបានដោះស្រាយចប់សព្វគ្រប់ មុនថ្ងៃទី១៥ ខែសីហា។ មានគណបក្សតែមួយគត់ គឺគណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ ដែលបានយកបណ្តឹងទៅដាក់នៅគ.ជ.ប នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ដើម្បីសុំឲ្យរាប់សន្លឹកឆ្នោតឡើងវិញ។
តាមពិតទៅ បណ្តឹងរបស់លោក ពេជ្រ ស្រស់ មិនត្រូវបានគ.ជ.ប យកទៅដោះស្រាយអ្វីនោះទេ។ ប៉ុន្តែ លោក ពេជ្រ ស្រស់ បានសុំដកបណ្តឹងវិញដោយខ្លួនឯង នៅថ្ងៃ ដែលលោក ប្តឹងទៅគ.ជ.បតែម្តង ដោយសារតែបណ្តឹងនោះ មិនមានលក្ខណគ្រប់គ្រាន់តាមនីតិវិធី។
ក្រៅពីគណបក្សយុវជនកម្ពុជា ពុំមានគណបក្សណាផ្សេង ដែលដាក់បណ្តឹងទៅគ.ជ.ប ឡើយ។ ម្យ៉ាងទៀត វា ហួសពេលទៅហើយ សម្រាប់ការដាក់បណ្តឹងទៅគ.ជ.ប។
លោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ចាប់ពីម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែសីហានេះទៅ គឺផុតកំណត់សម្រាប់ការដាក់បណ្តឹងហើយ។ លោក សង្កត់ធ្ងន់ថា ពេលនេះ ទោះជាមានគណបក្សណា យកបណ្តឹងទៅដាក់ ក៏គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ មិនទទួលដែរ។
មន្ត្រីជាន់ខ្ពស់របស់គ.ជ.ប រូបនេះ បញ្ជាក់យ៉ាងដូច្នេះថា៖«ក្រោយគ.ជ.ប ប្រកាសលទ្ធផលបណ្តោះអាសន្ន គ្រប់គណបក្ស មានពេល៧២ម៉ោង ដើម្បីប្តឹងតវ៉ា។ ឥឡូវផុតរយៈពេល៧២ម៉ោងហើយ»។
ការប្រកាសលទ្ធផលនៃការបោះឆ្នោត មានបីដំណាក់កាល គឺបឋម បណ្តោះអាសន្ន និងផ្លូវការ។ លទ្ធផលបឋមនិងបណ្តោះអាសន្ន ត្រូវបានប្រកាសរួចរាល់ហើយ។
តួលេខនៃលទ្ធផលបឋម និងបណ្តោះអាសន្ន ស្ទើរតែដូចគ្នាទាំងស្រុង។ ការប្រកាសលទ្ធផលទាំងពីរលើកនេះ បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រខ្លាំងជាងគេ រហូតដល់ទទួលបានសន្លឹកឆ្នោតជាង ៤,៨លានឯណោះ ដែលស្មើជាង ៧៦ភាគរយ។ គេ សន្និដ្ឋាន ថា ប្រហែលជាមានតែគណបក្សនេះប៉ុណ្ណោះ ដែលទទួលបានអាសនៈក្នុងរដ្ឋសភា សម្រាប់នីតិកាលទី៦។
ពេលប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតរួចហើយ ដំណាក់កាលបន្ទាប់ គឺការប្រជុំរដ្ឋសភា និងការបង្កើតរដ្ឋាភិបាល។ តាមការគ្រោងទុក ការប្រជុំលើកដំបូងរបស់រដ្ឋសភានីតិកាលទី៦ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ហើយក្រោយមកមួយថ្ងៃ រដ្ឋាភិបាលថ្មី នឹងត្រូវបង្កើតឡើង៕
Tag:
បោះឆ្នោត
សោម សូរីដា
លទ្ធផលផ្លូវការ
© រក្សាសិទ្ធិដោយ thmeythmey.com